អ៊ីស្រាអែល-ប៉ាឡេស្ទីន-អាេមរិក

អាមេរិក​ត្រលប់​​មកផ្តល់​ជំនួយ​ដល់​ប៉ាឡេស្ទីន និង​គាំទ្រំ​គំនិត​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីន​ឯករាជ្យ

យុទ្ធនាការចាក់វ៉ាក់សាំង Pfizer ចាប់ផ្តើម​នៅមន្ទីរពេទ្យ​មួយ​ក្នុងតំបន់ហ្កាហ្សា ថ្ងៃទី ២១ មីនា ២០២១ ក្រោមកិច្ចសហការរបស់យន្តការ COVAX ។
យុទ្ធនាការចាក់វ៉ាក់សាំង Pfizer ចាប់ផ្តើម​នៅមន្ទីរពេទ្យ​មួយ​ក្នុងតំបន់ហ្កាហ្សា ថ្ងៃទី ២១ មីនា ២០២១ ក្រោមកិច្ចសហការរបស់យន្តការ COVAX ។ AP - Adel Hana

រដ្ឋាភិបាល​លោកចូ បៃដិនបានប្រកាស​ ត្រលប់មកផ្តល់ជំនួយ​ថវិកា ចំនួន២៣៥លានដុល្លារ ដល់ប៉ាឡេស្ទីន។ ស្ថិតក្នុងបរិបទវិបត្តិសេដ្ឋកិច្ច បង្កឡើងដោយ​កូវីដ​១៩ ប្រជាជន​ប៉ាឡេស្ទីន កំពុង​ជួ​ប​ប្រទះនឹងបញ្ហាខ្វះខាតជាខ្លាំង ទាំងផ្នែកសុខាភិបាល​និងសេដ្ឋកិច្ច។ ព្រមជាមួយ​គ្នានេះ លោក ប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ថា លោកគាំទ្រគំនិត ក្នុងការប្រឹងប្រែងឈានទៅទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋឯករាជ្យ។

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយថវិកា ជួយ​ដល់អង្គការ​ជួយ​ជនភៀសខ្លួន​ប៉ាឡេស្ទីន(Unrwa) ក្នុង​ទឹកប្រាក់ចំនួន១៥០លានដុល្លារ។ ចំណែក​ប្រាក់ ៧៥លានដុល្លារ នឹងត្រូវយកទៅចំណាយ​ក្នុង​ការអភិវឌ្ឍន៍សេដ្ឋកិច្ច តំបន់ស៊ីហ្សកដានី និងតំបន់ហ្កាហ្សា។ ហើយ១០លាន​ទៀត គឺចំណាយ​លើ​ផែនការ​កសាងសន្តិភាព។ អង្គការជួយជនភៀសខ្លួនប៉ាឡេស្ទីន ដែលស្ថិតក្នុង​ក្របខណ្ឌនៃអង្គការសហប្រជាជាតិ បានសម្តែងការអបអរ ចំពោះដំណឹងដ៏ល្អនេះ ខណៈដែលអង្គការនេះ កំពុងតែខ្វះថវិកាចំណាយជាខ្លាំង។​

លោក អង់តូនី ប្លីងកិន ប្រមុខការទូតសហរដ្ឋអាមេរិក បាន​លើកឡើងថា ជំនួយថវិការបស់អាមេរិក ជួយ​ប៉ាឡេស្ទីន គឺវា​ជាតម្លៃមនសិការបស់អាមេរិក។ ជំនួយនេះ មានសារៈសំខាន់ណាស់ ដើម្បី​ជួយ​​សេដ្ឋកិច្ច ជួយជីវភាព​ប្រជាជន​ប៉ាឡេស្ទីន ដែលកំពុងខ្វះខាត និងជាពិសេសនោះ គឺ​ជួយ​​ពង្រឹងស្ថិរភាព​សន្តិសុខ តាម​រយៈការ​ចរចាសន្តិសភាព​ជាមួយ​អ៊ីស្រាអែល។

ដោយឡែក លោកអគ្គរដ្ឋទូតអ៊ីស្រាអែល​ប្រចាំសហរដ្ឋអាមេរិក បាន​សម្តែងការខកចិត្ត និង​ក្តីជំទាស់​ ទៅនឹងការប្រកាសផ្តល់ជំនួយរបស់សហរដ្ឋអាមេរិកនេះ។ លោកលើកឡើងថា អាមេរិកគួរណាតែទាមទារឲ្យ​ភាគីប៉ាឡេស្ទីន ធ្វើកំណែទម្រង់ចាំបាច់សិន មុននឹងសម្រេច​ផ្តល់​ប្រាក់ជំនួយ​។

លោក​ Mohammed Shtayyeh នាយករដ្ឋមន្ត្រីនៃអាជ្ញាធរប៉ាឡេស្ទីន បាន​លើកឡើងថា ជំនួយថវិកានេះសំខាន់មែនហើយ តែអ្វីដែល​ប៉ាឡេស្ទីនទន្ទឹងរងចាំ គឺ​ការវិលត្រលប់មកវិញ នូវទំនាក់​ទំនង​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ប្រជាជន​ប៉ាឡេស្ទីន អាចសម្រេចក្តីស្រម៉ៃ ថានឹងមាន​ប្រទេសឯករាជ្យ​ ព្រោះវាជាសិទ្ធិស្របច្បាប់របស់​ប្រជាជនប៉ាឡេស្ទីន។ លោកបន្តថា លោកចង់ឃើញ​សហរដ្ឋអាមេរិក​​ ដាក់សំពាធលើអ៊ីស្រាអែល ឲ្យ​បញ្ឈប់មហិច្ឆិតាដាក់អាណានិគមលើដែនដីប៉ាឡេស្ទីន។

សូមរំលឹកថា ទំនាក់ទំនងប៉ាឡេស្ទីន និងសហរដ្ឋអាេមរិក ត្រូវបំផ្លេចបំផ្លាញទាំងស្រុង នៅក្នុងអាណត្តិលោកដូណាល់ ត្រាំ ដែល​មានទំនោរគាំទ្រអ៊ីស្រាអែលយ៉ាងចំហរ​។ នៅក្នុង​កិច្ចសន្ទនា​តាមទូរស័ព្ទ ជាមួយ​ព្រះចៅ​អាប់ដាឡាទី២របស់ហ្សកដានី កាលពីពេលថ្មីៗនេះ ​លោក ចូ បៃដិនបានបញ្ជាក់ថា លោកគាំទ្រគំនិត ​ទទួលស្គាល់​រដ្ឋប៉ាឡេស្ទីនឯករាជ្យ។ តែយ៉ាងណា សម្រាប់ពេលនេះ រដ្ឋបាលថ្មីរបស់​លោកចូ បៃដិន នៅ​មិនទាន់​បានបង្ហាញ​អំពីផែនការ​គូសវាស ដើម្បី​ដឹកនាំឲ្យ​អ៊ីស្រាអែល និងប៉ាឡេស្ទីន ចាប់ដៃចរចាគ្នាវិញនោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI