អារ៉ាប៊ីសាអូឌីត-អាមេរិក

ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីតជួលបណ្តាញបំពង់បង្ហូរប្រេងរបស់ខ្លួនក្នុងតម្លៃ ១២ ៤០០លានដុល្លារ

ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco ជួលបណ្តាញបំពង់បង្ហូរប្រេងរបស់ខ្លួនក្នុងតម្លៃ ១២ ៤០០លានដុល្លារ
ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអូឌីត Aramco ជួលបណ្តាញបំពង់បង្ហូរប្រេងរបស់ខ្លួនក្នុងតម្លៃ ១២ ៤០០លានដុល្លារ REUTERS/Hamad I Mohammed

នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត ក្រុមហ៊ុន Aramco ដែល​ជា​ក្រុមហ៊ុន​នាំ​ប្រេងឆៅ​ទី១ ក្នុង​លោក​បាន​ប្រកាស​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​បង្កើត​ក្រុមហ៊ុន​ដៃគូ​មួយ​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ឈ្មោះ ElG Global Energy Partners។ នៅ​ក្នុង​កិច្ចព្រមព្រៀង ក្រុមហ៊ុនប្រេង Aramco ទទួល​បាន​លុយ​ជិត ១២ ៤០០លានដុល្លារ​ពី​ការ​ជួល​បណ្តាញ​បំពង់​បង្ហូរប្រេង​របស់​ខ្លួន​ឲ្យ​ក្រុមហ៊ុន​ដៃគូ។ ការ​វិនិយោគ​យុទ្ធសាស្រ្ត​មួយ​នេះ​បាន​ធ្លាក់​មក​ចំ​ពេល​ដែល​រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​កំពុង​ត្រូវ​ការ​ទាក់ទាញ​ក្រុម​វិនិយោគិន​បរទេស​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ច​ចម្រុះ​របស់​ខ្លួន។

ផ្សាយពាណិជ្ជកម្ម

Aramco Oil Pipelines Company នេះ​ជា​ឈ្មោះ​ក្រុមហ៊ុន​ដៃគូ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុនប្រេង​អារ៉ាប៊ីសាអូឌីត Aramco និង​ក្រុមហ៊ុន​ថាមពល​អាមេរិក​ឈ្មោះ ElG Global Energy Partners។ នៅ​ក្នុង​ក្រុមហ៊ុន​ដៃគូ​នេះ ក្រុមហ៊ុន Aramco មាន​ភាគហ៊ុន​ចំនួន ៥១% ហើយ​ក្រុមហ៊ុន ElG Global Energy Partners មាន​ភាគហ៊ុន​ចំនួន ៤៩%។ តាម​កិច្ចព្រមព្រៀង ក្រុមហ៊ុន Aramco ដែល​បន្ត​ស្ថិត​ជា​កម្មសិទ្ធិ​លើ​បណ្តាញ​បំពុង​បង្ហូរ​ប្រេង​របស់​ខ្លួន និង​បន្ត​ជា​អ្នក​ត្រួតពិនិត្យ​បាន​ជួល​បណ្តាញ​បំពង់​បង្ហូរ​ប្រេង​ឲ្យ​ក្រុមហ៊ុន​ដៃគូ Aramco Oil Pipelines Company ក្នុង​ទឹកប្រាក់​ជិត ១២ ៤០០លានដុល្លារ​សម្រាប់​រយៈពេល ២៥ឆ្នាំ។

គេ​មិន​ដឹង​ថា តើ​មាន​ក្រុមហ៊ុន​ផ្សេង​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ដៃគូ​ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ប្រេង​អារ៉ាប៊ីសាអូឌីត និង​ក្រុមហ៊ុន​ថាមពល​អាមេរិក​នេះ​ឬ​អត់​ទេ។ នៅ​ក្នុង​រយៈពេល​ជួល​នេះ ក្រុមហ៊ុន Aramco ក៏​អាច​បន្ត​ប្រើប្រាស់​បណ្តាញ​បំពង់​បង្ហូរ​ប្រេង​របស់​ខ្លួន​ដើម្បី​បញ្ជូន​ប្រេងឆៅ​បាន​ដែរ តែ​ត្រូវ​បង់​ថ្លៃ​ប្រើប្រាស់​ដោយ​គ្មាន​កំណត់​ចំនួន​បរិមាណ​ប្រេង​ដែល​បញ្ជូន។ យ៉ាង​ណា​ក៏​ដោយ កិច្ចព្រមព្រៀង​ដៃគូ​នេះ​ពិត​ជា​ដំណឹង​ល្អ​សម្រាប់​ក្រុមហ៊ុន​ប្រេង​អារ៉ាប៊ីសាអូឌីត Aramcon និង​រដ្ឋាភិបាល​អារ៉ាប៊ីសាអូឌីត ពិសេស​រាជទាយាទ​បេន សាលម៉ាន។

ជា​ដំណឹង​ល្អ​សម្រាប់​រាជទាយាទ​បេន សាលម៉ាន ព្រោះ​ព្រះអង្គម្ចាស់​កំពុង​ត្រូវ​ការ​លុយ​ដើម្បី​ចំណាយ​លើ​មហាគម្រោង​សេដ្ឋកិច្ច​ក្នុង​វិស័យ​ផ្សេង​ទៀត​ក្រៅ​ពី​ប្រេង។ ចូរ​កុំ​ភ្លេច​ថា រាជាណាចក្រ​ជង្រុក​ប្រេង​ដែល​សេដ្ឋកិច្ច​បាន​ពឹង​ខ្លាំង​លើ​ចំណូល​ពី​ការ​លក់​ប្រេង​កំពុង​ជួប​ការ​លំបាក​ដោយសារ​តម្លៃប្រេង​ធ្លាក់​ថ្លៃ និង​វិបត្តិ​កូវីដ១៩។ ជា​ដំណឹង​ល្អ​សម្រាប់​ក្រុមហ៊ុន Aramco ព្រោះ​តាំង​ពី​តម្លៃប្រេង​បាន​ធ្លាក់​ថ្លៃ ក្រុមហ៊ុន​អារ៉ាប៊ីសាអូឌីត​នាំ​ប្រេងឆៅ​ចេញ​ទី១ ក្នុង​លោក​មួយ​នេះ​បាន​ខាង​បង់​ទឹកប្រាក់​ជិត ៥០ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០២០។ តាម​ក្រុមហ៊ុន Aramco កិច្ចព្រមព្រៀង​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​អាមេរិក​ពេល​នេះ​ជា​កិច្ចព្រមព្រៀង​ប្រេង​មួយ​ដ៏​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI