នុយក្លេអ៊ែរអ៊ីរ៉ង់

អ៊ីរ៉ង់សាកល្បង​​ឧបករណ៍​​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ជំនាន់ថ្មីដែលអន្តរជាតិ​ហាម​ឃាត់​

ប្រធានាធិបតី​អ៊ីរ៉ង់​ប្រកាស​សម្ពោធ​ឱ្យ​ប្រើប្រាស់​និង​ធ្វើ​តេស្ត​ឧបករណ៍​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​ជំនាន់​ចុងក្រោយ
ប្រធានាធិបតី​អ៊ីរ៉ង់​ប្រកាស​សម្ពោធ​ឱ្យ​ប្រើប្រាស់​និង​ធ្វើ​តេស្ត​ឧបករណ៍​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​ជំនាន់​ចុងក្រោយ © AFP / Iranian Presidency

នៅ​ថ្ងៃ​សៅរ៍​ទី ១០​មេសា ២០២១​នេះ អ៊ីរ៉ង់​ បាន​ដាក់​ឱ្យ​ដំណើរ​ឬ ចាប់​ផ្តើម​ធ្វើ​តេស្ត​ឧបករណ៍​​ចម្រើន​​ធាតុអ៊ុយរ៉ានីញ៉ូម​ជំនាន់​ថ្មី​ ជាង​មួយ​រយ​គ្រឿង។ ដែល​ ​ហាមឃាត់មិន​ឱ្យ​ប្រើប្រាស់​ដោយ​​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អន្តរជាតិ​ឆ្នាំ​២០១៥ ឧបករណ៍​​ទំនើបជំនាន់​ថ្មី​នេះ អាច​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​បាន​លឿន និងក្នុង​បរិមាណ​​ច្រើនខ្លាំង​​ជាង​ ឧបករណ៍​ចម្រើន​ធាតុ​ជំនាន់​ទី​មួយ​ឆ្ងាយ​ណាស់។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សុន្ទរកថាតាមវីដេអូ ចាក់ផ្សាយ​បន្ត​​ផ្ទាល់​តាមកញ្ចក់ទូរទស្សន៍​ជាតិ លោក​ប្រធានាធិបតី​​អ៊ីរ៉ង់​ហាសាន់ រ៉ូហានី បានប្រកាសបើក​សម្ពោធ​ជា​ផ្លូវការ​ការ​ដាក់​ឱ្យ​ដំណើរការផលិកម្ម​​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម បណ្តាញ​ឧបករណ៍​ចម្រើន​ធាតុ  ​១៦៤ម៉ាស៊ីន ហៅកាត់​ថា​ IR-6 ​នៅក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Natanz និងបណ្តាញ​ ឧបករណ៍​ចម្រើនធាតុ​​ឧស្ម័ន​អ៊ុយរ៉ានីញ៉ូម ៣០ ហៅ​​ ​ IR-5 ព្រមទាំង​ប្រកាស​​​ធ្វើ​តេស្ត​សាកល្បងដំណើរការ​របស់​ឧបករណ៍​​​ចម្រើនធាតុអ៊ុយរ៉ានីញ៉ូម​ជំនាន់​ថ្មី​ចុងក្រោយ​បំផុត IR-9​ទៀត​។

ឧបករណ៍ទាំង​អស់​នេះ សុទ្ធ​តែ​អាច​​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូមបាន​លឿនហើយ​ក្នុង​បរិមាណ​​ច្រើន​ជាង​ឧបករណ៍​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ជំនាន់​ទី​មួយ ឆ្ងាយ​ណាស់។ បើ​តាម​អ្នក​ជំនាញ​វិស្វកម្មនៃអង្គការថាមពល​បរមាណូ​អ៊ីរ៉ង់ ឧបករណ៍ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​ជំនាន់​ថ្មី IR-6 និង​ IR-9 មាន​សមត្ថភាព​​ចម្រើនធាតុ​អ៊ុយរ៉ានីញ៉ូម​បាន​ច្រើន​ជាង១០​ និង​៥០ដងលើស​ឧបករណ៍​ជំនាន់​ទីមួយដែល​​​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរអន្តរជាតិ​ក្រុង​វីយ៉ែន​ឆ្នាំ​២០១៥ បានចែង​​អនុញ្ញាត​ឱ្យ​អ៊ីរ៉ង់​ប្រើ។ ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ក៏​បានកំណត់​ឱ្យ​អ៊ីរ៉ង់​អាចធ្វើ​តេស្ត​សាកល្បង​ឧបករណ៍​ចម្រើនធាតុ​អុយរ៉ានីញ៉ូម ប្រភេទ​ IR-4 និង​ IR-5 និង​ក្នុង​ចំនួន​មាន​កំណត់​ទៀត និង​ហាមឃាត់​មិន​ឱ្យ​អ៊ីរ៉ង់​ធ្វើការ​សាកល្បង​ឧបករណ៍​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូមជំនាន់​ក្រោយ​ទេ។

បើ​តាម​លោក​ប្រធានាធិបតី​រ៉ូហានី ​ថ្ងៃ​សៅរ៍​ទី ១០​មេសា​នេះ ជា​ទិវា​បច្ចេកវិទ្យានុយក្លេអ៊ែរ​ជាតិ ហើយ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​មាន​ទិសដៅ​សន្តិនិយម​សុទ្ធសាធ។ ប៉ុន្តែ​សេចក្តី​ប្រកាស​ ​នេះ ផ្ទុយ​ស្រលះ​នឹង​អ្វី​ដែល​​អ៊ីរ៉ង់ព្រមព្រៀង​ជាមួយ​អន្តរជាតិ និង​បាន​ធ្លាក់​មកចំពេលអ៊ីរ៉ង់​កំពុង​មាន​​កិច្ចពិភាក្សា ​នៅ​ទីក្រុង​វីយ៉ែន​ប្រទេស​អូទ្រីសជាមួយ​​ក្រុម​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ (បារាំង អាល្លឺម៉ង់ អង់គ្លេស​ រុស្ស៊ី និង​ចិន) រក​វិធី​បញ្ចូល​អាមេរិក​មក​ក្នុង​ក្រុម​វិញ។ ការ​ពិភាក្សា​ដែលមាន​លទ្ធផល​បែបស្ថាបនាផង។ ជាង​នេះទៅ​ទៀត ​កាលពី​ថ្ងៃ​សុក្រ ទី ៩ មេសា អ្នកទទួលខុស​ត្រូវ​អាមេរិក​ បាន​ប្រកាស​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​វ៉ាស៊ីនតោន​បាន​ផ្តល់​សំណើ ដោយ​ប្រយោល យ៉ាង​​​ច្បាស់​លាស់​មួយដល់​អ៊ីរ៉ង់​ សម្រាប់​ផ្តល់​សន្ទុះ​ដល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​​អ៊ីរ៉ង់​​ឡើង​វិញ និង​​រង់​ចាំ​កាយវិការ​ដូច​គ្នាមកពី​ខាងអ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI