អ៊ីស្រាអែល-អាមេរិក

ទស្សនកិច្ចលើកទី១ របស់រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅអ៊ីស្រាអែលដើម្បីជជែកពីបញ្ហាអ៊ីរ៉ង់

ប្រមុខការពារជាតិអាមេរិកលោកឡយដ៍ អូស្ទីន (រូបឆ្វេង) និង​សមភាគីអ៊ីស្រាអែលលោកបេននី ហ្កង់ ថ្ងៃទី១១ មេសា ឆ្នាំ ២០២១។
ប្រមុខការពារជាតិអាមេរិកលោកឡយដ៍ អូស្ទីន (រូបឆ្វេង) និង​សមភាគីអ៊ីស្រាអែលលោកបេននី ហ្កង់ ថ្ងៃទី១១ មេសា ឆ្នាំ ២០២១។ © dr

រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​បាន​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​អាទិត្យ ទី១១ មេសា​ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល ២ថ្ងៃ។ នេះ​ជា​លើកទី១ ដែល​មាន​អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​អាមេរិក​ម្នាក់​ក្នុង​រដ្ឋបាល​របស់​លោក​ចូ បៃដិន​បាន​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល។ គោលដៅ​នៃ​ទស្សនកិច្ច គឺ​ដើម្បី​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ បើ​តាម​ក្រសួង​ការពារជាតិ​អាមេរិក បន្ទាប់​ពី​អ៊ីស្រាអែល លោក​ឡយដ៍ អូស្ទីន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ប្រទេស​អឺរ៉ុប​មួយ​ចំនួន មាន​អាល្លឺម៉ង់ អង់គ្លេស និង​ប្រទេស​បែលហ្សិក។

ផ្សាយពាណិជ្ជកម្ម

គ្រាន់​តែ​បាន​ដាក់​ជើង​ជាន់​ទឹកដី​អ៊ីស្រាអែល​ភ្លាម ប្រមុខ​ការពារជាតិ​អាមេរិក​លោក​ឡយដ៍ អូស្ទីន​ត្រូវ​បាន​ទទួល​ជួប​ដោយ​សមភាគី​អ៊ីស្រាអែល​លោក​បេននី ហ្កង់​នៅ​ក្រសួង​ការពារជាតិ។ កម្មវិធី​បន្ទាប់​របស់​លោក​ឡយដ៍ អូស្ទីន គឺ​ចូល​ជួប​នាយករដ្ឋមន្រ្តី​​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ ឬ​មួយ​ទៅ​ទស្សនកិច្ច​នៅ​មូលដ្ឋាន​យោធា​នេវ៉ាទីម​នៅ​ប៉ែកខាងត្បូង​ប្រទេស។ នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ប្រធានបទ​សំខាន់​ដែល​ប្រមុខ​ការពារជាតិ​អាមេរិក​ជជែក​ជាមួយ​អ៊ីស្រាអែល។ ការ​ជជែក​លើ​ប្រធានបទ​មួយ​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ទន្ទឹម​គ្នា​នឹង​ទស្សនកិច្ច​របស់​លោក​ឡយដ៍ អូស្ទីន​នៅ​អ៊ីស្រាអែល កិច្ចប្រជុំ​ស្តីពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ កំពុង​រៀបចំ​ធ្វើ​នៅ​ក្នុង​ទីក្រុង​វីយែន ប្រទេស​អូទ្រីស។

តាម​ពិត​ទៅ អ៊ីស្រាអែល​ដែល​ជា​សត្រូវ​ស៊ូពូជ​នឹង​អ៊ីរ៉ង់​តែង​ប្រឆាំង​នឹង​គ្រប់​កិច្ចព្រមព្រៀង​ដែល​សហគមន៍​អន្តរជាតិ​ចរចា​ជាមួយ​អ៊ីរ៉ង់​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ។ ខុស​ពី​សហគមន៍​អន្តរជាតិ អ៊ីស្រាអែល​ដែល​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​ស្វែង​រក​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ​បាន​មើល​ឃើញ​ថា គ្រប់​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ជា​ការ​បើក​ផ្លូវ​ឲ្យ​អ៊ីរ៉ង់​ធ្វើ​ការ​អភិវឌ្ឍន៍​អាវុធ​នុយក្លេអ៊ែរ។ ការ​មើល​ឃើញ​នេះ​ត្រូវ​បាន​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​លោក​នេតាន់យ៉ាហ៊ូ​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ ទី៧ មេសា។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​អាល្លឺម៉ង់ ចិន រុស្ស៊ី បារាំង អង់គ្លេស អ៊ីរ៉ង់ និង​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​លោក​អូបាម៉ា។

តែ​ក្នុង​ឆ្នាំ ២០១៨ អតីត​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​វិញ និង​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​ថ្មី​លើ​អ៊ីរ៉ង់។ ជា​ការ​ឆ្លើយ​តប​នឹង​លោក​ត្រាំ​កាល​ណោះ អ៊ីរ៉ង់​បាន​ផ្តើម​ឈប់​គោរព​កិច្ចសន្យា​មួយ​ចំនួន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង។ បន្ទាប់​មក ប្រធានាធិបតី​អាមេរិក​សព្វថ្ងៃ​លោក​បៃដិន​បាន​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​នាំ​អាមេរិក​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​ឡើង​វិញ។ តែ​ការ​ត ថ្លៃ​រវាង​អាមេរិក និង​អ៊ីរ៉ង់​កំពុង​បន្ត​មាន​ដោយ​នៅ​ម្ខាង អ៊ីរ៉ង់​បាន​ទាមទារ​ឲ្យ​អាមេរិក​ដកទណ្ឌកម្ម​ចេញ​មុន ទើប​ខ្លួន​វិល​ទៅ​គោរព​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​ឡើង​វិញ ហើយ​នៅ​ម្ខាង​ទៀត អាមេរិក​ក៏​បាន​ទាមទារ​ឲ្យ​អ៊ីរ៉ង់​គោរព​កិច្ចព្រមព្រៀង​ត្រឹមត្រូវ​មុន ទើប​ខ្លួន​ដក​ទណ្ឌកម្ម​ចេញ​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI