IMF៖ប្រទេសអារ៉ាប់ដែលចាក់វ៉ាក់សាំងបានច្រើននឹងមានស្ថានភាពសេដ្ឋកិច្ចដូចមុនផ្ទុះកូវីដ១៩ នៅឆ្នាំ ២០២២

លោក Jihad Azour នាយក IMF ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល
លោក Jihad Azour នាយក IMF ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាស៊ីកណ្តាល AFP - ALI KHALIL

អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី១១ មេសា​ថា មជ្ឈិមបូព៌ា និង​អាហ្រ្វិកខាងជើង​ដែល​មាន​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ច្រើន​នឹង​ស្គាល់​ស្ថានភាព​សេដ្ឋកិច្ច​ដូច​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩ នៅ​ឆ្នាំ ២០២២ ខាង​មុខ។ ការ​ព្យាករ​របស់ IMF នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​ការ​ព្យាករ​លើ​កំណើន​សេដ្ឋកិច្ច​តំបន់​សម្រាប់​ឆ្នាំ ២០២១។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ ក្រុម​ប្រទេស​អារ៉ាប់​បាន​ស្គាល់​អត្រា​ផលិផល​សរុប​ក្នុង​ស្រុក​ធ្លាក់​ចុះ​ដល់​ទៅ ៣,៥% ក្រោម​សូន្យ​ដោយសារ​តែ​តម្លៃ​ប្រេង​ធ្លាក់​ចុះ និង​វិធានការ​រឹតបន្តឹង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាន​នៃ​ជំងឺ​កូវីដ១៩។

ផ្សាយពាណិជ្ជកម្ម

នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្រុម​ប្រទេស​អារ៉ាប់​នៅ​ក្នុង​តំបន់​ដែល​នៅ​ឆ្នាំ ២០២២ ខាង​មុខ ពួក​គេ​អាច​មាន​ស្ថានភាព​សេដ្ឋកិច្ច​ដូច​ដែល​ធ្លាប់​ស្គាល់​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩។ តែ​ដើម្បី​អាច​ឈាន​ដល់​គោលដៅ​មួយ​នេះ​បាន ក្រុម​ប្រទេស​អារ៉ាប់​ទាំង​នោះ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩ លើ​ប្រជាជន​ខ្លួន​ឲ្យ​បាន​ច្រើន។ តាម​ការ​ព្យាករ​របស់ IMF សម្រាប់​ឆ្នាំ ២០២១ នេះ ក្រុម​ប្រទេស​អារ៉ាប់​អាច​មាន​កំណើន​សេដ្ឋកិច្ច​ចំនួន ៤% ពោល​កើន​ថៃម​មួយ​ពិន្ទុ បើ​ធៀប​នឹង​ការ​ព្យាករ​លើក​មុន។

សម្រាប់​ក្រុម​ប្រទេស​ជង្រុកប្រេង​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ត្រូវ​បាន IMF មើល​ឃើញ​ថា កំណើន​សេដ្ឋកិច្ច​នឹង​កើន​បន្ថែម​ចំនួន ២,៥% ទៀត បើ​ក្រុម​ប្រទេស​ជង្រុកប្រេង​ទាំង​នេះ​ចាក់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ខ្លួន​បាន​ច្រើន។ តាម IMF ក្រុម​ប្រទេស​អ្នក​មាន​ប្រេង​ទាំង​នេះ​នឹង​ស្គាល់​ស្ថានភាព​ប្រក្រតី​ឡើង​វិញ​នៅ​ឆ្នាំ ២០២២។ ដោយឡែក ក្រុម​ប្រទេស​ផ្សេង​ទៀត​នៅ​មជ្ឈិមបូព៌ា និង​អាហ្រ្វិកខាងជើង​ដែល​ខ្វះ​វ៉ាក់សាំង ទទួល​វ៉ាក់សាំង​យឺតយ៉ាវ មាន​ជម្លោះ​នយោបាយ និង​ជួប​ការ​លំបាក​សេដ្ឋកិច្ច​អាច​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០២៣ ទើប​មាន​ស្ថានភាព​សេដ្ឋកិច្ច​ដូច​ដែល​គេ​ធ្លាប់​ស្គាល់​នៅ​មុន​ផ្ទុះ​វិបត្តិ​កូវីដ១៩។

លីបង់​ដែល​ជា​ប្រទេស​កំពុង​ផុងជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច សង្គម និង​នយោបាយ​ត្រូវ​បាន IMF ព្យាករ​ថា ជា​ប្រទេស​តែ​មួយ​គត់​ដែល​នឹង​មិន​ទាន់​អាច​ងើប​ពី​វិបត្តិ​នៅ​ឆ្នាំ ២០២១ នេះ​បាន​ទេ។ គួរ​រម្លឹក​ថា​ក្នុង​ឆ្នាំ ២០២០ លីបង់​បាន​ចរចា​ជាមួយ IMF ដើម្បី​សុំ​ជំនួយ​ពី IMF តែ​បាន​ទទួល​បរាជ័យ។ លោក Jihad Azour នាយក IMF ប្រចាំ​តំបន់​មជ្ឈិមបូព៌ា និង​អាស៊ីកណ្តាល​បាន​ថ្លែង​ថា ខណៈ​ដែល​លីបង់​នៅ​មិន​ទាន់​មាន​រដ្ឋាភិបាល​មួយ​ពិត​ប្រាកដ វា​ជា​រឿង​លំបាក​ខ្លាំង​ណាស់​សម្រាប់ IMF ក្នុង​ការ​ជួយ​លីបង់​នៅ​លើ​ផ្នែក​ផ្សេង ក្រៅ​ពី​ជំនួយ​បច្ចេកទេស និង​ការ​គាំទ្រ​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI