អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត

កាសែត​The Financial Times​ អះអាង​ថា អ៊ីរ៉ង់ ​និង​អារ៉ាប៊ីសាអូឌីត ស្កាត់​ជួប​​ចរចាគ្នា

ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន ដែលស្ថិតក្រោមការទំនុកបំរុងរបស់​អ៊ីរ៉ង់។ ថ្ងៃទី ២៥ មករា ២០២១
ក្រុមឧទ្ទាមហ៊ូទី នៅយេម៉ែន ដែលស្ថិតក្រោមការទំនុកបំរុងរបស់​អ៊ីរ៉ង់។ ថ្ងៃទី ២៥ មករា ២០២១ AP - Hani Mohammed

យោងតាមការចុះផ្សាយ​របស់​កាសែត The Financial Times បាន​ឲ្យដឹងថា តំណាងរដ្ឋាភិបាល​អ៊ីរ៉ង់ និង​ អារ៉ាប៊ីសាអូឌីត បាន​ជួប​ចរចាគ្នាដោយ​ផ្ទាល់ នៅដើមខែមេសានេះ ដើម្បី​រកវិធីស្តារឡើងវិញនូវទំនាក់ទំនងរវាង​ប្រទេសទាំង២។ ទោះយ៉ាងណា មិនទាន់មានការបញ្ជាក់ជាផ្លូវការ ពីតំណាងរដ្ឋាភិបាល​ប្រទេសទាំង២នេះទេ។ សូមរំលឹកថា អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត គឺជា​គូប្រជែងឥទ្ធិពលសាសនាអ៊ីស្លាម ដ៏ធំទាំង២ នៅតំបន់ដើមបូព៌ា។

ផ្សាយពាណិជ្ជកម្ម

សារព័ត៌មានអង់គ្លេស The Financial Times បាន​ចុះផ្សាយ​ថា តំណាងរដ្ឋាភិបាល​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត បានជួប​និយាយគ្នាដោយ​ផ្ទាល់ នៅទីក្រុងបាកដាដ កាលពីថ្ងៃ​ទី​៩មេសា។ កម្មវត្ថុនៃការជជែកគ្នានេះ គឺដើម្បីរកដំណោះស្រាយ​ ក្នុងសំណុំរឿងសង្រ្គាមនៅយេម៉ែន និង ដើម្បី​ស្តារទំនាក់ទំនង រវាងប្រទេសទាំង២ឡើងវិញ បន្ទាប់ពី​ចំណងការទូត ត្រូវបាន​កាត់ផ្តាច់ អស់រយៈពេលជាង​៤ឆ្នាំមកនេះ។

យ៉ាងណាក៏ដោយ បណ្តាញព័ត៌មាន Reuters អះអាងថា មិនអាចសុំការបញ្ជាក់ណាមួយ ពីសំណាក់មន្ត្រីផ្លូវការ តំណាងរដ្ឋាភិបាល​ប្រទេសទាំង​២ទេ ថាពិតជាមានការស្កាត់ជួប​និយាយគ្នា នេះមែនឬក៏អត់។ ដោយឡែក កាសែត The Financial Times បាន​លើកឡើងថា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានបដិសេធ ថាអ៊ីរ៉ង់ មិនបាន​ជួប​ជជែកជាមួយ​ភាគីតំណាងអារ៉ាប៊ីសាអូឌីតទេ។

គួររំលឹកថា អារ៉ាប៊ីសាអូឌីត និង អ៊ីរ៉ង់ គឺជាគូប្រជែង​និកាយធំៗទាំង២ របស់សាសនាអ៊ីស្លាម។ អ៊ីរ៉ង់ជាមេឥទ្ធិពលធំនៃ​និកាយ​ឈីអ៊ីត រីឯអារ៉ាប៊ីសាអូឌីត គឺជា​ប្រមុខដឹកនាំនិកាយ​ស៊ូនីត។ នៅឆ្នាំ២០១៦ អារ៉ាប៊ីសាអូឌីត បានកាត់ទោសប្រហារជីវិត មគុទេសន៍អ៊ីស្លាមឈីអ៊ីតដ៏សំខាន់ម្នាក់ ដែល​ប្រការនេះ បាន​បង្កឲ្យ​មានបាតុកម្មតវ៉ា ដុតកម្ទេចស្ថានទូតអារ៉ាប៊ីសាអូឌីត នៅទៅក្រុងតេអេរ៉ង់។ ប្រទេសទាំងពីរបានផ្តាច់ចំណងការទូតទាំងស្រុង រវាងគ្នា។ ដូចគ្នាដែរ សង្រ្គាមនៅយេម៉ែន ក៏ជា​ផលវិបាកមួយ កើតចេញពី ការប្រជែងឥទ្ធិពលគ្នា រវាង​អ៊ីរ៉ង់និង អារ៉ាប៊ីសាអូឌីតដែរ។

អ្នកវិភាគមួយចំនួន​ អះអាងថា ស្ថិរភាព​តំបន់តំបន់ដើមបូព៌ាទាំងមូល គឺរំពឹងទាំងស្រុង ទៅលើ​ភាពត្រូវគ្នា ឬការប្រឈមមុខដាក់គ្នា រវាងប្រទេសទាំង២នេះ។ ជាងនេះទៀត ប្រទេសទាំង២សុទ្ធតែជាប្រទេសផលិតប្រេងឆៅដ៏ធំ ហើយ​ស្ថិតនៅអមច្រកសមុទ្រអកម៉ូស ដែលជា​ច្រកនាំប្រេងឆៅចេញចំនួន​៨០% នៃទីផ្សារពិភពលោក។ ដូច្នេះ​ តំបន់ដើមបូព៌ា និងពិភពលោកទាំងមូល មានតែចំណេញ ប្រសិនបើប្រទេសទាំង២នេះ ខិតចូលចាប់គ្នាមែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI