អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត

មន្ត្រីអ៊ីរ៉ាក់​អះអាង​ថា តំណាង​រដ្ឋាភិបាល​​អ៊ីរ៉ង់ និង​អារ៉ាប៊ីសាអូឌីត ពិតជា​បាន​ជួប​​និយាយ​គ្នា​មែន​

ក្រុមឧទ្ទាមហ៊ូទី នៅក្រុងសាណា រដ្ឋធានីយេម៉ែន ថ្ងៃទី ១៦ កុម្ភៈ ២០២១
ក្រុមឧទ្ទាមហ៊ូទី នៅក្រុងសាណា រដ្ឋធានីយេម៉ែន ថ្ងៃទី ១៦ កុម្ភៈ ២០២១ AP - Hani Mohammed

២ថ្ងៃក្រោយ​ការចុះផ្សាយ របស់​សារព័ត៌មានអង់គ្លេស The Financial Times ដែលថា តំណាងរដ្ឋាភិបាល​អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានជួប​និយាយគ្នា​ដើម្បី​ស្តារទំនាក់ទំនងឡើងវិញនោះ គឺ​នៅថ្ងៃចន្ទទី​១៩មេសាម្សិលមិញ មន្ត្រីរដ្ឋាភិបាល​អ៊ីរ៉ាក់ បានអះអាងថា ពិតជាមានជំនួប​នោះមែន​ កាលពីដើមខែមេសា នៅ​ទីក្រុងបាកដាដ។ ជាជំនួប ដែល​រដ្ឋាភិបាលអ៊ីរ៉ាក់ ជាអ្នកដើរតួជាអ្នកសម្របសម្រួល រៀបចំឲ្យ​អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់អាចភ្ជាប់ទំនាក់ទំនងនឹងគ្នាវិញ ហើយ​វាក៏អាចហុចផលវិជ្ជមាន​មកឲ្យអ៊ីរ៉ាក់ដែរ។

ផ្សាយពាណិជ្ជកម្ម

មន្ត្រីរដ្ឋាភិបាល​អ៊ីរ៉ាក់ម្នាក់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន​បារាំង AFP ថាពិតជាមានជំនួប​ស្ងាត់ៗ រវាង​តំណាងរដ្ឋាភិបាលអ៊ីរ៉ង់ និង​តំណាងអារ៉ាប៊ីសាអូឌីតពិតមែន កាលពីដើមខែ​មេសា នៅឯទីក្រុង​បាកដាដ។ គណប្រតិភូ​អារ៉ាប៊ីសាអូឌីត ដឹកនាំដោយ​លោក​ប្រធាន​ក្រុម​ស៊ើបការសំងាត់ Khalid ben Ali al-Humaidan។ ចំណែក​ភាគីអ៊ីរ៉ង់វិញ ត្រូវបាន​បញ្ជូន​មកដោយ រដ្ឋលេខាធិការអ៊ីរ៉ង់ ទទួលបន្ទុកសន្តិសុខជាតិ Ali Chamkhani។ ដោយឡែក មន្ត្រីទូត​បញ្ចឹមប្រទេសម្នាក់ ក៏បានទទួលដំណឹងនេះជាមុនដែរ។

ប្រភពដដែលអះអាងថា ជំនួប​នេះ គឺ​ជា​ការបោះជំហាន ដើម្បីឈានទៅ​ភ្ជាប់ស្ពានទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីបានកាត់ផ្តាច់ទាំងស្រុង នៅឆ្នាំ២០១៦។ វាក៏ជាឱកាស ដែល​បានបើកផ្លូវឲ្យ​ភាគីទាំង២ និយាយគ្នាត្រង់ទៅត្រង់មក ទាក់ទិននឹង​ដំណោះស្រាយ​​សង្រ្គាម​នៅយេម៉ែន។

សូមបញ្ជាក់ថា ដំណឹងនេះ គឺជាពន្លឺនៃក្តីសង្ឃឹមមួយ សម្រាប់តំបន់ដើមបូព៌ា និងជាពិសេសសម្រាប់អ៊ីរ៉ាក់​ផ្ទាល់តែម្តង។ ជាច្រើនទសវត្សមកហើយ ដែលអ៊ីរ៉ាក់ ត្រូវមហាអំណាចតំបន់ទាំង២ នេះ​ ប្រទាញដណ្តើមគ្នាជះឥទ្ធិពល។ ការខិតចូលផ្តើមនិយាយគ្នានេះ​ គឺជាលទ្ធផល​ នៃការប្រឹងប្រែង​​របស់រដ្ឋាភិបាលថ្មីអ៊ីរ៉ាក់ ដឹកនាំដោយ​ លោក Moustafa al-Kazimi។ លោក Moustafa al-Kazimi ត្រូវគេដឹងថា មានទំនាក់ទំនងល្អជាមួយ​មន្ត្រីអ៊ីរ៉ង់ខ្លះ។ តែទន្ទឹមនឹងនេះ លោកជា​អ្នកស្គាល់គ្នាស្និទស្នាល នឹងព្រះអង្គម្ចាស់ ម៉ូហាម៉េដ បេនសាល់មាន់។ ដោយសារទំនាក់ទំនងនេះ អារ៉ាប៊ីសាអូឌីត បាន​​សន្យា​ចំណាយ​ប្រាក់​៣ពាន់លានដុល្លារ ដើម្បីវិនិយោគ​នៅអ៊ីរ៉ាក់ ក្នុង​វិស័យអគ្គិសនី ទឹកស្អាត មន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់ជាដើម។

ទាក់ទិននឹងបញ្ហាសង្រ្គាម​យេម៉ែន​វិញ លោក​ Adel Bakawan អ្នកជំនាញនៅវិទ្យាស្ថានសិក្សា​ស្រាវជ្រាវតំបន់មេឌីទែរ៉ាណេ និង​មជ្ឈឹមបូព៌ា (iReMMO) បានលើកឡើងថា អារ៉ាប៊ីសាអូដីត ដឹងខ្លួន​ ថាកំពុងទាល់ច្រក មិនអាចយកឈ្នះ​ក្រុមឧទ្ទាមហ៊ូីទី នៅយេម៉ែនទេ។ អារ៉ាប៊ីសាអូឌីត ដឹងច្បាស់ថា អ៊ីរ៉ង់ អាច​ជួយ​ឲ្យ​មានសន្តិភាពនៅយេម៉ែន ហើយ​ក៏អាចធ្វើ​ឲ្យសង្រ្គាមនៅតែ​បន្តដែរ។​ ហេតុដូច្នេះហើយ បានជាអារ៉ាប៊ីសាអូឌីត គ្មានជំរើសផ្សេង ក្រៅពីចរចាជាមួយអ៊ីរ៉ង់ដោយ​ផ្ទាល់នោះទេ។

យ៉ាងណាក៏ដោយ លោក Adel Bakawan បានទទួលស្គាល់ថា ផ្លូវដើរនៅវែងឆ្ងាយ​ទៀតណាស់ ទំរាំ​​អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ អាចមើលមុខគ្នាឲ្យចំ ដោយ​ក្តីទុកចិត្តគ្នាទៅវិញទៅមក។ មានសំណុំរឿងរសើបជាច្រើន ដែលម្នាក់ៗទាមទារ។ សម្រាប់អ៊ីរ៉ង់គឺបញ្ហាអាយុជីវិតអ្នកកាន់សាសនាអ៊ីស្លាម​ឈីអ៊ីត​ រស់​នៅ​អារ៉ាប៊ីសាអូឌីត។ សម្រាប់អារ៉ាប៊ីសាអូឌីតវិញ គឺ​បញ្ហានុយក្លេអ៊ែរ បញ្ហា​កងកម្លាំង​​ដៃជើងអ៊ីរ៉ង់ នៅលីបង់ នៅយេម៉ែន និងស៊ីរីជាដើម។ គឺចំណុចរសើបច្រើនទាំងនេះហើយ ដែលបានធ្វើឲ្យ​ភាគីទាំង២ លាក់លៀម​ មិនសូវចង់បើក​ចំហរការជួបនិយាយគ្នានេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI