នុយក្លេអ៊ែរអ៊ីរ៉ង់

នុយក្លេអ៊ែរអ៊ីរ៉ង់៖ ប្រទេស​ហត្ថលេខី​ព្យាយាម​ចរចា សង្ឃឹម​បាន​លទ្ធផល​ មុន​ការ​បោះឆ្នោត​នៅអ៊ីរ៉ង់

ច្រកចូលសណ្ឋាគារ នៅទីក្រុងវីយែន​ប្រទេសអូទ្រីស ជាទីដែល តំណាង​ប្រទេសហត្ថលេខី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជួបចរចាគ្នា។ ថ្ងៃទី ៧ ឧសភា ២០២១
ច្រកចូលសណ្ឋាគារ នៅទីក្រុងវីយែន​ប្រទេសអូទ្រីស ជាទីដែល តំណាង​ប្រទេសហត្ថលេខី​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ជួបចរចាគ្នា។ ថ្ងៃទី ៧ ឧសភា ២០២១ © AFP

ក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ បាន​បើកការប្រជុំ ជុំទី​៤ កាលពីថ្ងៃសុក្រទី​៧ឧសភា នៅទីក្រុងវីយែន ដើម្បីព្យាយាមរកចំណុចស្របគ្នា​ រវាងភាគី​អ៊ីរ៉ង់ និង​ សហរដ្ឋអាមេរិក ហើយ​ឈានទៅស្រោចស្រង់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ប្រភពការទូតអឺរ៉ុប​ បានលើកឡើងថា គេរំពឹងថានឹងសម្រេច​បាន​លទ្ធផល​ល្អ នៅចុងខែឧសភានេះ ពោលគឺ​ឲ្យ​បាន​មុន​ការបោះឆ្នោតនៅអ៊ីរ៉ង់។ មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ ក៏បាន​អះអាងថា អាចមានសង្ឃឹម តែអ្វីៗវា ​អាស្រ័យលើភាគី អ៊ីរ៉ង់ដែរ។

ផ្សាយពាណិជ្ជកម្ម

មន្ត្រីការទូត អាល្លឺម៉ង់ បារាំង អង់គ្លេស ចិន រុស្ស៊ី និងអ៊ីរ៉ង់ បាន​ចាប់ផ្តើមការប្រជុំជាថ្មីទៀត នៅទៅក្រុងវីយែន​ ដើម្បីរកវិធីស្រោចស្រង់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ កម្មវត្ថុ នៃការប្រជុំលើកនេះ គឺសម្រេចឲ្យ​បានលទ្ធផល​វិជ្ជមានជាក់ច្បាស់មួយ ឲ្យ​បាន​មុនដាច់ខែឧសភា មុនពេល​មានការបោះឆ្នោតនៅអ៊ីរ៉ង់ នៅដើមខែមិថុនា​ ព្រោះប្រការនេះ វា​អាចមករំខានការចរចា។

យោងតាម​តំណាងគណៈប្រតិភូអឺរ៉ុប ក្រុមអ្នកជំនាញ បានចែកគ្នាជាបីក្រុម ដើម្បីជជែកគ្នា។ កម្មវត្ថុចំបង គឺឈានទៅ ស្រោចស្រង់ឲ្យ​បានទាំងស្រុងឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែល​បានចុះហត្ថលេខានៅខែកក្កដា ឆ្នាំ​២០១៥។ ប្រភពដដែលអះអាងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវនិយាយគ្នាឲ្យត្រូវ អំពី​លក្ខខណ្ឌរៀងៗខ្លួន ទាក់ទិននឹងការដកទណ្ឌកម្ម និង ការធានាវិលត្រលប់មកគោរព​ខសន្យាវិញ។ មន្ត្រីទូតខ្លះ បានអះអាងប្រាប់អ្នកកាសែត បើតាមការសង្កេត គឺគេមានសង្ឃឹមច្រើន ថាលើកនេះអាចជាជុំចុងក្រោយ ព្រោះថាភាគី​នីមួយៗមាន​ជំហរស្តាប់គ្នា។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់ម្នាក់ នៃក្រសួងការបរទេសអាេមរិក បានអះអាងថា ភាគីអាមេរិក សង្កេតឃើញថា ការចរចា៣ជុំកន្លងមកនេះ មានភាព​ម៉ដ្ឋចត់ល្អ ប្រកបដោយ​ន័យស្ថាបនា ដើម្បី​ស្រោចស្រង់កិច្ចព្រមព្រៀង។ លោកថា អាចមានសង្ឃឹមថា នឹងមានការត្រូវរ៉ូវគ្នា មុនដាច់ខែឧសភានេះ តែយ៉ាងណា​ គឺវាអាស្រ័យលើឆន្ទៈពិតប្រាកដ របស់ភាគីអ៊ីរ៉ង់ដែរ។

គួរបញ្ជាក់ថា យោងតាមមន្ត្រីទូតអឺរ៉ុបម្នាក់ ដោយ​សុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា សហរដ្ឋអាមេរិក បានបញ្ជូនសំណើ​លក្ខខណ្ឌមួយចំនួន​ មកឲ្យ​អ៊ីរ៉ង់ពិចារណា ដោយអាមេរិកព្រមដកទណ្ឌកម្មខ្លះ ជាថ្នូរនឹងការដាក់លក្ខខណ្ឌក្នុងវិស័យមួយចំនួន​របស់អ៊ីរ៉ង់  ដូចជា​វិស័យ​ផលិតប្រេង វិស័យធនាគារ។ អាមេរិក ក៏អាចព្រមដកទណ្ឌកម្មពីអ៊ីរ៉ង់ ទាក់ទិនការរំលោភសិទ្ធិមនុស្ស។ ប្រភពដដែលបញ្ជាក់ថា ភាគីអ៊ីរ៉ង់ មិនទាន់ឆ្លើយថាសុខចិត្តទទួលយកលក្ខខណ្ឌទាំងនេះទេ។ មន្ត្រីទូតខ្លះ បានសម្តែងការបារម្ភ ខ្លាចថា គណៈប្រតិភូចរចារបស់អ៊ីរ៉ង់ ធ្វើមិនដឹង ហើយពន្យាពេល​ចរចា រហូតទាល់តែដល់បោះឆ្នោតនៅអ៊ីរ៉ង់​ ព្រោះចង់បាន​ការធ្វើសម្បទានឲ្យ​បានច្រើនជាងនេះ ពីសំណាក់សហរដ្ឋអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI