អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ្នកវិភាគបារាំង៖យុទ្ធសាស្រ្តរបស់ចលនាហាម៉ាសប៉ាឡេស្ទីនមិនមែនជាយុទ្ធសាស្រ្តយោធាទេ

តំបន់ហ្កាហ្សា​របស់​ប៉ាឡេស្ទីន​រង​ការ​ឆេះ​ដោយ​គ្រាប់​មីស៊ីល​របស់​អ៊ីស្រាអែល​តប​នឹង​នឹង​ការ​បាញ់​គ្រាប់​រ៉ូកែត​របស់​ពួក​ហាម៉ាស​ប៉ាឡេស្ទីន។
តំបន់ហ្កាហ្សា​របស់​ប៉ាឡេស្ទីន​រង​ការ​ឆេះ​ដោយ​គ្រាប់​មីស៊ីល​របស់​អ៊ីស្រាអែល​តប​នឹង​នឹង​ការ​បាញ់​គ្រាប់​រ៉ូកែត​របស់​ពួក​ហាម៉ាស​ប៉ាឡេស្ទីន។ - AFP

នៅ​តំបន់​ដើមបូព៌ា ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា និង​អ៊ីស្រាអែល​កំពុង​បន្ត​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា។ ការ​ប្រើ​គ្រាប់រ៉ូកែត​របស់​ពួក​ហាម៉ាស​បាញ់​ទៅ​លើ​អ៊ីស្រាអែល​ត្រូវ​បាន​អ៊ីស្រាអែល​វាយបក​តាម​ផ្លូវអាកាស​យ៉ាង​ចាស់​ដៃ​វិញ។ បន្ទាប់​មក​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ឧសភា អ៊ីស្រាអែល​បាន​ពង្រាយ​ទ័ព និង​រថក្រោះ​នៅ​តាម​ខ្សែ​ព្រំដែន​រវាង​តំបន់​ហ្កាហ្សា និង​អ៊ីស្រាអែល។ លោក​ហ្គី យ៉ាដ អ្នក​វិទ្យាសាស្រ្តនយោបាយ​បារាំង​បាន​មើល​ឃើញ​ថា យុទ្ធសាស្រ្ត​របស់​ពួក​ហាម៉ាស​មិនមែន​ជា​យុទ្ធសាស្រ្ត​យោធា​ទេ តែ​ជា​យុទ្ធសាស្រ្ត​យាយី។ ទាក់ទង​នឹង​ជំហរ​របស់​អាមេរិក​នៅ​ក្នុង​ជម្លោះ​អ៊ីស្រាអែល និង​ហាម៉ាស​ត្រូវ​បាន​លោក​ហ្គីយ៉ាដ​យល់​ថា អាមេរិក​បន្ត​គាំទ្រ​លើ​សិទ្ធិ​ការពារ​ខ្លួន​របស់​អ៊ីស្រាអែល និងមិនទទួលស្គាល់​​សិទ្ធិ​ការពារ​ខ្លួន​របស់​ប៉ាឡេស្ទីន។

ផ្សាយពាណិជ្ជកម្ម

 « មហិច្ឆតា​នយោបាយ​របស់​ចលនា​ហាម៉ាស គឺ​ដើម្បី​រម្លឹក​ឡើង​វិញ​ពី​វត្តមាន និង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទីតាំង​ដែនដី​ប៉ាឡេស្ទីន​ផ្សេង​ទៀត​ក្រៅ​ពី​តំបន់​ហ្កាហ្សា។ ដូច្នេះ​ពួក​ហាម៉ាស​យល់​ថា គេ​មាន​សិទ្ធិ​និយាយ​ជំនួស និង​ការពារ​ប្រជាជន​ប៉ាឡេស្ទីន​គ្រប់រូប។ ខ្ញុំ​គិត​ថា ពួក​ហាម៉ាស​ពិត​ជា​បាន​យល់​ខ្លួន​ឯង​ថា យុទ្ធសាស្រ្ត​របស់​ខ្លួន​មិនមែន​ជា​យុទ្ធសាស្រ្ត​យោធា​ទេ។ ពួក​ហាម៉ាស​បាន​ដឹង​មុន​រួច​ជា​ស្រេច​ថា ខ្លួន​គ្មាន​ថ្ងៃ​នឹង​ទទួល​ជ័យជំនះ​ផ្លូវយោធា​តាម​រយៈ​ការ​ប្រើ​គ្រាប់រ៉ូកែត​បាញ់​ផ្លោង​ទៅ​លើ​អ៊ីស្រាអែល​នោះ​ឡើយ។

កុំ​ថា​ឡើយ​ជ័យជំនះ​ផ្លូវ​យោធា សូម្បី​តែ​ជ័យជំនះ​ផ្លូវនយោបាយ​ក៏​មិន​អាច​ទៅ​រួច​ដែរ ប្រសិន​បើ​គ្មាន​ការ​ផ្លាស់ប្តូរ​នយោបាយ​ពី​ខាង​អ៊ីស្រាអែល​ចំពោះ​ប្រជាចន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​នៅ​កន្លែង​ផ្សេង​នោះ​ទេ។ តាម​ពិត នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ចលនា​ហាម៉ាស​បាន​ចូលរួម​ជួយ​ឈឺឆ្អាល និង​កែន​ប្រមូល​កម្លាំង​វាយប្រហារ​ដើម្បី​ដាស់​ស្មារតី កន្ត្រាក់​អារម្មណ៍​លើ​រឿងរ៉ាវ​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្រៅ​តំបន់​ហ្កាហ្សា។ តាក់តិច និង​យុទ្ធសាស្រ្ត​ដែល​ពួក​ហាម៉ាស​បាន​ប្រើ គឺ​តាក់តិច និង​យុទ្ធសាស្រ្ត​យាយី។

ការ​ដែល​ចលនា​ហាម៉ាស​បាន​យាយី​លើ​ដែនដី​អ៊ីស្រាអែល​ដោយ​បាញ់​ផ្លោង​គ្រាប់​រ៉ូកែត​ជា​សញ្ញា​មួយ​ដែល​ពួក​ហាម៉ាស​ចង់​ប្រាប់​អ៊ីស្រាអែល ដរាប​ណា​ប្រជាជន​ប៉ាឡេស្ទីន​មិន​អាច​រស់នៅ​ដោយ​សុខស្រួល ប្រជាជន​អ៊ីស្រាអែល​ក៏​មិន​អាច​រស់នៅ​ដោយ​សុខស្រួល​ដែរ។ នេះ​ហើយ​ជា​យុទ្ធសាស្រ្ត​របស់​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន។ និយាយ​ពី​ទម្ងន់​របស់​អាមេរិក​នៅ​ក្នុង​ជម្លោះ​នេះ​វិញ ជា​ទម្ងន់​ដែល​អ៊ីស្រាអែល និង​ហាម៉ាស​ត្រូវ​ការ​ដូច​គ្នា។ តែ​រហូត​មក​ដល់​ពេល​នេះ ជា​ទម្ងន់​សម្ព័ន្ធមិត្ត​មិន​អាច​សាបសូន្យ និង​មិន​អាច​ខ្វះ​បាន​សម្រាប់​អ៊ីស្រាអែល។

ចំណែក​ពួក​ហាម៉ាស​ដែល​តែង​ប្រឆាំង​អាមេរិក និង​បរិហារ​ពី​តួនាទី​អាមេរិក​នៅ​ក្នុង​ជម្លោះ​តំបន់​ក៏​បាន​ដឹង​ច្បាស់​ថា អាមេរិក​ជា​តួអង្គ​ដែល​ខ្លួន​ត្រូវ​មាន​ដើម្បី​ទទួល​បាន​សម្បទាន​មួយ បទ​ឈប់​បាញ់​មួយ​ពី​អ៊ីស្រាអែល។ អាមេរិក​តែង​ចេញ​មុខ​ការពារ​បូរណភាព​ទឹកដី​អ៊ីស្រាអែល។ អាមេរិក​យល់​ថា​ពេល​នេះ បូរណភាព​ទឹកដី​អ៊ីស្រាអែល​បាន​រង​ការ​គំរាមកំហែង។ ដូច្នេះ​អាមេរិក​នឹង​បន្ត​គាំទ្រ​លើ​សិទ្ធិ​ការពារ​របស់​អ៊ីស្រាអែល។ តែ​សិទ្ធិ​ការពារ​ខ្លួន​ហ្នឹង​មិនមែន​មាន​តែ​អ៊ីស្រាអែល​ម្នាក់​ឯង​ឯ​ណា ប៉ាឡេស្ទីន​ក៏​មាន​សិទ្ធិ​ដែរ។ ចំណោត​នៅ​ត្រង់​ថា រដ្ឋបាល​អាមេរិក​តែង​បដិសេធ​ពី​សិទ្ធិ​ការពារ​ខ្លួន​របស់​ប៉ាឡេស្ទីន។ មើល​ទៅ គ្មាន​ផ្លូវ​ដែល​អាមេរិក​ប្តូរ​ជំហរ​នេះ​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI