អ៊ីស្រាអែល-ហ្កាហ្សា

អ៊ីស្រាអែល បាញ់កម្ទេច អគារ​ដែល​មាន​អ្នកកាសែត បរទេស ធ្វើការ នៅតំបន់​ហ្កាហ្សា

កងទ័ពអ៊ីស្រាអែល បាញ់​បំផ្លាញ​អគារក្នុង​ទឹកដី​ហ្កាហ្សា ដែលមានការិយាល័យធ្វើការ​របស់ទីភ្នាក់ងារ​ព័ត៌មាន AP និង​Al Jazeera កាលពីថ្ងៃសៅរ៍ ទី ១៥​ឧសភា ក្រោម​ហេតុផល​ថា ក្រុមស៊ើបការណ៍សម្ងាត់​ហាម៉ាស លាក់ខ្លួន នៅក្នុង​អគារ មួយនេះ
កងទ័ពអ៊ីស្រាអែល បាញ់​បំផ្លាញ​អគារក្នុង​ទឹកដី​ហ្កាហ្សា ដែលមានការិយាល័យធ្វើការ​របស់ទីភ្នាក់ងារ​ព័ត៌មាន AP និង​Al Jazeera កាលពីថ្ងៃសៅរ៍ ទី ១៥​ឧសភា ក្រោម​ហេតុផល​ថា ក្រុមស៊ើបការណ៍សម្ងាត់​ហាម៉ាស លាក់ខ្លួន នៅក្នុង​អគារ មួយនេះ MOHAMMED ABED AFP

អគារមួយកន្លែង ដែលមាន​ការិយាល័យ​ធ្វើការ​របស់អ្នកកាសែត បរទេស នៅក្នុងទឹកដី​ហ្កហ្សា​ត្រូវបំផ្លាញ​ទាំងស្រុង ដោយសារ​ការវាយប្រហារ ​របស់​កងទ័ព​អ៊ីស្រាអែល កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ នៅទឹកដី​អឺរ៉ុបឯណោះវិញ តាំង ពី​បារាំង អេស្ប៉ាញ និង​អង់គ្លេស បាតុកម្ម​គាំទ្រ ប្រជាជន​ប៉ាឡេស្ទីន ត្រូវបាន​រៀបចំឡើង ជា​ហូរហែ ដោយនៅក្នុង​នោះ គេបានទាមទារ​ឲ្យ​រដ្ឋាភិបាល អន្តរាគម ដាក់សម្ពាធ ឲ្យ​រដ្ឋាភិបាលអ៊ីស្រាអែល ឈប់ វាយប្រហារ​ផ្លូវអាកាស​លើ​តំបន់ ហ្កាហ្សា​ប៉ាឡេស្ទីន។

ផ្សាយពាណិជ្ជកម្ម

ខណៈដែល ការប្រយុទ្ធគ្នា រវាង​អ៊ីស្រាអែល និង​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នៅតែ​បន្ត មិនឈប់ បាតុកម្ម​ដើម្បី​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន ដែលរងគ្រោះស្លាប់​បាត់បង់​ជីវិត នៅក្នុង​ការវាយប្រហារ​របស់​អ៊ីស្រាអែល ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ស្វាហាប់ នៅតាម​ទីក្រុង​ធំៗ ក្នុង​ទឹកដី​អឺរ៉ុប ដែលមាន​តាំង ពី​ប៊ែរឡាំង ម៉ាឌ្រីដ ទីក្រុង​ឡុងដ៍ និង​ប៉ារីស។

នៅទីក្រុង​ប៉ារីស សមាគម ចលនា​គាំទ្រប៉ាឡេស្ទីន បានជំនះ ចុះថ្នល់​ធ្វើ​បាតុកម្ម កាលពី​ថ្ងៃ​សៅរ៍ បើទោះបី​មាន​បម្រាម ការហាមឃាត់​ពីតុលាការ​រដ្ឋបាលបារាំងក្តី។ នៅក្រោម​ហេតុផល​ថា បាតុកម្ម​គាំទ្រ​ប្រជាជន​ប៉ាឡេស្ទីន អាច​រាលដាល បង្ក​ឲ្យ​មាន​បាតុកម្ម​ហិង្សា ពេញទីក្រុង រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បាន​ស្នើ​ទៅ​តុលាការ និង​ប៉ូលិសបារាំង ឲ្យ​ហាមឃាត់​បាតុកម្ម គាំទ្រ​ប៉ាឡេស្ទីន នៅទូទាំង​បារាំង។

នៅ​ទីក្រុង​ឡុងដ៍ ឯណោះវិញ អ្នករៀបចំ​បាតុកម្ម ដើម្បី​ប្រជាជន​ប៉ាឡេស្ទីន​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស ចាត់វិធានការ​បន្ទាន់​ដើម្បី ឲ្យ​អ៊ីស្រាអែល ឈប់ ប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។ សម្រាប់ បាតុករ​អង់គ្លេស រដ្ឋាភិបាល ក្រុង​ឡុងដ៍​បាន​ផ្សំគំនិត ចូលរួម​ក្នុង​អំពើហិង្សា របស់​អ៊ីស្រាអែល​ជាយូរណាស់​មកហើយ តាមរយៈ ការគាំទ្រ យោធា ការទូត និង​ផ្តល់​ហិរញ្ញវត្ថុ​ដល់​អ៊ីស្រាអែល។

បាតុកម្ម គាំទ្រ​បុព្វហេតុ​ប្រជាជន​ប៉ាឡេស្ទីន បានកើតឡើង នៅចំ​ពេល​ដែល​ការប្រយុទ្ធ បាញ់គ្រាប់រ៉ុកកែត ដាក់គ្នា រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន បានសម្លាប់ ជីវិត​មនុស្ស យ៉ាងតិច ១៣០នាក់ នៅ​ទឹកដី ហ្កាហ្សា​ប៉ាឡេស្ទីន និង​១០នាក់ នៅ​ទឹកដី​​អ៊ីស្រាអែល។

ការវាយប្រហារ​របស់​កងទ័ព​អ៊ីស្រាអែល នៅថ្ងៃ​សៅរ៍ម្សិលមិញ បាន​បំផ្លាញ​ផងដែរ អគារ​កំពស់ ១៣ជាន់​ដែលមាន​ការិយាល័យ​ធ្វើការ​របស់​ទីភ្នាក់ងារ ព័ត៌មាន​អាមេរិកាំង AP និង​ក្រុមទូរទស្សន៍​Al Jazeera របស់​ប្រទេស​កាតា។ តាម​អ្នកកាសែត​របស់​ទីភ្នាក់ងារ AP ក្រុមអ្នកកាសែត ត្រូវ​បាន​គេ​ជូនដំណឹង ជាមុន ឲ្យ​ចាកចេញពី​អគារ នៅប៉ុន្មាន​នាទី​មុន​ដែល​អគារត្រូវ​រង​ការបាញ់បំផ្លាញ​របស់​យន្តហោះចម្បាំង​អ៊ីស្រាអែល។

កងទ័ព​អ៊ីស្រាអែល​វិញ បាន​និយាយ​នៅថ្ងៃសៅរ៍​ថា អគារ ដែល​ខ្លួន​បាញ់​បំផ្លាញ មាន​ទីតាំង​របស់​ក្រុមស៊ើបការណ៍​សម្ងាត់​របស់​ក្រុមហាម៉ាស ប៉ាឡេស្ទីន។ ក្រុមហាម៉ាស ប៉ាឡេស្ទីន ដែល​អ៊ីស្រាអែល​ចោទប្រកាន់ថា បាន​យក​ប្រជាជន​ស៊ីវិល​ជា​ខែលការពារ​ដោយ​ខ្លួន តាមរយៈ ការ​បោះជំរំ តាំងទី នៅក្នុង​សង្កាត់​ប្រជុំជន ក្នុងទីក្រុង​ហ្កាហ្សា។

នៅថ្ងៃ​ព្រហស្បតិ៍ កងទ័ព​អ៊ីស្រាអែល បាន​បាញ់បំផ្លាញ​អគារ​កំពស់​១០ ដែល​មាន​ការិយាល័យ​ធ្វើការ​របស់​បណ្តាញ​ទូរទស្សន៍​ប៉ាឡេស្ទីន ឈ្មោះ Al-Aqsa ដែល​ក្រុមហាម៉ាស បង្កើតឡើង កាលពី​ប៉ុន្មាន​ឆ្នាំមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI