អ៊ីស្រាអែល-ប៉ាឡេស្ទីន

UNRWA៖ប្រជាជនប៉ាឡេស្ទីនច្រើនម៉ឺននាក់បានរត់ទៅជ្រកកោណក្នុងសាលារៀនរបស់អ.ស.ប. នៅតំបន់ហ្កាហ្សា

ការ​ចែកជំនួយ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ប្រចាំ​តំបន់​ហ្កាហ្សា។
ការ​ចែកជំនួយ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ប្រចាំ​តំបន់​ហ្កាហ្សា។ AP - Adel Hana

ថ្ងៃ​អង្គារ ទី១៨ ឧសភា​ជា​ថ្ងៃទី៩ នៃ​ការ​ប្រឈម​មុខ​ផ្លូវ​អាវុធ​រវាង​កងទ័ព​អ៊ីស្រាអែល និង​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្កាហ្សា។ ទ័ពអាកាស​អ៊ីស្រាអែល​បន្ត​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​របស់​ពួក​ហាម៉ាស ខណៈ​​ដែល​ពួក​ហាម៉ាស​បន្ត​បាញ់​ផ្លោង​គ្រាប់រ៉ូកែត​សំដៅ​ទឹកដី​អ៊ីស្រាអែល។ ការ​ប្រឈម​មុខ​ផ្លូវ​អាវុធ​រវាង​ភាគី​ទាំង​ពីរ​តាំង​ពី​ថ្ងៃ​ចន្ទ ទី១០ ឧសភា​បាន​បណ្តាល​ឲ្យ​ស្លាប់​ជាង ២០០នាក់​នៅ​ខាង​ប៉ាឡេស្ទីន និង ១០នាក់​នៅ​ខាង​អ៊ីស្រាអែល។ អ្វី​ជា​ការ​កត់សម្គាល់ ការទម្លាក់​គ្រាប់បែក​ពី​អ៊ីស្រាអែល​លើ​តំបន់​ហ្កាហ្សា​បាន​កើត​មាន​លើ​តំបន់​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន។ លោក​ម៉ាត់ចាស់ ឆ្មាលើ នាយក​ទទួល​បន្ទុក​កិច្ចសហប្រតិបត្តិការ​របស់​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ប្រចាំ​តំបន់​ហ្កាហ្សា​បាន​បញ្ជាក់​ថា មាន​ប្រជាជន​ប៉ាឡេស្ទីន​ជាង ៤៣ ០០០នាក់​បាន​រត់​ទៅ​ជ្រកកោណ​នៅ​តាម​សាលារៀន​របស់​​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ប៉ាឡេស្ទីន។

ផ្សាយពាណិជ្ជកម្ម

« ប្រជាជន​មាន​ការ​រន្ធត់​តក់ស្លុត។ ពួក​គេ​ពិត​ជា​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ដោយ​មិន​ដឹង​ថា តើ​គ្រាប់បែក​អាច​ធ្លាក់​នៅ​កន្លែង​ណា​ខ្លះ​ទេ។ ពួក​គេ​នៅ​ចងចាំ​មិន​ភ្លេច​ពី​បទពិសោធន៍​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​នៅ​ក្នុង​សង្រ្គាម​កាល​ពី​ឆ្នាំ ២០១៤។ ប្រជាជន​ភាគ​ច្រើន​បាន​និយាយ​ថា ពណ៌​ខៀវ​របស់​អង្គការ​សហប្រជាជាតិ ទង់ជាតិ​ពណ៌ខៀវ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ដោត​លើ​ដំបូល​អាគារ​បាន​ផ្តល់​ឲ្យ​ពួក​គេ​នូវ​សន្តិសុខ និង​សុវត្ថិភាព​គ្រាន់​បើ​ជាង​នៅ​ផ្ទះ​របស់​ពួក​គេ។

ជា​ពិសេស​ចំពោះ​ប្រជាជន​ដែល​រស់នៅ​តាម​ខ្សែ​ព្រំដែន​ខ័ណ្ឌ​ចែក​តំបន់​ហ្កាហ្សា និង​ដែនដី​អ៊ីស្រាអែល​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ខ្លាំង។ ពិត​ណាស់ គឺ​ជាបញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​បេសកកម្ម​របស់​យើង។ ការងារ​ដំបូង គឺ​ការ​នាំ​ក្រុម​បុគ្គលិក​របស់​យើង​មក​ធ្វើ​ការ​ផ្ទាល់​នៅ​នឹង​កន្លែង​ដើម្បី​ដោះស្រាយ​បញ្ហា និង​រៀបចំ​ការងារ​ផ្សេងៗ​នៅ​គ្រប់​ទីកន្លែង​ទាំង​នេះ។ ការងារ​បន្ទាប់ គឺ​ធានា​រ៉ាប់រង​នូវ​សេវា​ជា​មូលដ្ឋាន។ សំណួរ​មួយ​នៃ​សំណួរ​គន្លឹះ​ជា​ច្រើន គឺ​ការ​ផ្គត់ផ្គង់​ទឹកស្អាត។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​គិត​ទេ​ថា យើង​កំពុង​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ជំងឺ​កូវីដ១៩។ ហើយ​យើង​កំពុង​ព្រួយបារម្ភ​ខ្លាំង​ថា សាលារៀន​ដែល​កំពុង​មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​ជ្រកកោណ​អាច​ក្លាយ​ជា​ទីកន្លែង​ចម្លង​ជំងឺ​កូវីដ១៩។ ដូច្នេះ យើង​ក៏​ព្យាយាម​ធានា​ឲ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ​នូវ​មធ្យោបាយ​ការពារ ដូច​ជា​ម៉ាស ទីកន្លែង​សម្រាប់​លាងដៃ។ គឺ​ជា​ប្រតិបត្តិការ​ប្រឈម​ដ៏​ធំ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI