អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា៖ បារាំង​ស្នើ​សេចក្តី​សម្រេចចិត្ត​នៅ​ក្រុមប្រឹក្សាសន្តិសុខ សុំ​ឲ្យ​ទំលាក់​អាវុធ

សាកសពស្ត្រី ២នាក់​និងកុមារ៨នាក់ នៅតំបន់​ហ្កាហ្សា ដែលស្លាប់ក្រោមគំនរអាគារ បន្ទាប់ពីរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។ ហ្កាហ្សា ថ្ងៃទី ១៥ ឧសភា ២០២១
សាកសពស្ត្រី ២នាក់​និងកុមារ៨នាក់ នៅតំបន់​ហ្កាហ្សា ដែលស្លាប់ក្រោមគំនរអាគារ បន្ទាប់ពីរងគ្រាប់មីស៊ីលរបស់អ៊ីស្រាអែល។ ហ្កាហ្សា ថ្ងៃទី ១៥ ឧសភា ២០២១ AP - Khalil Hamra

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ កាលពីល្ងាចថ្ងៃទី១៨ឧសភា ម្សិលមិញ បារាំង បានស្នើនូវអត្ថបទសេចក្តីសម្រេចចិត្តរួមមួយ ដោយសហការជាមួយអេហ្ស៊ីប និងហ្សកដានី ដើម្បី​ទាមទារឲ្យ​មានការទំលាក់អាវុធជាបន្ទាន់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន។ យ៉ាងណាក៏ដោយ គេពិបាក​សង្ឃឹមណាស់ ថាសំណើ​នេះ នឹងអាចឆ្លងកាត់ការយល់ព្រមជាឯកច្ឆ័ន្ទ ព្រោះថាសហរដ្ឋអាេមរិក បានរារាំង បដិសេធសំណើររបៀបនេះ ៣ដងរួចមកហើយ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំបិទទ្វារ នៃក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃទី​១៨ឧសភា អគ្គរដ្ឋទូតបារាំងប្រចាំអង្គការសហប្រជាជាតិ បានធ្វើបទបង្ហាញ អំពី​គំរោងសំណើសេចក្តីសម្រេចចិត្តរួមមួយ ដែលមានខ្លឹមសារ ហៅឲ្យ​ភាគីទាំងសងខាង គឺអ៊ីស្រាអែល​ និងក្រុមហាម៉ាសប៉ាឡេស្ទីន ត្រូវទំលាក់អាវុធ ឈប់បាញ់ជាបន្ទាន់ ហើយនិងត្រូវបើកផ្លូវ ឲ្យ​គេបញ្ជូន​ជំនួយមនុស្ស​ធម៌ ទៅជួយ​ប្រជាជននៅតំបន់ហ្កាហ្សា។

គម្រោងសេចក្តីសម្រេចចិត្តរបស់បារាំងនេះ គឺមានការសហការគាំទ្រ ពី​ អេហ្ស៊ីប និង ហ្សកដានី។ លោកប្រធានាធិបតីបារាំង ក៏បានពិភាក្សាជាមួយ​លោក​ប្រធានាធិបតីទុយណេស៊ីផងដែរ ក្នុងនាម ទុយណេស៊ីជាសមាជិក​មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ ហើយជាប្រទេស​តំណាងប្រទេសអារ៉ាប់ផ្សេងទៀត។

ប្រភពពីមន្ត្រីការទូតខ្លះ នៅអង្គការសហប្រជាជាតិ បានអះអាងថា នៅល្ងាចថ្ងៃទី១៨ឧសភា គេមិនទាន់បានទទួលអត្ថបទសំណើរបស់បារាំងនៅឡើយទេ តែគេគ្រាន់តែដឹងថា អត្ថបទនោះ នឹងមានទំហំខ្លី សាមញ្ញ តែច្បាស់ៗ។

សូមរំលឹកថា ប្រមាណ​១សប្តាហ៍កន្លងមកនេះ ក្រុមប្រឹក្សាសន្តិសុខបានបើកការប្រជុំ ដើម្បីព្យាយាម​អនុម័តសេចក្តីសម្រេចចិត្តរួម ទាមទារឲ្យ​មានការទំលាក់អាវុធ ចំនួន​៣ដងមកហើយ។ ក៏ប៉ុន្តែសហរដ្ឋអាមេរិក បានបដិសេធជានិច្ច។ សំណើចុងក្រោយ គឺត្រូវបានធ្វើឡើង កាលពីថ្ងៃចន្ទ ដោយប្រទេសចិន ន័រវែស និងទុយណេស៊ី។ លោក Zhang Jun ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ប្រាកដណាស់ ដែលចិន នឹងបោះឆ្នោតគាំទ្រសំណើរបស់បារាំង។ ដូចគ្នាលោក Dmitry Polyanskiy តំណាងម្នាក់នៃអង្គទូតរុស្ស៊ីប្រចាំអង្គការ​សហប្រជាជាតិ បានអះអាងថា រុស្ស៊ីក៏នឹងមិនជំទាស់ ចំពោះអត្ថបទសំណើរបស់បារាំងដែរ។

ចំណោទ គឺស្ថិតនៅតែលើគោលជំហររបស់សហរដ្ឋអាេមរិក តែប៉ុណ្ណោះ។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកណេតាន់យ៉ាហ៊ូ លោកចូ បៃដិន បានលើកឡើងថាលោកសំណូមពរ ឲ្យមានការទំលាក់អាវុធ បើទោះបីជាអាមេរិកគាំទ្រ ថាអ៊ីស្រាអែល មានសិទ្ធិការពារខ្លួនក៏ដោយ។

ដោយឡែក បើតាមប្រភពពីមន្ត្រីទូតខ្លះ អង្គការសហប្រជាជាតិ កំពុងតែត្រៀមបើកសន្និបាទធំតែម្តង ទាក់ទិននឹងបញ្ហាសង្រ្គាមនៅតំបន់ហ្កាហ្សានេះ ដោយ​បាន​កោះហៅប្រទេសសមាជិកទាំងអស់ ឲ្យចូលរួមបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ទី​២០​ឧសភា ក្នុងករណីដែល​សហរដ្ឋអាមេរិក នៅតែបោះឆ្នោតវេតូ នៅក្រុមប្រឹក្សាសន្តិសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI