អ៊ីរ៉ង់-នុយក្លេអ៊ែរ

អ៊ីរ៉ង់៖កិច្ចព្រមព្រៀងឃ្លាំមើលសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់រវាងអ៊ីរ៉ង់ និង AIEA បានផុតកំណត់

អ៊ីរ៉ង់ថា កិច្ចព្រមព្រៀងឃ្លាំមើលសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់រវាងអ៊ីរ៉ង់ និង AIEA រយៈពេល ៣ខែ​បានផុតកំណត់ថ្ងៃទី២២ ឧសភា ២០២១
អ៊ីរ៉ង់ថា កិច្ចព្រមព្រៀងឃ្លាំមើលសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់រវាងអ៊ីរ៉ង់ និង AIEA រយៈពេល ៣ខែ​បានផុតកំណត់ថ្ងៃទី២២ ឧសភា ២០២១ HO / Atomic Energy Organization of Iran / AFP

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ប្រធាន​សភា​លោក​ម៉ូហាម៉ាដ បាហ្កឺ ហ្កាលីបា​បាន​បញ្ជាក់​ថា កិច្ចព្រមព្រៀង​ឃ្លាំមើល​សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ក្រុង​តេហេរ៉ង់​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​កាល​ពី ៣ខែ​មុន​បាន​ផុតកំណត់​ក្នុង​ថ្ងៃ​សៅរ៍ ទី២២ ឧសភា។ តាម​លោក​ហ្កាលីបា អ៊ីរ៉ង់​នឹង​កម្រិត​ការ​ចូលរួម​សហការ​ជាមួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ។ ព័ត៌មាន​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​កិច្ចចរចា​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​កំពុង​បន្ត​មាន​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​អ៊ីរ៉ង់ ការ​ផុត​កំណត់​នៃ​កិច្ចព្រមព្រៀង​រវាង​អ៊ីរ៉ង់ និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅកាត់​ជា​ភាសា​បារាំង AIEA មាន​ន័យ​ថា AIEA នឹង​លែង​អាច​ចូល​មើល​រូបភាព និង​ប្រមូល​ទិន្នន័យ​ពី​កាំមេរ៉ា​ដែល​មាន​ដាក់​តាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ទៀត​ឡើយ។ តែ​បើ​តាម​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​ដែល​បាន​ស្រង់​ប្រភព​ផ្លូវការ​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ឃ្លាំមើល​សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ក្រុង​តេហេរ៉ង់​បាន​ចុះ​ហត្ថលេខា​ជា​មួយ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​កាល​ពី ៣ខែ​មុន និង​ដែល​បាន​អស់​សុពលភាព​ត្រឹម​ថ្ងៃ​សៅរ៍ ទី២២ ឧសភា​អាច​បន្ត​បាន​មួយ​ខែ​ទៀត​ដោយ​មាន​លក្ខខណ្ឌ។ លក្ខខណ្ឌ​នោះ គឺ​ក្រុម​ប្រទេស​មហាអំណាច​ត្រូវ​យល់ព្រម​តាម​ការ​ស្នើ​សុំ​ស្រប​ច្បាប់​របស់​អ៊ីរ៉ង់​ដែល​សុំ​ឲ្យ​អាមេរិក​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​វិញ។

នៅ​ក្នុង​ករណី​នេះ រូបភាព និង​ទិន្នន័យ​ដែល​ថត​ដោយ​កាំមេរ៉ា​នឹង​ប្រគល់​ទៅ​ឲ្យ AIEA។ ផ្ទុយ​ទៅ​វិញ​បើ​គ្មាន​ការ​យល់​ព្រម​ពី​ក្រុម​ប្រទេស​មហាអំណាច​ទេ រូបភាព និង​ទិន្នន័យ​ទាំង​នេះ​នឹង​ត្រូវ​កម្ទេច​ចោល​ជា​ស្ថាពរ។ គួរ​រម្លឹក​ថា កិច្ចព្រមព្រៀង​រវាង​អ៊ីរ៉ង់ និង AIEA ស្តីពី​ការ​ឃ្លាំមើល​សកម្មភាព​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បាន​សភា​អ៊ីរ៉ង់​អនុម័ត​ដើម្បី​ទុក​ពេល​ឲ្យ​អាមេរិក​ពិចារណា​ពី​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​អ៊ីរ៉ង់​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដាក់​ជា​ថ្មី​លើ​អ៊ីរ៉ង់ ក្រោយ​ពី​លោក​ត្រាំ​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កាល​ពី​ឆ្នាំ ២០១៨។ អ្វី​ជា​ការ​កត់សម្គាល់ ព័ត៌មាន​ស្តីពី​ការ​ផុត​កំណត់​នៃ​កិច្ចព្រមព្រៀង​រវាង​អ៊ីរ៉ង់ និង AIEA បាន​ធ្លាក់​មក ខណៈ​ដែល​កិច្ចចរចា​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​កំពុង​បន្ត​មាន​នៅ​ក្នុង​ប្រទេស​អូទ្រីស។

អ្វី​ដែល​អ៊ីរ៉ង់​ចង់​បាន​តាម​រយៈ​កិច្ចចរចា​ក្នុង​ប្រទេស​អូទ្រីស គឺ​ចង់​ឃើញ​អាមេរិក​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ខ្លួន​វិញ​នោះ​ឯង។ ដូច្នេះ​ឃើញ​ថា ការ​អស់​សុពលភាព​នៃ​កិច្ចព្រមព្រៀង​រវាង​អ៊ីរ៉ង់ និង AIEA ស្តីពី​ការ​ឃ្លាំមើល​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ពេល​នេះ​ជា​សន្លឹកបៀរ​ថ្មី​ដែល​អ៊ីរ៉ង់​ប្រើ​ដើម្បី​ដាក់​គំនាប​លើ​ក្រុម​ប្រទេស​មហាអំណាច ពិសេស​លើ​អាមេរិក​ឲ្យ​លើក​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI