អ៊ីស្រាអែល-ប៉ាឡេស្ទីន-អាេមរិក

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ទៅជួប​​និយាយ​​ជាមួយ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ពង្រឹង​បទ​ឈប់បាញ់

សមត្ថកិច្ចអ៊ីស្រាអែល កំពុងបញ្ជូនសាកសពជនដៃដល់ ចេញពីកន្លែងកើតហេតុ បន្ទាប់ពីជននេះ បានវាយ​ប្រហារដោយកាំបិត ធ្វើឲ្យ​របួសធ្ងន់២នាក់។ ក្រុងហ្សេរុយសាឡឹម ថ្ងៃទី ២៤ ឧសភា​
សមត្ថកិច្ចអ៊ីស្រាអែល កំពុងបញ្ជូនសាកសពជនដៃដល់ ចេញពីកន្លែងកើតហេតុ បន្ទាប់ពីជននេះ បានវាយ​ប្រហារដោយកាំបិត ធ្វើឲ្យ​របួសធ្ងន់២នាក់។ ក្រុងហ្សេរុយសាឡឹម ថ្ងៃទី ២៤ ឧសភា​ AP - Mahmoud Illean

លោកអង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បានធ្វើដំណើរទៅតំបន់ដើមបូព៌ា កាលពីថ្ងៃទី​២៤ឧសភា។ កម្មវត្ថុនៃការធ្វើដំណើរនេះ​ គឺលោកនឹងទៅជួប ជាមួយថ្នាក់ដឹកនាំអ៊ីស្រាអែល ព្រមទាំង​ប៉ាឡេស្ទីន ដើម្បីរកវិធីពង្រឹងបទឈប់បាញ់​ រវាង​អ៊ីស្រាអែល និងក្រុម​ហាម៉ាស​ប៉ាឡេស្ទីន។ ជាបទឈប់បាញ់ ដែលមានលក្ខណៈផុយស្រួយបំផុត ខណៈដែលអំពើហិង្សាចលាចល នៅតែបន្តកើតមាន នៅទីក្រុង​ហ្សេរុយសាឡឹម និងនៅតំបន់ស៊ីហ្សកដានី។

ផ្សាយពាណិជ្ជកម្ម

នៅទីក្រុងហ្សេរុយសាឡឹម លោករដ្ឋមន្ត្រីការបរទេសអាមេរិក នឹងជួប​និយាយគ្នា ជាមួយ​លោក​ណេតាន់យ៉ាហ៊ូ​ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល មុននឹងធ្វើដំណើរទៅ​កាន់ទីក្រុងរ៉ាម៉ាឡា ជួបជាមួយ​ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីន​ លោកម៉ាសមូដ អាបាស។ បន្ទាប់មកទៀត លោកអង់តូនី ប្លីងកិន និង​ធ្វើដំណើរទៅ​ជួប​លោកអាប់ឌែល ហ្វាតាហ អាល់ស៊ីស៊ី ប្រធានាធិបតីអេហ្ស៊ីប។

កម្មវត្ថុនៃជំនួបទាំងនេះ ត្រូវបាន​ក្រសួងការបរទេសអាមេរិក ប្រកាសឲ្យដឹងថា គឺលោករដ្ឋមន្ត្រីអាមេរិក មានបំណង​រកវិធីពង្រឹង បទឈប់បាញ់ ដែល​អ៊ីស្រាអែល បានយល់ព្រមទទួលយកជាមួយ​ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ដោយធ្វើយ៉ាងណា ឲ្យវាមានអាយុយូរអង្វែង។

គួរបញ្ជាក់ថា នេះគឺជាកម្មវត្ថុតូចស្តួចស្តើងបំផុត បើប្រៀបធៀប ទៅនឹងកម្មវត្ថុធំ គឺការឈានទៅកសាង​សន្តិភាព​ រវាងអ៊ីស្រាអែល និង ប៉ាឡេស្ទីន។ នេះសបង្ហាញអំពីគោលនយោបាយការទូត ដើរដោយសន្សឹមៗ និងប្រុងប្រយ័ត្នរបស់រដ្ឋបាលលោកចូ បៃដិន។

យ៉ាងណាក៏ដោយ លោកអង់តូនី ប្លីងកិន បានបញ្ជាក់ថាសាជាថ្មីថា លោកគាំទ្រចំពោះដំណោះស្រាយ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។ លោកអះអាងថា នេះគឺជាដំណោះស្រាយ​តែមួយ​គត់ ដើម្បីឈានទៅកសាងសន្តិភាពជារៀងរហូត។ លោក​បាន​សង្កេតឃើញថា បទឈប់បាញ់ រវាងអ៊ីស្រាអែល និង​ក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា គឺជាឱកាសដ៏ល្អ ដើម្បីបន្តបោះជំហានក្នុងកម្មវត្ថុកសាងសន្តិភាព។

គួរកត់សំគាល់ថា បើទោះបីមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា មែនពិត តែបញ្ហាអំពើហិង្សាចលាចល បាតុកម្មតវ៉ា នៅតែមិនទាន់ស្ងប់ទេ នៅតំបន់ផ្សេងៗទៀត។ ជាក់ស្តែង កាលពីថ្ងៃចន្ទ ទី​២៤ឧសភា មានករណី​ជនប៉ាឡេស្ទីន ម្នាក់បានយកកាំបិតចាក់ជនជាតិជ្វីហ្វអ៊ីស្រាអែល ឲ្យរបួសចំនួន​២នាក់ នៅសង្កាត់  Cheikh Jarrah ក្នុងក្រុងហ្សេរុយសាឡឹម។ គឺសង្កាត់នេះហើយ ដែល​អាជ្ញាធរអ៊ីស្រាអែល កំពុងតែរងចាំសេចក្តីសម្រេចរបស់តុលាការ អនុញ្ញាតឲ្យរឹបអូស ផ្ទះសំបែង របស់​ជនជាតិប៉ាឡេស្ទីន ជាច្រើនគ្រួសារ។ ជនដៃដល់ ត្រូវបាន​សមត្ថកិច្ច​បាញ់សម្លាប់នៅនឹងកន្លែង។ អំពើហិង្សានេះ សបង្ហាញឲ្យឃើញ អំពីកំហឹងពុះកញ្ជ្រោលរបស់ជនប៉ាឡេស្ទីនខ្លះ មានទៅលើ​រដ្ឋអ៊ីស្រាអែល និងប្រជាជនជ្វីហ្វជាទូទៅ បន្ទាប់ពី​មានហេតុការណ៍ផ្ទុះសង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីពេលថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI