អ៊ីរ៉ង់-បោះឆ្នោត

បោះឆ្នោត​ប្រធានាធិបតីអ៊ីរ៉ង់ ៖ បេក្ខជន​ឈរ​ឈ្មោះ​សុទ្ធ​តែ​ជា​​អ្នក​អភិរក្សនិយម​ប្រកាន់​តឹង

លោក​ Ebrahim Raisi បេក្ខជន​ប្រធានាធិបតី​អ៊ីរ៉ង់ ដែល​នាំ​មុខ​គេ​អាច​នឹង​ឡើង​មក​បន្ត​តំណែង​ពី​លោក​Hassan Rouhani
លោក​ Ebrahim Raisi បេក្ខជន​ប្រធានាធិបតី​អ៊ីរ៉ង់ ដែល​នាំ​មុខ​គេ​អាច​នឹង​ឡើង​មក​បន្ត​តំណែង​ពី​លោក​Hassan Rouhani ATTA KENARE AFP/File

​ការ​បោះឆ្នោត​ប្រធានាធិបតីអ៊ីរ៉ង់ នឹង​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី ១៨​មិថុនា ២០២១ ដោយ​មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប​៧​រូប ត្រូវ​មក​ប្រកួត​ប្រជែក​គ្នា។ នេះ​បើ​តាម​សេចក្តី​សម្រេច​របស់​ក្រុមប្រឹសា​ឆ្មាំ​ធម្មនុញ្ញ​អ៊ីរ៉ង់។ នៅ​ក្នុង​ចំណោម​បេក្ខជនប្រធានាធិបតី​ទាំង​៧​រូប​ដែល​សុទ្ធ​សឹង​ជា​អ្នក​អភិរក្ស​និយម ៥​នាក់​ជា​អភិរក្សនិយម​ប្រកាន់​តឹង​។ ចំណែក​បេក្ខជន​កណ្តាល​និយម​ឬ​អ្នក​កំណែទម្រង់និយម​ត្រូវ​បាន​ក្រុម​ប្រឹក្សាច្រាន​​​ចេញ​អស់។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​ឆ្មាំ​ធម្មនុញ្ញអ៊ីរ៉ង់ ដែល​ជា​អ្នក​ជ្រើសតាំង​បេក្ខជន​ប្រធានាធិបតី​ បានបង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ សូម្បី​តែ​បេក្ខជន​ប្រធានាធិបតី អ្នក​​អភិរក្ស​និយម​ប្រកាន់​តឹង​បំផុត លោក អេប្រាហ៊ីម រៃស៊ី Ebrahim Raissi  ក៏​បាន​ខំ​ធ្វើ​អន្តរាគមន៍សុំ​​ឱ្យ​មាន​បេក្ខជន​នៃ​ចរន្ត​នយោបាយ​ផ្សេង​បាន​ឈរ​ឈ្មោះ ដើម្បី​ឱ្យ​ការ​បោះឆ្នោត​មាន​លក្ខណៈប្រកួត​ប្រជែង​។

តែ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ មិន​ត្រឹម​តែ​​​​​ច្រាន​ចោល​បេក្ខភាព​របស់​អតីត​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ម៉ាមូដ អាម៉ាឌីនិនចាដ (Mamoud Ahmadinejad) ដែល​ពេញ​និយម​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ទេ តែ​ថែម​ទាំង​ច្រាន​ចោល​បេក្ខភាព​របស់អ្នក​អភិរក្ស​និយម​មិន​ប្រកាន់​តឹង ​លោក អាលី ឡារី​ចានី (Ali Larijani( អតីត​ប្រធានសភា​​អ៊ីរ៉ង់​និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​របស់​អគ្គមគ្គុទេសក៏​អាលី​ខាមេណី​ ព្រមទាំង​អ្នក​កំណែទម្រង់​និយម​លោក អេស្ហាក ចាហានហ្គីរី (Es-Hagh Jahaguiri)ទៀត​ផង។ ពោល​គឺ​គ្មានបេក្ខជន​ប្រធានាធិបតី​ណា​ម្នាក់​ជា​អ្នក​កណ្តាល​និយម ឈរ​ឈ្មោះ​នៅ​ក្នុង​សម័យ​ឆ្នោត​ថ្ងៃទី ១៨​មិថុនា ២០២១​ខាង​មុខទេ។

ជាមួយ​នឹង​សេចក្តី​សម្រេច​រក្សា​បេក្ខជន​៧​រូប​ ដែល​សុទ្ទ​តែ​​ជា​អ្នក​អភិរក្សនិយម​ ការ​បោះឆ្នោត​ទំនង​ជា​នឹង​​ផ្តល់​សំណាង​ឱ្យ​លោក អេប្រាហ៊ីម រៃស៊ី ជាប់​ឆ្នោត​ក្លាយ​ប្រធានាធិបតី​បន្តពី​លោក​ ហាសាន់ រូហានី ដែល​បាន ​ប្រកាស​ថា​ បានសរសេរ​សំបុត្រ​មួយ​ទៅ​មគ្គុទេសក៍​ អាលី ខាមេណី ដ៏​មាន​អំណាច​នៅ​​អ៊ីរ៉ង់ ឱ្យ​ចូល​ធ្វើ​អន្តរាគមន៍ ដើម្បី​មាន​បេក្ខជន​ឈរ​ឈ្មោះ​ច្រើន ទើប​កា​របោះឆ្នោត​មាន​តម្លៃ។

ក្រៅ​អំពី​សមភាព​បេក្ខជន​ឈរ​ឈ្មោះ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ទៅ​​បោះឆ្នោត​​ក៏​ជា​កត្តា​សំខាន់​។ បើ​តាមការ​ព្យាករ ដោយ​ហេតុ​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​ឱនភាព​ជាតិ ការ​បោះឆ្នោត​នេះ នឹង​មាន​ចំនួន​អ្នក​មិន​ទៅ​​​បោះឆ្នោត​ខ្ពស់​ខ្លាំង ដូច​កាលពី​ឆ្នាំ​២០២០ ក្នុង​សម័យ​បោះឆ្នោត​សភា ដែល​មាន​អត្រា​អវត្តមាន​ឡើង​ដល់​៥៦%៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI