អ៊ីស្រាអែល

អ៊ីស្រាអែល៖នាយករដ្ឋមន្រ្តីលោកនេតាន់យ៉ាហ៊ូបញ្ជាក់ថា លោកមិនបានញុះញង់ឲ្យមានអំពើហិង្សាទេ

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលលោក​នេតាន់យ៉ាហ៊ូ
នាយករដ្ឋមន្រ្តី​អ៊ីស្រាអែលលោក​នេតាន់យ៉ាហ៊ូ AP - Yonatan Sindel

នៅ​អ៊ីស្រាអែល នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​បាន​ថ្លែង​ការពារ​ខ្លួន​ក្នុង​ថ្ងៃ​អាទិត្យ ទី៦ មិថុនា​ថា លោក​មិន​បាន​ញុះញង់​ឲ្យ​ក្រុម​សកម្មជន​គាំទ្រ​លោក​ប្រព្រឹត្តិ​អំពើ​ហិង្សា​ទេ។ ការ​ចេញ​ការពារ​ខ្លួន​របស់​លោក​នេតាន់យ៉ាហ៊ូ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រមុខ​ស៊ើបការណ៍ស្ងាត់​ផ្ទៃក្នុង​អ៊ីស្រាអែល​បាន​ចេញ​មុខ​ព្រមាន​ប្រឆាំង​នឹង​កំណើន​សុន្ទរកថា​នយោបាយ​ដែល​មាន​ចរិត​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា។ គួរ​រម្លឹក​ថា អ៊ីស្រាអែល​កំពុង​ស្ថិត​ក្នុង​ស្ថានការណ៍​នយោបាយ​មួយ​តានតឹង​ខ្លាំង​ដែល​លោក​នេតាន់យ៉ាហ៊ូ​កំពុង​ប្រឈម​នឹង​ការ​ខ្ទាត​ពី​អំណាច។

ផ្សាយពាណិជ្ជកម្ម

បរិបទ​នយោបាយ​តានតឹង​នៅ​អ៊ីស្រាអែល​ពេល​នេះ​មិន​អាច​ធ្វើ​ឲ្យ​ប្រមុខ​ស៊ើបការណ៍ស្ងាត់​ផ្ទៃក្នុង​អ៊ីស្រាអែល​លោក​ណាដា អាហ្កាមែន​ដែល​គ្មាន​ទម្លាប់​ចូលខ្លួន​អន្តរាគមន៍​បន្ត​ឈរ​ឱបដៃ​នៅ​ស្ងៀម​បាន​ឡើយ។ ថ្លែង​នៅ​យប់​ថ្ងៃ​សៅរ៍ ទី៥ មិថុនា លោក​ណាដា អាហ្កាមែន​បាន​ព្រមាន​ប្រឆាំង​នឹង​កំណើន​សុន្ទរកថា​នយោបាយ​ដែល​មាន​បង្ក​ដោយ​សារ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ពិសេស​នៅ​លើ​បណ្តាញសង្គម។ លោក​ណាដា អាហ្កាមែន​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​នយោបាយ​មក​ពី​គ្រប់​គណបក្ស​ទាំង​អស់​ឲ្យ​បញ្ឈប់​ការ​ប្រើ​សុន្ទរកថា​របៀប​នេះ។ សុន្ទរកថា​ដែល​ប្រមុខ​ស៊ើបការណ៍ស្ងាត់​ផ្ទៃក្នុង​អ៊ីស្រាអែល​រូប​នេះ​យល់​ថា អាច​ជា​ការ​បើក​ភ្លើង​ខៀវ​ឲ្យ​មនុស្ស​ខ្លះ ឬ​ក្រុម​ខ្លះ​ប្រព្រឹត្តិ​អំពើហិង្សា​ដែល​អាច​បង្ក​ឲ្យ​មាន​ស្នាមរបួស​រហូត​ដល់​ស្លាប់។

លោក​ណាដា អាហ្កាមែន​មិន​បាន​លើក​ចំ​ឈ្មោះ​រូប​ថ្នាក់ដឹកនាំ​នយោបាយ​ណា​ម្នាក់​ទេ តែ​កាសែត​ក្នុង​ស្រុក​ខ្លះ​បាន​មើល​ឃើញ​ថា សារ​របស់​លោក​ណាដា អាហ្កាមែន​ជា​ការ​ព្រមាន​ត្រង់​សំដៅ​លើ​នាយករដ្ឋមន្រ្តី​លោក​នេតាន់យ៉ាហ៊ូ​ដែល​កំពុង​ដាក់​គំនាប​លើ​ក្រុម​អ្នកតំណាងរាស្រ្ត​ឲ្យ​បោះបង់​ការ​គាំទ្រ​លើ​គម្រោង​បង្កើត​រដ្ឋាភិបាល​ចម្រុះ​របស់​គូប្រជែង​ខ្លួន​លោក​យ៉ាអៀរ ឡាពីដ។ ជា​ការ​ឆ្លើយ​តប​ដោយ​ការពារ​ខ្លួន លោក​នេតាន់យ៉ាហ៊ូ​បាន​ថ្លែង​ដោយ​ចំអក​នៅ​ពី​មុខ​ថ្នាក់ដឹកនាំ​គណបក្ស​ស្តាំនិយម​លីគូដ​របស់​លោក​ក្នុង​ថ្ងៃ​អាទិត្យ ទី៦ មិថុនា​ដោយ​បាន​លើក​ឡើង​ពី​ភាព​ផុយស្រួយ​រវាង​ការ​រិះគន់​នយោបាយ និង​ការ​ញុះញង់​ឱ្យ​មាន​អំពើហិង្សា។

តាម​លោក​នេតាន់យ៉ាហ៊ូ គេ​មិន​អាច​និយាយ​បាន​ទេ​ថា នៅ​ពេល​ដែល​ការ​រិះគន់​មក​ពី​បក្ស​ខាង​ស្តាំ​ជា​ការ​ញុះញង់​ឱ្យ​មាន​អំពើហិង្សា ហើយ​នៅ​ពេល​ដែល​ការ​រិះគន់​មក​ពី​បក្ស​ខាង​ឆ្វេង​ជា​ការ​ប្រើប្រាស់​នូវ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នោះ​ទេ។ បន្ទាប់​មក លោក​នេតាន់យ៉ាហ៊ូ​បាន​ថ្កោលទោស​លើ​គ្រប់​ទង្វើ​ញុះញង់​ឲ្យ​មាន​អំពើហិង្សា និង​ចាត់​ទុក​ការ​អំពាវនាវ​របៀប​នេះ​ជា​រឿង​ខុសច្បាប់។ គួរ​បញ្ជាក់​ថា លោក​នេតាន់យ៉ាហ៊ូ​ដែល​បាន​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ជាប់​គ្នា​រយៈពេល ១២ឆ្នាំ​កំពុង​ប្រឈម​នឹង​ការ​ខ្ទាត​ពី​អំណាច។ រដ្ឋាភិបាល​ចម្រុះ​ថ្មី​រៀបចំ​ដោយ​ប្រមុខ​បក្សប្រឆាំង​លោក​យ៉ាអៀរ ឡាពីដ​ដែល​រួម​គ្នា​ជាមួយ​បក្ស​ផ្សេង​ទៀត និង​គ្មាន​រូប​លោក​នេតាន់យ៉ាហ៊ូ​កំពុង​រង់ចាំ​ការ​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​ពី​សភា​ដែល​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ពុធ ទី៩ មិថុនា ឬ​ថ្ងៃ​ចន្ទ ទី១៤ មិថុនា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI