អ៊ីស្រាអែល

សភាអ៊ីស្រាអែល​នឹង​បោះឆ្នោត​តែងតាំង​​រដ្ឋាភិបាល​ថ្មី ​បិទបញ្ចប់​ការដឹកនាំ​​១២ឆ្នាំ របស់​​លោក​នេតាន់យ៉ាហ៊ូ

លោក Yair Lapid (ឆ្វេង) និងលោក Naftali Bennett (ស្តាំ) ដែលនឹងផ្លាស់វេនគ្នា ១៨ខែម្នាក់ ធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។
លោក Yair Lapid (ឆ្វេង) និងលោក Naftali Bennett (ស្តាំ) ដែលនឹងផ្លាស់វេនគ្នា ១៨ខែម្នាក់ ធ្វើជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល។ © RFI/AP

នៅថ្ងៃអាទិត្យ ទី​១៣មិថុនានេះ សភាអ៊ីស្រាអែល នឹងបើកសម័យប្រជុំពិសេសមួយ ដើម្បីបោះឆ្នោត​​ផ្តល់​សេចក្តី​ទុកចិត្ត ដល់រដ្ឋាភិបាលថ្មី ដែលនឹងត្រូវដឹកនាំដោយ​នាយករដ្ឋមន្ត្រី២នាក់ ផ្លាស់វេនគ្នា ១៨ខែម្នាក់។ លោកនេតាន់យ៉ាហ៊ូ ដែលបានកាន់តំណែងនាយករដ្ឋមន្ត្រី ១២ឆ្នាំកន្លងមកនេះ នឹងត្រូវ​បិទបញ្ចប់ឆាកនយោបាយរបស់ខ្លួនហើយ ដោយសារតែ​ ក្រុមអ្នកនយោបាយ​ផ្សេងទៀត បានរួមគ្នាបង្កើតរដ្ឋាភិបាលចម្រុះ និង​​មិនសហការជាមួយ​រូបលោក។

ផ្សាយពាណិជ្ជកម្ម

លើកលែងតែក្នុងករណី មាន​ការប្រែប្រួលណាមួយ នៅនាទីចុងក្រោយ គឺសភាក្នេសេត (Knesset) របស់អ៊ីស្រាអែល នឹងត្រូវ​បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់រដ្ឋាភិបាលថ្មី ដែលជារដ្ឋាភិបាលចម្រុះ និង ដោយគ្មានគណបក្សលីគូត របស់លោក ប៊ីនយ៉ាមីន នេតាន់យ៉ាហ៊ូ ចូលរួមទេ​។

ដើម្បីប្រមូលឲ្យ​បាន​សមាជិកសភា ៦១នាក់ ក្នុងចំណោម១២០នាក់ រដ្ឋាភិបាលចម្រុះថ្មី នឹងត្រូវផ្សំឡើងដោយ​ គណបក្សចំនួន​៨ ទាំងឆ្វេងនិយម ស្តាំនិយម កណ្តាលនិយម និងជាពិសេសនោះ គឺមានគណបក្សអារ៉ាប់អ៊ីស្រាអែល ចូលរួមជាលើកដំបូងបង្អស់។

រដ្ឋាភិបាលថ្មី នឹងដឹកនាំដោយនាយករដ្ឋមន្ត្រី២នាក់ ផ្លាល់វេនគ្នា គឺលោក Naftali Bennett មកពីគណបក្សស្តាំនិយម Yamina ដែលនឹងដឹកនាំ​រដ្ឋាភិបាល១៨ខែដំបូង បន្ទាប់មកទៀត គឺលោក Yair Lapid មកពីបក្សកណ្តាលនិយម ដែលនឹងមកធ្វើជានាយករដ្ឋមន្ត្រី១៨​ខែ​បន្ទាប់។

គួររំលឹកថា ក្រោយការបោះឆ្នោតនៅខែ​មីនា អ៊ីស្រាអ៊ែលបានជាប់គាំងនយោបាយ ដោយសារតែគ្មានគណបក្សណាមួយ បានសម្លេងភាគច្រើនក្នុងសភា។ ការចរចានយោបាយ បានចាប់ផ្តើមឡើងយ៉ាងសស្រាក់សស្រាំ ដោយលោកប៊ីនយ៉ាមីន នេតាន់យ៉ាហ៊ូ បានព្យាយាមអូសទាញគេឯង ឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយខ្លួន។ តែទីបំផុត លោកនេតាន់យ៉ាហ៊ូ និងគណបក្សលីគូត​ ត្រូវបាន​​អ្នកនយោបាយ​ផ្សេងៗទៀត បោះបង់ចោល ហើយងាកទៅផ្គុំគ្នាដាច់ដោយឡែក ដើម្បី​រារាំង មិនឲ្យ​លោក​នេតាន់យ៉ាហ៊ូ បន្តតំណែងជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា លោកប៊ីនយ៉ាមីន នេតាន់យ៉ាហ៊ូ ដែលបច្ចុប្បន្នមានវ័យ ៧១ឆ្នាំ បានកាន់តំណែងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ១២ឆ្នាំជាប់គ្នា ពោលគឺយូរជាងអ្នកណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្ររដ្ឋអ៊ីស្រាអែលទំនើប។ ក្រៅពី​មានរឿងក្តីក្តាំពុករលួយ លោកនេតាន់យ៉ាហ៊ូ ត្រូវគេដឹងថា គឺជាមនុស្សស្តាំនិយម​ជ្រុល​ ដែលមានទំនោរ ពង្រីកទឹកដីអ៊ីស្រាអែល ពង្រឹងការដាក់អាណានិគមទៅលើដែនដីប៉ាឡេស្ទីន និងជាពិសេសនោះ គឺមាន​គំនិត​រឹងរូស មិនចង់ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនឯករាជ្យ។ ជាមួយនឹងរដ្ឋាភិបាលចម្រុះថ្មី ដែលគ្មានលោកនេតាន់យ៉ាហ៊ូ គេសង្ឃឹមថា ផែនការ​ចរចា និងកសាងសន្តិភាពជាមួយប៉ាឡេស្ទីន អាចនឹងមានសង្ឃឹមរស់ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI