អ៊ីស្រាអែល-ប៉ាឡេស្ទីន-កូវីដ១៩

អ៊ីស្រាអ៊ែល ​ដោះដូរ​វ៉ាក់សាំង​​កូវីដ​១៩ ដែល​ជិត​ផុត​កាលបរិច្ឆេទ​ចំនួន​​១លានដូស ទៅ​ឲ្យ​​ប៉ាឡេស្ទីន

បុគ្គលិកពេទ្យ កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ​១៩ ទៅឲ្យ​ប្រជាជនប៉ាឡេស្ទីន នៅក្រុងរ៉ាម៉ាឡា តំបន់ស៊ីសហ្សកដានី ថ្ងៃទី ៦ មិថុនា ២០២១
បុគ្គលិកពេទ្យ កំពុងចាក់វ៉ាក់សាំងបង្ការកូវីដ​១៩ ទៅឲ្យ​ប្រជាជនប៉ាឡេស្ទីន នៅក្រុងរ៉ាម៉ាឡា តំបន់ស៊ីសហ្សកដានី ថ្ងៃទី ៦ មិថុនា ២០២១ AP - Nasser Nasser

អ៊ីស្រាអែល នឹងបញ្ជូនវ៉ាក់សាំងបង្ការកូវីដ​១៩ របស់មន្ទីរពិសោធន៍ Pfizer ចំនួន​១លាន​ដូស ទៅឲ្យ​ប៉ាឡេស្ទីន។ អាជ្ញាធរអ៊ីស្រាអែល បានអះអាងថា នេះមិនមែនជាជំនួយទេ តែជាការដោះដូរ ព្រោះវ៉ាក់សាំងទាំងនោះ ស្ថិតនៅក្នុងស្តុករបស់អ៊ីស្រាអែល ហើយជិតផុតកាលបរិច្ឆេទប្រើប្រាស់ ខណៈដែលប៉ាឡេស្ទីន កំពុងត្រូវការវ៉ាក់សាំង។ មន្ទីរពិសោធន៍ Pfizer នឹងប្រគល់សងវ៉ាក់សាំងថ្មី ទៅឲ្យ​អ៊ីស្រាអែល ក្នុងចំនួន​ដូចគ្នាវិញ នៅរវាងខែកញ្ញាខាងមុខ។

ផ្សាយពាណិជ្ជកម្ម

យោងតាមលិខិតប្រកាស របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាលអ៊ីស្រាអែល គឺអ៊ីស្រាអែល បានចុះកិច្ចព្រមព្រៀង ជាមួយអាជ្ញាធប៉ាឡេស្ទីន ដើម្បី​ដោះដូរវ៉ាក់សាំងបង្ការកូវីដ​១៩ របស់មន្ទីរពិសោធន៍ Pfizer ចំនួន​១លានដូស។ វ៉ាក់សាំងទាំងនេះ នឹងត្រូវបញ្ជូនទៅតំបន់ស៊ីសហ្សកដានី របស់ប៉ាឡេស្ទីន ក្នុងរវាងប៉ុន្មានថ្ងៃខាងមុខ។

លិខិតប្រកាសដដែល បញ្ជាក់ថា នៅរវាងខែកញ្ញា និងខែតុលា មន្ទីរពិសោធន៍ Pfizer និងប្រគល់សងវ៉ាក់សាំង​ថ្មី មកឲ្យ​ភាគីអ៊ីស្រាអែល ក្នុងចំនួន​១លានដូសដូច​គ្នា​។ កិច្ចព្រមព្រៀងនេះ អាចធ្វើទៅបាន បន្ទាប់ពី​ភាគីទាំងសងខាង សង្កេតឃើញថា អ៊ីស្រាអែល មានសល់វ៉ាក់សាំងច្រើននៅក្នុងស្តុក ហើយដែលវ៉ាក់សាំងទាំងនោះ ជិតផុតកាលបរិច្ឆេទកំណត់ប្រើប្រាស់។ ផ្ទុយទៅវិញ នៅប៉ាឡេស្ទីន គេកំពុងត្រូវការវ៉ាក់សាំងចាក់បន្ទាន់ ខណៈដែលវ៉ាក់សាំងដែលបាន​បញ្ជារទិញពីមន្ទីរពិសោធន៍ Pfizer គឺទាល់តែខែកញ្ញាទើបអាចទទួលបាន​។

ក្រសួងសុខាភិបាល​ប៉ាឡេស្ទីន នៅក្រុងរ៉ាម៉ាឡា បានបញ្ជាក់ថា ពិតជាមានកិច្ចព្រមព្រៀងនេះមែន ដោយ​ខាងមន្ទីរពិសោធន៍ Pfizer គឺជាអ្នកផ្តួចផ្តើមគំនិត ដើម្បីជួយ​ប៉ាឡេស្ទីន ឲ្យ​ពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង។ នៅរវាងថ្ងៃព្រហស្បតិ៍ ឈានចូលថ្ងៃសុក្រទី១៨មិថុនា អាជ្ញាធរប៉ាឡេស្ទីន បានរកឃើញករណីវិជ្ជមាន​កូវីដ​១៩ ចំនួន​១៦៥នាក់​បន្ថែមទៀត។ ករណីវិជ្ជមានកូវីដ​១៩ សរុបនៅប៉ាឡេស្ទីន មាន​៣១២០០០នាក់ ក្នុង​នោះស្លាប់ ៣៥៤០នាក់។

យោងតាមអង្គភាពអ៊ីស្រាអែល ជួយប្រជាជនស៊ីវីល នៅដែនដីប៉ាឡេស្ទីន វ៉ាក់សាំងចំនួន​​១សែន​ដូស ត្រូវបានភាគីអ៊ីស្រាអែល បញ្ជូនចេញទៅកាលពីថ្ងៃសុក្រទី១៨មិថុនា យកទៅឲ្យអាជ្ញាធរប៉ាឡេស្ទីន។

សូមបញ្ជាក់ថា អ៊ីស្រាអែលគឺជាប្រទេស ដែលបានចាក់វ៉ាក់សាំង ឲ្យប្រជាជនខ្លួន បានច្រើនបំផុត។ គិតត្រឹមពេលនេះ ៥៥%នៃប្រជាជនអ៊ីស្រាអែល ពោលគឺប្រមាណ​ ៥.១លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ទាំង​២ដូសហើយ។ ដោយឡែក ប៉ាឡេស្ទីន ដែលមានប្រជាជន ២.៨លាននាក់នៅតំបន់ស៊ីសហ្សកដានី និង២លាននាក់នៅតំបន់ហ្កាហ្សា គឺមានតែ​ប្រមាណ​២៧ម៉ឺននាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងទាំង២ដូស។

លោក​Nitzan Horowitz រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មី របស់អ៊ីស្រាអែល បានលើកឡើងថា ការដោះដូរវ៉ាក់សាំង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននេះ មានសារៈសំខាន់ និងបានផលចំណេញទាំងសងខាង។ លោកបញ្ជាក់ថា លោកចង់ឃើញ អ៊ីស្រាអែល និងប៉ាឡេស្ទីន សហការគ្នាបែបនេះក្នុងវិស័យផ្សេងៗទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI