អ៊ីរ៉ង់-សិទ្ធិមនុស្ស

អង្គការការពារសិទ្ធិមនុស្ស​ទាមទារ​បើក​អង្កេត​ប្រឆាំងនឹង​ប្រធានាធិបតី​អ៊ីរ៉ង់​​ជាប់​ឆ្នោត​​ថ្មី ពី​បទ​ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ

អង្គការ​Amnesty International ទាមទារ​បើក​អង្កេត​ប្រឆាំង​លោក​Ebrahim Raisi ពីបទ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
អង្គការ​Amnesty International ទាមទារ​បើក​អង្កេត​ប្រឆាំង​លោក​Ebrahim Raisi ពីបទ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ATTA KENARE AFP

អង្គការ​ការពារ​សិទ្ធិមនុស្សអន្តរជាតិ​ Amnesty International បាន​បរិហារ​នៅ​ថ្ងៃ​សៅរ៍​ទី ១៩​មិថុនា​នេះ ថា លោក អេប្រាហ៊ីម រ៉ៃស៊ី ដែល ​គួរ​តែ​ជាប់​អង្កេត​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆឈង​នឹងមនុស្ស​ជាតិ និង​ពី​បទ​បង្ក្រាប​ហិង្សា​មិន​គោរព​សិទ្ធិមនុស្ស បែរជា​​​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់​ថ្មីទៅ​វិញ។ រដ្ឋ​ជា​សមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស​​អង្គការ​សហប្រជាជាតិ​ទាំង​អស់​គួរ​តែ​ចាត់​វិធានការ​ ជាក់ស្តែង​ប្រឆាំង​នឹង​និទណ្ឌភាព​នៅ​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

បណ្តោយ​ឱ្យ​លោក អេប្រាហ៊ីម រ៉ៃស៊ី Ebrahim Raïsi​ ​អ្នក​អភិរក្ស​និយម​ជ្រុល​បាន​ក្លាយ​ជា​ប្រធានាធិបតី​អ៊ីរ៉ង់ ហើយ​មិន​បើក​អង្កេត​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ធ្វើ​ឃាត​មនុស្ស ​ធ្វើ​ឱ្យ​បាត់​ខ្លួនដោយ​បង្ខំ ​និង​ទារុណកម្ម​ បញ្ជាក់ឱ្យ​ឃើញ​ថា​និទណ្ឌភាព​កំពុង​ឡើង​ចាង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ចោទ​ប្រកាន់​របស់​អង្គការ​ការពារសិទ្ធិមនុស្ស Amnesty International។

បើ​តាមអង្គការ​ លោក អេប្រាហ៊ីម រ៉ៃស៊ី ធ្លាប់​ជា​សមាជិក​នៃ​គណៈកម្មការមរណៈ​ ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ និង​ប្រហារ​ជីវិត​ដោយ​មិន​ឆ្លងកាត់​តុលាការ​ នូវ​ក្រុម​នយោបាយ​បក្ស​ប្រឆាំង​​រាប់​ពាន់​នាក់​ ក្នុង​នាម​លោក​ជា​រដ្ឋអាជ្ញារង​នៃតុលាការ​បដិវត្តអ៊ីរ៉ង់កាលពី​ឆ្នាំ​១៩៨៨។ ជោគវាសនា​របស់​ជនរងគ្រោះ និង​កន្លែងកប់​សាកសព​ ត្រូវ​បាន​អាជ្ញាធរ​អ៊ីរ៉ង់​លាក់​បាំងជា​ស្វ័យ​ប្រវត្តិ ដែល​នេះ​អា​ច​ចាត់​ទុក​បាន​ជា​ទង្វើ​ឧក្រិដ្ឋកម្មប្រឆាំងមនុស្ស​ជាតិ។ នេះ​បើ​តាម​ការ​ចោទប្រកាន់​របស់​អង្គការ​Amnesty Internationalដដែល។

ប៉ុន្តែលោក​ រ៉ៃស៊ី​ បាន​បដិសេធ​​កាលពី​ឆ្នាំ​២០១៨ និង​២០២០ថាលោកគ្មានតួនាទីសោះ​​ ក្នុង​ការ​ប្រហារ​ជីវិតអ្នក​ប្រឆាំង​​ដោយ​មិន​ឆ្លង​កាត់​​តុលាការ​ទេ។ គឺ​មាន​តែ​ការ​គោរព​និង​លើក​បង្គាប់​របស់​អគ្គមគ្គុទេសក៍ អាយ៉ាតូឡា ខាមេណី ស្ថាបនិក​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​។

ជាង​នេះ​ទៅទៀត សម្រាប់​​អង្គការ​ការពារសិទ្ធិមនុស្ស​អន្តរជាតិ ក្នុង​ពេលកាន់​អំណាច​ជា​ប្រធានអាជ្ញាធរ​យុត្តិធម៌ នារយៈ​ពេលពី​រ​ឆ្នាំចុងក្រោយ​នេះ ​លោក រ៉ៃស៊ី បានថែមទាំង​ប្រើ​អំណាចបង្ក្រាប​យ៉ាង​ហិង្សា ចាប់​ក្រុមអ្នក​បះបោរ​ សកម្មជន​សិទ្ធិមនុស្ស​និង​ ក្រុម​ជនជាតិ​ភាគតិច រាប់​រយ​នាក់​​ដាក់​ឃុំឃាំង ដោយ​​គ្មានគិត​អំពី​បញ្ហា​សិទ្ធិមនុស្សទេ។ ការ​ចាប់​ខ្លួនបាតុករ​រាប់​ពាន់​នាក់និង​ការ​បាត់​ខ្លួន​មនុស្ស​ជា​ច្រើន​រយ​នាក់​ ក្រោយ​ការ​ងើប​បះបោរធ្វើ​បាតុកម្មកាលពី​ខែ​វិច្ឆិកា ២០១៩ ក៏​ជា​ស្នាដៃរបស់​លោក​រ៉ៃស៊ី​ដែរ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អង្គការ​ ទទូច​ឱ្យ​សមាជិក​ក្រុមប្រឹក្សា​សិទ្ធមនុស្ស​​អង្គការ​ប្រជាជាតិ​ទាំង​អស់​ត្រូវ​តែ​ចាត់​វិធានការ​ដោយ​ជាក់​ស្តែងប្រឆាំង​នឹងលោក រៃស៊ី ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​​និទណ្ឌភាព​ជា​ស្វ័យ​ប្រវត្តិ​នៅ​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI