អ៊ីរ៉ង់-នុយក្លេអ៊ែរ-អាមេរិក

ប្រធានាធិបតីថ្មីអ៊ីរ៉ង់ បង្ហាញជំហរតឹងរឹង បដិសេធមិនជួបចរចា ជាមួយ​​ លោក ចូ បៃដិន

លោក Ebrahim Raisi ក្នុងពេលធ្វើសន្និសីទកាសែតលើកទីមួយ ៣ថ្ងៃក្រោយ​ជាប់ឆ្នោត ជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់។ ក្រុងតេហេរ៉ង់ ថ្ងៃទី ២១ មិថុនា ២០២១
លោក Ebrahim Raisi ក្នុងពេលធ្វើសន្និសីទកាសែតលើកទីមួយ ៣ថ្ងៃក្រោយ​ជាប់ឆ្នោត ជាប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់។ ក្រុងតេហេរ៉ង់ ថ្ងៃទី ២១ មិថុនា ២០២១ AP - Vahid Salemi

៣ថ្ងៃក្រោយជាប់ឆ្នោត ក្លាយជាប្រធានាធិបតីអ៊ីរ៉ង់ថ្មី លោកអេប្រាហ៊ីម រ៉ៃស៊ី បានបង្ហាញជំហរជាក់ច្បាស់ ទាក់ទិននឹងទំនាក់ទំនងអន្តរជាតិ។ ក្នុងសំណុំ​រឿង​នុយក្លេអ៊ែរ លោក​​ប្រធានាធិបតីថ្មីអ៊ីរ៉ង់ បានលើកឡើងថា លោក​នឹងមិនជួបចរចា ជាមួយ​លោក​ចូ បៃដិនទេ។ តែយ៉ាងណា ទាក់ទិននឹងការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ ជាមួយ​អារ៉ាប៊ីសាអូឌីត លោក អេប្រាហ៊ីម រ៉ៃស៊ី បាន​លើក​ឡើង​ថា អ៊ីរ៉ង់នឹងមិនដាក់ឧបសគ្គជំទាស់ឡើយ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទកាសែតជាលើកទី១ ក្នុងនាម​ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់​លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raïssi) បាន​លើកឡើងថា គោលនយោបាយការបរទេសរបស់អ៊ីរ៉ង់​ មិនមែនកំណត់ត្រឹមតែ​សំណុំរឿងនុយក្លេអ៊ែរនោះទេ។ លោក​បានសង្កត់បន្ថែមថា អ៊ីរ៉ង់មិនមែនចរចា ដោយគ្រាន់តែចង់ចរចានោះទេ។​ រាល់ការជួបចរចាទាំងអស់​ គឺត្រូវតែផ្តល់ជាលទ្ធផលជាក់ស្តែង ដល់ជាតិអ៊ីរ៉ង់។ ទាក់ទិននឹង​ការស្តារទំនាក់ទំនងជាមួយ​ប្រទេសអារ៉ាប៊ីសាអូឌីត លោក អេប្រាហ៊ីម រ៉ៃស៊ី បានអះអាងថា រដ្ឋាភិបាល​លោក នឹងមិនដាក់ឧបសគ្គរារាំង ក្នុងការបើកស្ថានទូតជាមួយគ្នាឡើងវិញនោះទេ។

ឆ្លើយតប នឹងបណ្តាញព័ត៌មានអាមេរិកមួយ ដែលចោទសួរថា តើ​លោកយល់ព្រមជួប​ជាមួយ​លោក​ចូ បៃដិន ដែរឬទេ ដើម្បីឈានទៅចរចា​ដកទណ្ឌកម្មសេដ្ឋកិច្ច ព្រមទាំងស្តារទំនាក់ទំនងជាមួយអាមេរិក លោកប្រធានាធីបតីថ្មីអ៊ីរ៉ង់ បាន​ឆ្លើយមួយម៉ាត់យ៉ាងខ្លីថា លោក​មិនជួប​លោក​ចូបៃដិនទេ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមប្រទេសហត្ថលេខី រួមជាមួយ​ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ កំពុងប្រឹងប្រែងចរចា នៅទីក្រុងវីយែន ដើម្បីស្រោចស្រង់​កិច្ចព្រមព្រៀងនុយក្លេអែ៊រ​អ៊ីរ៉ង់។ ការចរចា គឺផ្តោតសំខាន់ទៅលើការវិលត្រលប់ចូលរួមវិញ របស់សហរដ្ឋអាមេរិក តាមរយៈការលុប​ចោលទណ្ឌកម្មខ្លះទៅលើអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ត្រូវ​ត្រលប់ មកគោរពខសន្យាទាំងស្រុងវិញ។

គួរបញ្ជាក់ថា លោក អេប្រាហ៊ីម រ៉ៃស៊ី  គឺជាមនុស្ស​មកពីក្រុមអភិរក្សនិយមជ្រុល ស្និទជាមួយ​លោក​អាយ៉ាតូឡា អាលី ខាមឺណី មគុទេសន៍សាសនាកំពូលរបស់អ៊ីរ៉ង់។ ក្រុមអភិរក្សនិយមជ្រុល ត្រូវបានគេស្គាល់ថា ជាក្រុម​ដែលប្រកាន់មនោគមវិជ្ជារឹងរូសបំផុត ជាមួយ​ប្រទេសលោកខាងលិច មិនថាសហរដ្ឋអាមេរិក ឬអឺរ៉ុបទេ។

យោងតាម​មន្ត្រីអ៊ីរ៉ង់ និង​មន្ត្រីបញ្ចឹមលោកខ្លះ គឺ​គេពិបាកសង្ឃឹមណាស់ ថារដ្ឋាភិបាលអ៊ីរ៉ង់ថ្មី ដឹកនាំដោយលោក អេប្រាហ៊ីម រ៉ៃស៊ី អាចនឹងបន្ទន់ឥរិយាបថ​ ព្រមចរចា ឬធ្វើសម្បទានណាមួយ ដរាបណាសហរដ្ឋអាេមរិក មិនដកចេញ​ទាំងស្រុង នូវទណ្ឌកម្មសេដ្ឋកិច្ចទេនោះ។​ លោក​ អេប្រាហ៊ីម រ៉ៃស៊ី បានបញ្ជាក់ថា គឺសហរដ្ឋអាមេរិក ដែលជាអ្នកបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយសហភាពអឺរ៉ុបវិញ មិនបាន​គោរពការសន្យារបស់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI