អ៊ីរ៉ាក់-អេហ្ស៊ីប-ហ្សកដានី

មេដឹកនាំ​ អេហ្ស៊ីប អ៊ីរ៉ាក់ និងហ្សកដានី ប្រកាសរួមគ្នា​ពង្រឹង​សហប្រតិបត្តិការ​ និងកសាងសន្តិភាព​តំបន់​ដើមបូព៌ា

ប្រធានាធិបតីអ៊ីរ៉ាក់ Barham Saleh (កណ្តាល) ព្រះចៅ Abdallah II (ឆ្វេង) និង​ប្រធានាធិបតី​អេហ្ស៊ីប​ Abdel Fattah al-Sissi (ស្តាំ) នៅទីក្រុងបាកដាត ថ្ងៃទី២៧ មិថុនា ២០២១
ប្រធានាធិបតីអ៊ីរ៉ាក់ Barham Saleh (កណ្តាល) ព្រះចៅ Abdallah II (ឆ្វេង) និង​ប្រធានាធិបតី​អេហ្ស៊ីប​ Abdel Fattah al-Sissi (ស្តាំ) នៅទីក្រុងបាកដាត ថ្ងៃទី២៧ មិថុនា ២០២១ REUTERS - KHALID AL-MOUSILY

មានជំនួប​ត្រីភាគីមួយ​ ត្រូវបាន​គេរៀបចំឡើង នៅទីក្រុង​បាកដាត កាលពីថ្ងៃអាទិត្យ ទី២៧ មិថុនាម្សិលមិញ​ រវាង​លោក​ប្រធានាធិបតី​អេហ្ស៊ីប លោកប្រធានាធិបតី​អ៊ីរ៉ាក់ និងព្រះចៅ​ អាប់ដាឡាទី​២ របស់ហ្សកដានី។ ប្រទេសទាំង៣ បានសន្យាពួតដៃគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងវិស័យសន្តិសុខ និង​ សេដ្ឋកិច្ច។​

ផ្សាយពាណិជ្ជកម្ម

ព្រះចៅអាប់ដាឡាទី២ និង លោក​ប្រធានាធិបតី​អេហ្ស៊ីប Abdel Fattah al-Sissi ត្រូវបានលោក Barham Saleh ប្រធានាធិបតី​អ៊ីរ៉ាក់ និងលោក Moustafa al-Kazimi នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ ទទួល​យ៉ាងរាក់ទាក់ នៅទីក្រុងបាកដាត កាលពីថ្ងៃអាទិត្យ ទី​២៧ មិថុនា។

នៅលើទំព័រ tweeté លោកប្រធានាធិបតីអ៊ីរ៉ាក់ បាន​លើកឡើងថា ជំនួប​ត្រីភាគីនេះ គឺជាការផ្ញើសារ​ដ៏ក្លាហាន នៅចំពោះមុខបញ្ហា​ទាំងឡាយទាំងពួង ដែល​តំបន់ដើមបូព៌ាទាំងមូល ត្រូវ​ដោះស្រាយ។ លោក​បន្ថែមថា ការកសាងស្ថាបនាអ៊ីរ៉ាក់ឲ្យរឹងមាំឡើងវិញ គឺនឹងបើកផ្លូវ ឈានទៅកសាង​ប្រព័ន្ធរួមមួយ​ ក្នុង​តំបន់ដើមបូព៌ា ដោយ​ឈរលើគោលការណ៍ ប្រយុទ្ធប្រឆាំងនឹងទ្រឹស្តីជ្រុលនិយម ការគោរពអធិបតេយ្យភាពរៀងខ្លួន និង​ ការពង្រឹង​ចំណងសហប្រតិបត្តិការ​សេដ្ឋកិច្ច។​

យោងតាម​លិខិតប្រកាសរួមគ្នា ក្នុង​កិច្ចប្រជុំត្រីភាគីនេះ ភាគីទាំង៣បាន​លើកមកនិយាយគ្នា នូវបញ្ហា​ធំៗ​នៃតំបន់ដើមបូព៌ា ព្រមទាំងការស្វែងរក​​មធ្យោបាយ ដើម្បី​​រឹតបន្តឹងចំណាងសហការ រវាងប្រទេសទាំង​៣។ មេដឹកនាំទាំង៣ ក៏បាន​លើកមកពិភាក្សាគ្នាផងដែរ អំពី​ ដំណោះស្រាយនយោបាយ​ បិទបញ្ចប់សង្គ្រាមនៅស៊ីរី ដោយ​​ផ្អែកទៅតាម​​សេចក្តីសម្រេចចិត្ត​រួម នៃអង្គការ​សហប្រជាជាតិ ​និងឈាន​ទៅ​អនុញ្ញាតឲ្យជនភៀសខ្លួនស៊ីរី អាចត្រលប់ទៅ​ផ្ទះសម្បែងវិញ។​

អ៊ីរ៉ាក់ អេហ្ស៊ីប និងហ្សកដានី បានអំពាវនាវផងដែរ ឲ្យ​បង្កើនការប្រឹងប្រែង ដើម្បី​ឈាន​ទៅ កសាង​សន្តិភាព ដែលមានសច្ចធម៌ និងមានលក្ខណៈសកល រវាង អ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រមទាំង​ការឈានទៅ​បង្កើតរដ្ឋប៉ាឡេស្ទីន ឯករាជ្យ ពេញអធិបតេយ្យ។​

សូមបញ្ជាក់ថា ប្រទេសទាំង៣ អ៊ីរ៉ាក់ អេហ្ស៊ីប និង​ហ្សកដានី គឺជាប្រទេសដែលបានដើរតួនាទីសកម្មច្រើន នៅក្នុងយុទ្ធនាការសម្រុះសម្រួល កសាងសន្តិភាព នៅក្នុងតំបន់ដើមបូព៌ា។ ជាក់ស្តែង ថ្មីៗនេះ អេហ្ស៊ីបបានជួយ​បញ្ចុះបញ្ចូល​ឲ្យ​ក្រុមហាម៉ាសប៉ាឡេស្ទីន ព្រមចុះបទឈប់បាញ់ជាមួយអ៊ីស្រាអែល។ អ៊ីរ៉ាក់វិញ បានប្រឹងប្រែងយ៉ាងសកម្មក្នុងការស្តារទំនាក់ទំនង រវាងអ៊ីរ៉ង់ និង អារ៉ាប៊ីសាអូឌីត។ ហ្សកដានី និងអេហ្ស៊ីប ក៏កំពុងតែប្រឹងប្រែង នាំ​ប្រទេសស៊ីរី ឲ្យ​ត្រលប់ចូលមកក្នុង​សម្ព័ន្ធអារ៉ាប់វិញ ផងដែរ។ លោក Ihsan al-Shamari អ្នកវិភាគអ៊ីរ៉ាក់ម្នាក់ បានលើកឡើងថា ជំនួបត្រីភាគី ដែលអ៊ីរ៉ាក់បានរៀបចំកាលពីថ្ងៃទី​២៧មិថុនា ក៏គឺជាសារមួយ​ផងដែរ ប្រាប់ទៅសហរដ្ឋអាមេរិក ថាអ៊ីរ៉ាក់មានទំនាក់ទំនងល្អ​ជាមួយអ៊ីរ៉ង់ពិតមែន តែមិនមែនមានន័យថា អ៊ីរ៉ាក់ បោះបង់ចោល​ទំនាក់ទំនងល្អរបស់ខ្លួន ជាមួយ​​ប្រទេស​អារ៉ាប់ផ្សេងទៀតនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI