អ៊ីស្រាអែល-កូវីដ១៩

អ៊ីស្រាអែល៖ ការឆ្លង​រាលដាល​កូវីដ​ឡើងលឿន​រហ័សវិញ បង្ក​ការព្រួយ​​បារម្ភ​ពី​​​ប្រសិទ្ធភាព​​​នៃ​​វ៉ាក់​សាំង

បុគ្គលិកពេទ្យ កំពុងយកសំណាកស្វែករកកូវីដ​១៩ ​ពីស្រ្តីជនជាតិអ៊ីស្រាអែល នៅក្រុង Binyamina ថ្ងៃទី ២៩ មិថុនា ២០២១
បុគ្គលិកពេទ្យ កំពុងយកសំណាកស្វែករកកូវីដ​១៩ ​ពីស្រ្តីជនជាតិអ៊ីស្រាអែល នៅក្រុង Binyamina ថ្ងៃទី ២៩ មិថុនា ២០២១ AP - Ariel Schalit

អ៊ីស្រាអែលគឺជាប្រទេសមួយ ដែលបានចាក់វ៉ាក់សាំង​ឲ្យ​ប្រជាជន​ខ្លួន បានច្រើនជាងគេបង្អស់ ដែលភាគច្រើន​គឺ​ជាវ៉ាក់សាំង របស់មន្ទីពិសោធន៍Pfizer។ ក៏ប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា កូវីដ​១៩ទម្រង់បំប្លែងខ្លួនដែលតា បាន​ឆ្លងរាលដាលលឿនរហ័សណាស់ នៅ​អ៊ីស្រាអែល។ ប្រការនេះ បានធ្វើ​ឲ្យ​អ្នកជំនាញ​អ៊ីស្រាអែល ភ័យ​បារម្ភថា វ៉ាក់សាំងប្រហែលជាអាចមានប្រសិទ្ធភាព​ចុះខ្សោយ ជាមួយ​នឹងកូវីដ​ទម្រង់បំប្លែង​ខ្លួន​​ដែលតា​។

ផ្សាយពាណិជ្ជកម្ម

ប្រជាជនអ៊ីស្រាអែល ប្រមាណ​ជា​៥៥% បានទទួលការចាក់វ៉ាក់សាំង យ៉ាងហោច២ដូសរួចហើយ ដែលភាគច្រើនគឺជាវ៉ាក់សាំង របស់មន្ទីរពិសោធន៍ Pfizer/BioNTech។ ការចាក់វ៉ាក់សាំង បានយ៉ាងលឿនរហ័សនេះ បានធ្វើ​ឲ្យ​អ៊ីស្រាអែល បានចាប់ផ្តើម ដកចេញនូវវិធានការ​រិតបន្តឹងនានា លប់ចោលកាតព្វ​ពាក់ម៉ាសជាដើម បន្ទាប់ពីបាន​សង្កេត​ឃើញថា ករណីឆ្លងថ្មី បានចុះថយខ្លាំង។

ក៏ប៉ុន្តែគិតចាប់​ពីថ្ងៃទី​ ២១ មិថុនា មក ការឆ្លងរាលដាល ហាក់បានបោះពួយ​ស្ទុះឡើងវិញ។​ ក្នុងថ្ងៃអាទិត្យ ទី៤កក្កដា ករណីវិជ្ជមាន​ថ្មីបន្ថែម មានចំនួន​ដល់ទៅ៣៤៣នាក់។ ការឆ្លងរាលដាលខ្លាំងនៅពេលនេះ គឺបណ្តាល​មកពី​កូវីដ​១៩ ទម្រង់បំប្លែងខ្លួនដែលតា ដែល​បានក្លាយ​ជាទៅជាទម្រង់កូវីដ​១៩ គ្រប​ដណ្ដប់​ភាគ​ច្រើន​លើសលុប នៅអ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលអ៊ីស្រាអែល អះអាងថា ក្នុងចំណោម​អ្នកឆ្លងថ្មី មួយរយៈចុងក្រោយនេះ គឺមានពាក់កណ្តាល ជាកុមារ ហើយ​ពាក់កណ្តាលទៀត គឺសុទ្ធតែជាមនុស្សធំ ហើយដែលភាគច្រើន បានចាក់វ៉ាក់សាំងរួចរាល់ទាំង២ដូសហើយ។

លោក Ran Balicer ប្រធាន​គណកម្មាធិការជាតិគ្រប់គ្រងជំងឺឆ្លងអ៊ីស្រាអែល បានលើកឡើងថា តាមរយៈការសង្កេតនេះ គឺវាពិតជា​មានសញ្ញាណ​បឋម ដែលហាក់​បង្ហាញ​ថា​ វ៉ាក់សាំងបង្ការ អាចប្រហែលជាមានប្រសិទ្ធភាពចុះខ្សោយ ជាមួយ​នឹងកូវីដ​ទម្រង់បំប្លែងខ្លួនដែលតា។ តែយ៉ាងណា អ្នកជំនាញអ៊ីស្រាអែលរូបនេះ បន្តសង្ឃឹមថា វ៉ាក់សាំងអាចមានប្រសិទ្ធភាពល្អដដែល ដើម្បីការពារកុំឲ្យ​មនុស្ស​ដែលឆ្លងកូវីដ​១៩ ទម្រង់បំប្លែងខ្លួនដែលតា ត្រូវធ្លាក់ខ្លួនឈឺធ្ងន់ ពោលគឺប្រសិទ្ធភាពខ្ពស់ដូចជាមួយ​នឹង​កូវីដ​ទម្រង់បំប្លែងខ្លួនអាល់ហ្វា។

គួរបញ្ជាក់ថា ប្រឈមនឹងការងើបឡើងវិញ នូវការឆ្លងរាលដាលកូវីដ​១៩ ក្នុងអំឡុងពេលនេះ រដ្ឋាភិបាលអ៊ីស្រាអែល បាន​សម្រេចដាក់ត្រលប់មកវិញនូវវិធានការ​បង្ការមួយចំនួន ដូចជាការដាក់កំហឹត ឲ្យ​ពាក់ម៉ាសឡើងវិញ នៅទីកន្លែងបិទជិត និងបាន​លើកកាលបរិច្ឆេទ បើកទ្វារប្រទេសទទួលអ្នកដំណើរបរទេសដែលចាក់វ៉ាក់សាំងហើយ  នៅ​ដើមខែ​សីហាវិញ។​

គួរកត់សំគាល់ផងដែរថា​ កូវីដ​១៩ទម្រង់បំប្លែងខ្លួន​ដែលតា ក៏កំពុងតែធ្វើ​ឲ្យ​ប្រទេសនៅ​អឺរ៉ុប មានការព្រួយ​បារម្ភខ្លាំងណាស់ដែរ ដោយ​សារតែការឆ្លងរាលដាល យ៉ាងលឿនរហ័សបំផុត។ រុស្ស៊ី ព័រទុយហ្កាល់ ជាដើម​កំពុងប្រឈមនឹងការឆ្លងរាលខ្លាំងបំផុត។ រដ្ឋាភិបាល​បារាំង បានទាញសញ្ញាអាសន្ន នៅ​ថ្ងៃទី​៥​កក្កដាថា​ ជាមួយ​កម្លាំងឆ្លងរាលដាល​ដ៏លឿននេះ បារាំងអាចប្រហែលជារងនូវរលកឆ្លងរាលដាលខ្លាំង ជាលើកទី​៤ នៅរវាង​ចុងខែកក្កដានេះហើយ។ គិតត្រឹមពេលនេះ កូវីដ​១៩តម្រង់បំប្លែងខ្លួនដែលតា មានទំហំប្រមាណ​៣០% នៃករណីវិជ្ជមានរកឃើញថ្មី ប្រចាំថ្ងៃនៅបារាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI