អ៊ីរ៉ង់-អាមេរិក

អ៊ីរ៉ង់បញ្ជាក់ជាផ្លូវការពីការចរចាជាមួយអាមេរិកស្តីពីការដោះដូរអ្នកទោស

អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​លោក Ali Rabiei
អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​លោក Ali Rabiei AFP - STR

ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី១៣ កក្កដា​ថា ខ្លួន​ពិត​ជា​កំពុង​ចរចា​ជាមួយ​អាមេរិក​ស្តីពី​ការ​ដោះដូរ​អ្នកទោស។ ការ​បញ្ជាក់​របស់​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​លោក Robert Malley ប្រេសិតអាមេរិក​ទទួល​បន្ទុក​បញ្ហា​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា រដ្ឋបាល​អាមេរិក​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​ដោយ​យក​ចិត្ត​ទុកដាក់​ជា​ទីបំផុត។ តាម​លោក Robert Malley ការ​ដោះ​លែង​អ្នក​ទោស​អាមេរិក​ទាំង​អស់​ដែល​ជាប់​ឃុំ​នៅ​អ៊ីរ៉ង់​ជា​អាទិភាព​របស់​រដ្ឋបាល​លោក​ចូ បៃដិន និង​បន្ថែម​ថា ការ​ចរចា​ជាមួយ​អ៊ីរ៉ង់​កំពុង​មាន​ដំណើរ​វិជ្ជមាន។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​នៅ​ក្នុង​សន្និសីទកាសែត អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​លោក Ali Rabiei បាន​បញ្ជាក់​ច្បាស់ៗ​ពី​វត្តមាន​នៃ​កិច្ចចរចា​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ស្តីពី​ការ​ដោះដូរ​អ្នក​ទោស​រវាង​គ្នា។ តែ​លោក Ali មិន​ភ្លេច​បញ្ជាក់​ពី​ជំហរ​របស់​អ៊ីរ៉ង់​ដែល​ចង់​ឲ្យ​មាន​ការ​ដោះលែង​អ្នកទោស​អ៊ីរ៉ង់​ទាំង​អស់​ដែល​កំពុង​ជាប់ឃុំ​នៅ​បរទេស ពោល​មិនមែន​ជាប់ឃុំ​តែ​នៅ​លើ​ទឹកដី​អាមេរិក​មួយ​ទេ។ តើ​មាន​អ្នកទោស​អ៊ីរ៉ង់​ប៉ុន្មាន​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​បរទេស និង​ប៉ុន្មាន​នាក់​ជាប់​ឃុំ​នៅ​អាមេរិក? លោក Ali មិន​បាន​បញ្ជាក់​ទេ។

តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​អ៊ីរ៉ង់​រូប​នេះ​ដដែល​បាន​ត្រឹម​អះអាង​ថា អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ដោះដូរ​អ្នកទោសនយោបាយ​ជាមួយ​នឹង​អ្នក​ទោសអ៊ីរ៉ង់​ទាំង​អស់​ដែល​កំពុង​ជាប់ឃុំ​លើ​លោក មុន​នឹង​បញ្ជាក់​បន្ថែម​ថា​ក្នុង​នោះ ក៏​មាន​អ្នកទោស​អ៊ីរ៉ង់​ដែល​អាមេរិក​បាន​បញ្ជា​ឲ្យ​ចាប់​ឃុំ​ដែរ។ ចំណែក​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អ៊ីរ៉ង់​បាន​ថ្លែង​ក្នុង​ថ្ងៃ​ចន្ទ ទី១២ កក្កដា​ថា រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​លោក​យ៉ាវ៉ាដ ហ្សារីស្វ​បាន​បង្ហាញ​ផែនការ​ស្តីពី​ការ​ដោះដូរ​អ្នកទោស​អ៊ីរ៉ង់ និង​អ្នកទោស​អាមេរិក​ទាំង​អស់។

អ្វី​ជា​ការ​កត់សម្គាល់ ព័ត៌មាន​ស្តីពី​ការ​ចរចា​ដោះដូរ​អ្នកទោស​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ពេល​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​កិច្ចចរចា​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ទើប​បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​អូទ្រីស​រវាង​ក្រុម​ប្រទេស​ហត្ថលេខី​ដែល​មាន​អង់គ្លេស ចិន អាល្លឺម៉ង់ បារាំង រុស្ស៊ី និង​អ៊ីរ៉ង់។ គោលដៅ​របស់​ក្រុម​ប្រទេស​ហត្ថលេខី គឺ​ទាញ​អាមេរិក​ឲ្យ​ត្រឡប់​ចូល​ក្នុង​កិច្ចព្រមព្រៀង​ដែល​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ដក​អាមេរិក​ចេញ​ក្នុង​ឆ្នាំ ២០១៨។

តាំង​ពី​ពេល​នោះ​មក ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​អាមេរិក​ក្នុង​ជំនាន់​លោក​ត្រាំ​បាន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង ហើយ​ការ​ចាប់​ជន​បរទេស​នៅ​អ៊ីរ៉ង់​ក៏​បាន​កើន​ឡើង​ដែរ។ ជា​ទូទៅ ជនបរទេស​ដែល​អ៊ីរ៉ង់​បាន​ចាប់​នៅ​លើ​ទឹកដី​ខ្លួន​បាន​ជាប់​ចោទ​ពី​បទ​ធ្វើ​ចារកម្ម និង​ច្រើន​ជា​ជនបរទេស​ដែល​មាន​ដើមកំណើត​អ៊ីរ៉ង់។ គួរ​រម្លឹក​ថា រឿង​ដោះដូរ​អ្នកទោស​រវាង​អ៊ីរ៉ង់ និង​អាមេរិក​មិនមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​ប្រទេស​ទាំង​ពីរ​ធ្លាប់​បាន​ធ្វើ​ការ​ដោះដូរ​អ្នកទោស​រវាង​គ្នា​នា​ពេល​កន្លង​មក។ ការ​ដោះដូរ​ចុង​ក្រោយ​បាន​ធ្វើ​ឡើង​ក្នុង​ខែ​មិថុនា ឆ្នាំ ២០២០ រវាង​អតីត​ទាហាន​ជើងទឹកអាមេរិក​លោក Michael White  និង​អ្នកវិទ្យាសាស្រ្ត​អ៊ីរ៉ង់​លោក Majid Tahéri៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI