អ៊ីស្រាអែល-អ៊ីរ៉ង់

អ៊ីស្រាអែល​ចោទ​អ៊ីរ៉ង់​ថា​ជា​អ្នក​វាយប្រហារ​​នាវា​ដឹកប្រេង​ នៅ​សមុទ្ទ​អូម៉ង់

នាវា​ Mercer Street រងការ​វាយប្រហារ​នៅ​ថ្ងៃទី ២៩ កក្កដា ២០២១
នាវា​ Mercer Street រងការ​វាយប្រហារ​នៅ​ថ្ងៃទី ២៩ កក្កដា ២០២១ © Johan Victor/AP

នាវាដឹកប្រេង​មួយ​គ្រឿង ​រងការវាយប្រហារ នៅ​​សមុទ្ទ​អូម៉ង់ បង្ក​ឱ្យ​នាវិក​ពី​រនាក់​បាត់បង់​ជីវិត។ ​អ៊ីស្រាអែល​បានចោទ​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​សួរពូជ​របស់​ខ្លួន​ ថា​ជា​អ្នកបង្ក​ហេតុ​ និង​មាន​ចេតនា​ចង់​​ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិផង។

ផ្សាយពាណិជ្ជកម្ម

“អ៊ីរ៉ង់​មិនត្រឹម​តែ​បង្ក​បញ្ហា​ដល់អ៊ីស្រាអែលទេ តែ​ជា​បញ្ហា​របស់​ពិភពលោក​ទាំងមូល ! អ៊ីរ៉ង​បង្ក​គ្រោះ​ថ្នាក់ដ​ល់​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​និង​ពាណិជ្ជកម្ម​នៅ​លើ​ពិភពលោក”។ នេះបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ ដែល​ចោទប្រកាន់​អ៊ីរ៉ង់​ថា​ជា​អ្នក​សាប​ព្រោះ​អំពើ​ហិង្សា​ ការ​ខូច​ខាត​នៅ​ក្នុង​តំបន់ និង​សម្លាប់​ជីវិត​ជន​ស៊ីវិល តាមរយៈគំនិត​ងប់​​ចង់​តែ​ការ​វាយប្រហារ​​អ៊ីស្រាអែល។

អ្នកជំនាញ​ផ្នែក​សន្តិសុខ​ ក៏​ព្រលយ​អំពី​សម្មតិកម្ម​នៃ​ការ​វាយប្រហារ​នេះ​ថា​ជា​ទង្វើ​របស់​អ៊ីរ៉ង់​ដែរ។ អ្នកវិភាគ យល់​ថា ការ​វាយប្រហារ​នេះ​មាន​លក្ខណៈស្រដៀង​នឹង​ការ​វាយប្រហារ​នាវា​ពីរ​គ្រឿង​របស់​អ៊ីស្រាអែល​កាលពី​ដើម​ឆ្នាំ​។ ជា​សរុប​នេះ​ជា​ការវាយប្រហារ​លើក​ទី​៥​ហើយ។​ បើ​តាម​អ្នក​ជំនាញ​អ៊ីស្រាអែល​ អ៊ីរ៉ង់​មាន​អារម្មណ៍​ថា​បង់​ចាញ់​នៅ​ចំពោះ​មុខ​ការ​វាយប្រហារ នៅ​លើ​ទឹក​ដី​អ៊ីរ៉ង់ កាលពី​ថ្ងៃទី ១១មេសា នៅ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ Natanz ដែលតេហេរ៉ង់​​ចោទ​ថា​ជា​ស្នាដៃ​របស់អ៊ីស្រាអែល ទើប​ត្រូវ​បង្កើន​សកម្មភាព​សង​សឹកវិញ។

ប៉ុន្តែ​រដ្ឋាបាល​អាមេរិករបស់​លោក ចូ បៃដិន បាន​សម្តែង​ការ​ប្រុង​ប្រយ័ត្នខ្លាំង​ ដោយ​អះអាងថា​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​ល្អិតល្អន់ និង​កំពុងសហការ​ជាមួយ​ដៃគូ​បរទេស ដើម្បីកំណត់​ដំណើរហេតុ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​សុក្រ​ទី​២៩​កក្កដា ក្រុមហ៊ុន​អន្តរជាតិ Zodiac Maritime ​ របស់​មហាសេដ្ឋី​អ៊ីស្រាអែល តែ​​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឡុងដ៍ បាន​ជូន​ដំណឹង​អំពី​ការវាយប្រហារ​នាវា​ដឹកប្រេង​​ M/T Mercer Street របស់​ខ្លួន។ មាន​​នាវិក​ពីរ​នាក់បាន​ស្លាប់ ម្នាក់​ជាជនជាតិ​រ៉ូម៉ានី​ ម្នាក់​ជា​ជនជាតិ​អង់គ្លេស។ នាវា​ដែល​កំពុង​បើកបរ នៅក្នុង​សមុទ្ទ​អូម៉ង់ ចេញពី​ប្រទេស​តង់ហ្សានី​ សំដៅ​ទៅ​កាន់​ទី​តាំង​មានសុវត្ថិភាពមួយ​ មាន​អម​ការពារ​ដោយ​នាវាយោធា​អាមេរិក​ផង។ កងនាវា​យោធា​អាមេរិក​បាន​ចូល​ទៅ​ជួយ​ និង​បាន​ឃើញ​ភស្តុតាង ដោយ​ផ្ទាល់​ភ្នែក​​នៃ​ការ​វាយប្រហារ​ ដោយ​ប្រើ​ដ្រូន​។

សមុទ្ទ​អូម៉ង់​ ដែល​ស្ថិត​នៅ​ចន្លោះ​ប្រទេស​​​អ៊ីរ៉ង់​និងអូម៉ង់ គឺច្រក​យុទ្ធសាស្ត្រ​មួយដែល​​នាវាប្រេង​នៅ​លើ​ពិភពលោក​តែង​ឆ្លងកាត់ និង​ដែល​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិកកំពុង​ធ្វើ​ប្រតិបត្តិការ​។ ចរាចរណ៍​នៅ​តំបន់​នេះ​តែង​តែ​រង​ការវាយប្រហារ​ពី​សំណាក់​ចោរ​សមុទ្ទ​ជា​រឿងៗ កាលពី​មួយ​ទសវត្សរ៍​មុន​ ប៉ុន្តែ គ្រោះ​ថ្នាក់​បាន​ចុះ​ថយ​ច្រើន  នារយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​នេះ ក្រោយ​ពីប្រទេស​ជា​ច្រើន​បាន​បង្កើន​កម្លាំង​​ធ្វើ​ល្បាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI