អ៊ីស្រាអែល-កូវីដ១៩

កូវីដ​១៩ ៖ ចុះ​បើ​មាន ​វ៉ាក់សាំង​ជា​ថ្នាំគ្រាប់ ?

កូវីដ​១៩ ៖ ចុះ​បើ​មាន ​វ៉ាក់សាំង​ជា​ថ្នាំ គ្រាប់ ?
កូវីដ​១៩ ៖ ចុះ​បើ​មាន ​វ៉ាក់សាំង​ជា​ថ្នាំ គ្រាប់ ? JACK GUEZ AFP/File

លោក​អ្នក​ខ្លាច​ម្ជុល​ ទើប​មិន​ចង់​ទៅ​ចាក់ថ្នាំ​បង្ការ​​ជំងឺ​​កូវីដ​ឬ ? ប្រទេស​ខ្លះ​ខ្វះ​ពេទ្យ​សម្រាប់​ចាក់ថ្នាំ កន្លែង​ខ្លះ​ខ្វះ​ម្ជុល​ ខ្វះ​សំឡី​ជូត ឬ ? បន្តិច​ទៀត ពិភពលោក​ប្រហែល​ជា​មិនពិបាក​​ជួប​បញ្ហា​នេះ​ទៀតទេ ព្រោះ​ពេលនេះ​ក្រុមហ៊ុន​ឱសថ​អ៊ីស្រាអែល​មួយ​កំពុង សិក្សា​ផលិត​ថ្នាំ​បង្ការ​​កូវីដ ជា​ថ្នាំ​គ្រាប់។ តើ​អាច​ទៅ​រួច​ដែរ​ឬទេ ?

ផ្សាយពាណិជ្ជកម្ម

មក​ទល់​ពេល​នេះ​មាន​ប្រជាជន​នៅ​លើ​ពិភពលោក​ប្រមាណ​តែ​១៥%​ប៉ុណ្ណោះ ដែល​មាន​សំណាង​បាន​ចាក់​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​រួច ដូច្នេះ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺរាតត្បាត​កូវីដ​ពិត​ជា​នៅ​វែង​ឆ្ងាយ​ទៀត​ណាស់។

ក្នុង​ទស្សនវិស័យ​នេះ ក្រុមហ៊ុន​Oravax របស់​អ៊ីស្រាអែល នឹង​ចាប់​ផ្តើម​ធ្វើ​តេស្ត​សាកល្បង​ដំណាក់កាលទី​មួយចាប់​ពី​ដើម​ខែ​សីហា​២០២១​នេះ នូវ​ថ្នាំ​បង្ការ​កូវីដ​ ជា​ថ្នាំ​គ្រាប់ នៅក្នុង​ប្រទេស​ជា​ច្រើន​ មាន​អាទិ៍​ប្រទេស​អ៊ីស្រាអែល​ផ្ទាល់ និង​អាហ្វ្រិក​ខាង​ត្បូង។ សារធាតុ ​សកម្ម​របស់​ថ្នាំ​នេះ គឺ​សារធាតុ​​សំយោគ​មាន​ទម្រង់​រចនា​សម្ព័ន្ធ​ដូច ប្រូតេអ៊ីន​Spike​ នៃ​មេរោគ​កូរ៉ូណាវីរុស។ ថ្នាំបង្ការ​Oravax អាច​នឹង​មាន​សមត្ថភាព​ប្រឆាំង​មេរោគកូវីដ​បំប្លែង​ខ្លួន​ទៀត​។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​លោក Kidron ប្រធាន​ក្រុមហ៊ុន​ ​ Oravax។

ហេតុ​អ្វី​ជា​ថ្នាំ​គ្រាប់ ? បើ​តាម​ម្ចាស់​ក្រុមហ៊ុន​ឱសថ​ មាន​ប្រទេស​អ្នក​មាន​ជា​ច្រើន​ចាប់​អារម្មណ៍​នឹង​ប្រើ​ថ្នាំគ្រាប់​ ដើម្បី​​សម្រួល​និង​ពន្លឿន​យុទ្ធនាការចាក់​ថ្នាំ​បង្ការ​ដែល​ត្រូវ​ការ​ប្រើ​មធ្យោបាយ​ច្រើន។ ម្យ៉ាង​ទៀត មាន​មនុស្ស​មិន​តិច​ទេ​ដែលមិន​ព្រម​ទៅ​ចាក់​វ៉ាក់សាំង ដោយហេតុ​​​ខ្លាច​ម្ជុល​។ ដូច្នេះ​ការ​ផ្តល់​វ៉ាក់សាំង​ជា​ថ្នាំ​គ្រាប់ ពិត​ជា​អាច​នឹង​ជួយ​ឱ្យ​ពិភពលោក​កាន់​តែ​ឆាប់​មាន​ភាព​ស៊ាំ​រួម។ ការ​ស្ទង់​មតិ​បាន​បង្ហាញ​មាន​ប្រជាពលរដ្ឋអាមេរិក​ជិត​១៩​លាន​នាក់ ដែល​មិន​ព្រម​ទៅ​ចាក់​ថ្នាំ​បង្ការ​កូវីដ ត្រៀម​ខ្លួន​នឹង​ទទួល​វ៉ាក់សាំង​បើ​មាន​ជា​ថ្នាំ​គ្រាប់​សម្រាប់​លេប។

គុណប្រយោជន៍​សំខាន់​មួយ​ទៀត គឺ​ថ្នាំ​គ្រាប់ មិន​សូវ​បន្សល់​ទុក​នូវ​សំរាម​ប្លាស្ទិក​ច្រើនដូច​ថ្នាំ​ចាក់ និង​​ផ្តល់​​ផលរំខាន​តិច​ជាង​ថ្នាំចាក់​។

​តាម​ក្បួន​ ថ្នាំវ៉ាក់សាំង​គ្រាប់​មាន​ចំណុច​វិជ្ជមាន​ច្រើន​មែន ​ប៉ុន្តែគិត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ វ៉ាកសាំង​គ្រាប់​មាន​ជោគជ័យ​តិច​តួច​ណាស់​ ព្រោះ​ធាតុ​សកម្ម​របស់​ថ្នាំ​ហាក់​ដូច​ជា​ពិបាក​ផ្តល់​ប្រសិទ្ធភាព​តាម​រយៈ​បំពង់​អាហារ​ណាស់ លើក​លែង​តែ​ករណី​ថ្នាំ​បង្ការ​គ្រុន​ស្វិតដៃជើង​មួយ ដែលមាន​ទម្រង់​​ជា​ថ្នាំ​បន្តក់ តាម​មាត់។

តាំង​ពី​មុន​លេច​ជំងឺ​រាតត្បាត​កូវីដ​ ក្រុមហ៊ុនអ៊ីស្រាអែល​នេះ​​បាន​ចាប់​ផ្តើម​អភិវឌ្ឍន៍ស្រាវជ្រាវ​រក​បច្ចេកវិទ្យា​ផលិត​ថ្នាំ​គ្រាប់​ជំនួស​ថ្នាំ​ចាក់។ ជាក់ស្តែង​ក្រុម​ហ៊ុន​កំពុង​ឈាន​ទៅ​សម្រេច​ផលិត​​ថ្នាំ​​អាំងស៊ុយលីន​គ្រាប់​ ជំនួសថ្នាំ​អាំងស៊ុយលីនចាក់ បាន​ដល់​ដំណាក់កាល​សាកល្បង​ទី​បី​ហើយ។

ប្រសិន​បើ​ថ្នាំ​បង្ការ​កូវីដ​គ្រាប់​ សម្រេច​បាន​ជោគជ័យ​ដូច​ការ​គិត នោះ​ក្រុមហ៊ុននឹង​អាច​​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​វ៉ាក់សាំង​ដល់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​ពុំ​ទាន់​អាច​ទិញ​ថ្នាំ​បង្ការ​បច្ចុប្បន្ន​បានផង និង​ជា​ក្តី​សង្ឃឹម​ថ្មី​សម្រាប់​ផលិត​ថ្នាំ​បង្ការ​ផ្សេង​ទៀត ក្នុង​ទម្រង់​ជា​ថ្នាំគ្រាប់​នៅ​ពេលអនាគតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI