អ៊ីរ៉ង់-នុយក្លេអ៊ែរ

នុយក្លេអ៊ែរ៖អ៊ីរ៉ង់ និង AIEA រកបានកិច្ចព្រមព្រៀងមួយដើម្បីបន្តឃ្លាំមើលសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់

ប្រធានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់លោកម៉ូហាម៉ាដ អ៊ីស្លាម៉ី (រូបកណ្តាលឆ្វេង) និងអគ្គនាយកទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិលោករ៉ាហ្វាអែល ក្រូស៊ី (រូបកណ្តាលស្តាំ) ថ្ងៃទី១២ កញ្ញា ២០២១ ក្នុង​ប្រទេស​អ៊ីរ៉ង់។
ប្រធានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់លោកម៉ូហាម៉ាដ អ៊ីស្លាម៉ី (រូបកណ្តាលឆ្វេង) និងអគ្គនាយកទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិលោករ៉ាហ្វាអែល ក្រូស៊ី (រូបកណ្តាលស្តាំ) ថ្ងៃទី១២ កញ្ញា ២០២១ ក្នុង​ប្រទេស​អ៊ីរ៉ង់។ AP

នៅ​ថ្ងៃ​អាទិត្យ ទី១២ កញ្ញា ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ​ហៅ​កាត់​ជា​ភាសា​បារាំង AIEA និង​អ៊ីរ៉ង់​បាន​រក​ឃើញ​នូវ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ការ​បន្ត​បេសកកម្ម​ឃ្លាំមើល​លើ​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ បេសកកម្ម​ឃ្លាំមើល​មួយ​នេះ​នឹង​បន្ត​ធ្វើ​ឡើង​ដោយ​កាំមេរ៉ា​ដែល​ដាក់​តាំង​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ « បញ្ហា​ដ៏​បន្ទាន់​បំផុត​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ »  នេះ​ជា​ការ​ថ្លែង​សាទរ​របស់​អគ្គនាយក AIEA លោក​រ៉ាហ្វាអែល ក្រូស៊ី​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​រយៈពេល​ខ្លី​នា​ថ្ងៃ​អាទិត្យ ទី១២ កញ្ញា។ នេះ​ជា​ដំណើរ​ទៅ​កាន់​ទឹកដី​អ៊ីរ៉ង់​លើកទី២ របស់​លោក​ក្រូស៊ី​ក្នុង​ឆ្នាំ ២០២១ នេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ អគ្គនាយក​ទីភ្នាក់ងារ​ថាមពល​បរិមាណូ​អន្តរជាតិ AIEA លោក​រ៉ាហ្វាអែល ក្រូស៊ី​បាន​ជួប​សន្ទនា​ជាមួយ​ប្រធាន​ថ្មី​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ អ៊ីស្លាម៉ី។ លោក​ក្រូស៊ី​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​ជាមួយ​អ៊ីរ៉ង់​ថា ក្រុម​អធិការ​របស់ AIEA ទទួល​បាន​ការ​អនុញ្ញាត​ពី​អ៊ីរ៉ង់​ឲ្យ​ទៅ​អ៊ីរ៉ង់​ដើម្បី​ថែរក្សា និង​ផ្លាស់ប្តូរ​ថាស​ផ្ទុកទិន្នន័យ​នៅ​ក្នុង​កាំមេរ៉ា​ដែល​ដាក់​តាំង​នៅ​តាម​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ តាម​លោក​ក្រូស៊ី ក្រុម​អធិការ AIEA នឹង​ធ្វើ​ដំណើរ​ទៅ​អ៊ីរ៉ង់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ កិច្ចព្រមព្រៀង​ថ្មី​មួយ​នេះ​នឹង​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​អាច​បន្ត​ឃ្លាំមើល​លើ​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​តាម​រយៈ​ការ​ថត​ទុក​នៅ​ក្នុង​កាំមេរ៉ា​ទាំង​នោះ។

គួរ​បញ្ជាក់​ថា ការ​ដែល AIEA ចង់​បាន​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​អ៊ីរ៉ង់​ឲ្យ​បាន​លឿន​ពេល​នេះ​ក៏​ដោយសារ​តែ​កិច្ចព្រមព្រៀង​ចាស់​បាន​ផុត​កំណត់​តាំង​ពី​ខែ​មិថុនា។ ក្តីបារម្ភ​របស់ AIEA គឺ​ខ្លាច​បាត់បង់​ទិន្នន័យ​នៅ​ពេល​ដែល​ថាសផ្ទុកទិន្នន័យ​នៅ​ក្នុង​កាំមេរ៉ា​គ្មាន​កន្លែង​សម្រាប់​ថត​បន្ត​ទៀត។ ដូច្នេះ​សម្រាប់ AIEA វា​ជា​រឿង​បន្ទាន់​បំផុត​ដែល​គេ​ត្រូវ​ប្តូរ​ថាសផ្ទុកទិន្នន័យ​នៅ​ក្នុង​កាំមេរ៉ា​ទាំង​នោះ។ ចំណែក​ថាសផ្ទុកទិន្នន័យ​ដែល​ប្តូរ​ចេញ​នឹង​ត្រូវ AIEA បិទ​ជិត រួច​ប្រគល់​ទៅ​ឲ្យ​អ៊ីរ៉ង់​ជា​អ្នក​ថែរក្សា​ទុក​រហូត​ដល់​ពេល​ណា​ដែល​មាន​ជោគជ័យ​នៅ​ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​ការ​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥។

នៅ​ពេល​នោះ អ៊ីរ៉ង់​នឹង​ប្រគល់​ថាសទិន្នន័យ​ទាំង​អស់​នោះ​ទៅ​ឲ្យ AIEA ធ្វើ​ការ​សិក្សា វិភាគ។ សូម​រម្លឹក​ថា កិច្ចព្រមព្រៀង​ថ្មី​រវាង AIEA និង​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​កិច្ចចរចា ៦ភាគី​ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ត្រូវ​បាន​ព្យួរ​ក្នុង​ថ្ងៃទី២០ មិថុនា ពោល ២ថ្ងៃ​ក្រោយ​ពី​ជ័យជំនះ​របស់​លោក​អ៊ីប្រាហ៊ីម រ៉ាអ៊ីស៊ី​ដែល​ជា​អ្នក​អភិរក្សនិយមជ្រុល​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់។ មន្រ្តីការទូត​អឺរ៉ុប​លោក Enrique Mora បាន​សាទរ​លើ​កិច្ចព្រមព្រៀង​ថ្មី​រវាង​អ៊ីរ៉ង់ និង AIEA រួច​បាន​អំពាវនាវ​ឲ្យ​ចាប់​ផ្តើម​កិច្ចចរចា ៦ភាគី​ជា​ថ្មី​ឲ្យ​បាន​ឆាប់​បំផុត។ សារ​អំពាវនាវ​ដូច​គ្នា​នេះ​ក៏​មាន​ពី​ប្រទេស​រុស្ស៊ី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI