អាកាសចរណ៍

ឌូបៃ​បើក​ពិព័រណ៍​យន្តហោះ​ជាមួយ​នឹង​ទស្សនៈវិស័យអនាគត​​វែង​ឆ្ងាយ

យន្តហោះ​Airbus A380 ហោះបង្អួត​រាង​នៅ​ពិព័រណ៍​ Air Show Dubai
យន្តហោះ​Airbus A380 ហោះបង្អួត​រាង​នៅ​ពិព័រណ៍​ Air Show Dubai AFP

ពិព័រណ៍​យន្តហោះ​លើក​ទី​១៧​ នៅ​ឌូបៃ ចាប់​បើក​ទ្វារ​នៅ​ថ្ងៃអាទិត្យ​ទី ១៤ ដល់​ថ្ងៃ​ទី ១៨​វិច្ឆិកា។ ជា​ព្រឹត្តិការណ៍​ដែលតួអង្គ​ក្នុង​​វិស័យ​អាកាសចរណ៍​រង់ចាំ​ខ្លាំងណាស់ ព្រោះ​វិស័យ​នេះ​បាន​ចុះ​ខ្សោយខ្លាំង និង​គាំង​អស់​ជា​ច្រើន​ខែ ដោយហេតុ​តែ​វិធានការ​សុខភាព​​បង្ក​ឡើង​ដោយ​កូវីដ​១៩។ តាំង​ពី​ផ្ទុះ​កូវីដ​១៩​មក Dubai Airshow ជា​​ពិព័រណ៍​យន្តហោះ​តែ​មួយ​គត់​ ដែល​បើក​ធ្វើ​ឱ្យ​ភ្ញៀវ​ចូល​ទស្សនាដោយ​ផ្ទាល់។

ផ្សាយពាណិជ្ជកម្ម

វិស័យ​អាកាសចរណ៍​ចាប់​មាន​សកម្មភាព​ឡើង​វិញ​ ដោយ​សន្សឹមៗ បន្ទាប់​ពី​ជាប់​គាំង​លើ​ដី​អស់​ស្ទើរ​ពេញ​មួយ​ឆ្នាំ​២០២០មក។ ការ​ហោះហើរ​អន្តរជាតិ រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​គេ ពី​វិធានការ​សុខភាព​ប្រឆាំង​នឹង​កូវីដ១៩ ដោយ​មាន​ចរាចរណ៍​ធ្លាក់​ចុះ​អស់​៦៤% ទល់​២៤%​សម្រាប់​ការ​ហោះហើរ​ក្នុង​ស្រុក បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ ២០១៩។ ឯការ​ទិញ​សំបុត្រ​ធ្វើ​ដំណើរ​បាន​ធ្លាក់​ចុះ​អស់​៦៦%។ នេះបើ​តាម​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាសអន្តរជាតិ។

នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ពិភពលោក ត្រូវ​បន្ត​រង​ការ​ខាត​បង់​អស់​ជិត​ប្រមាណ​៥២ពាន់​លាន​ដុល្លារ​ទៀត។ នៅ​ខែ​កញ្ញា​២០២១ ចរាចរណ៍​ផ្លូវអាកាស​ មាន​សកម្មភាព​តិចជាង​ឆ្នាំ ២០១៩ ដល់​ទៅ​៥៣%នៅ​ឡើយ។

ក្រុម​អ្នក​ជំនាញ​រំពឹង​លើ​​ការ​បើក​ព្រំដែន​ ដើម្បី​ផ្តល់​សន្ទុះ​ដល់​សកម្មភាពហោះហើរ​ឡើង​វិញ ដែល​នឹង​អាច​ឡើង​ពេញ​អំណាច​នៅ​រវាង​ពី​ឆ្នាំ​២០២៣-២៥។ ក្នុង​បរិបទ​​ដូច្នេះ ​​ពិព័រណ៍​យន្តហោះ​ឌូបៃ​ មិន​សង្ឃឹម​ថា​នឹង​មាន​ការ​បញ្ជា​ទិញ​យន្តហោះ​ថ្មីៗ​ ជា​ទ្រង់​ទ្រាយ​ធំ​ទេ។

ប៉ុន្តែ​ជំងឺ​រាតត្បាត​កូវីដ​១៩ គ្មាន​ឥទ្ធិពល លើ​សេចក្តី​ត្រូវ​ការ​ចង់​បាន​យន្តហោះ​ថ្មី​ ​សម្រាប់​រយៈពេល​វែង​ទេ។ ​ក្រោម​សម្ពាធ និងជាប់​សន្យា​បញ្ចេញ​ផ្សែង​ពុលសូន្យ​នៅ​ឆ្នាំ​២០៥០ វិស័យ​អាកាសចរណ៍​ត្រូវ​ការ​យាន​យន្ត​ថ្មី ជា​យន្តហោះមិន​សូវ​បញ្ចេញ​ឧស្ម័ន​ពុល​កាបូនិក​ សម្រាប់​មក​ជំនួស​យន្តហោះ​ចាស់​ដែល​ជាប់​ឈ្មោះ​ជា​អ្នក​​បំពុល​បរិយាកាសខ្លាំង។ បើ​តាម​ក្រុមហ៊ុន​យន្តហោះ​Airbus នៅ​ឆ្នាំ​២០ទៀត​​ខាង​មុខ ពិភពលោក​នឹង​ត្រូវ​ការ​យន្តហោះ​ថ្មី (យន្តហោះ​ដឹក​អ្នក​ដំណើរ និង​យន្តហោះ​ដឹក​ទំនិញ) ចំនួន​ប្រមាណ​៣៩០០០​គ្រឿង។

ពីពេល​នេះ ដល់​ឆ្នាំ ២០៤០ ចរាចរណ៍​ផ្លូវអាកាស​នឹង​មានកំណើនប្រចាំ​ឆ្នាំ​​៣,៩% ក្នុង​មួយ​ឆ្នាំ​។ ប្រជាពលរដ្ឋ​ស្រទាប់​កណ្តាល​ ដែល​មាន​ចំនួន​កើន​ឡើង​​ដល់​ជិត​២ពាន់​លាន​នាក់​ ពោល​គឺ ៦៣%​នៃ​ប្រជាជន​ពិភពលោក នឹង​ធ្វើ​ដំណើរ​តាមយន្តហោះ​ច្រើន​ជាង​មុន។ នេះ​បើ​តាម​ការ​ពន្យល់​របស់​នាយក​ពាណិជ្ជកម្ម​ក្រុមហ៊ុន​Airbus ក្នុង​ពេល​បើក​ពំព័រណ៍​យន្តហោះ​ឌូបៃ ដោយ​លម្អិត​ថា កំណើន​មាន​សន្ទុះ​ខ្លាំង​នៅ​តំបន់​អាស៊ី ជាពិសេស​និង​យុទ្ធសាស្ត្រ​ខ្លាំង​ជាង​គេ​គឺ​ទីផ្សារ​អាកាសចរណ៍​ក្នុង​ស្រុក​ចិន ដែល​កើន​ឡើង​មួយជា​បី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI