អេស្ប៉ាញ-តួកគី-អាល្លឺម៉ង់

តុលាការ​​អេស្ប៉ាញ​​ដោះលែង​​ក្រោម​​លក្ខខណ្ឌ​​​​អ្នកនិពន្ធ​​អាល្លឺម៉ង់​​ដើមកំណើត​តួកគី​​មួយរូប​​

លោក Dorgan Akhanli ជាអ្នកនិពន្ធ​អាល្លឺម៉ង់ ដើមកំណើត​តួកគី
លោក Dorgan Akhanli ជាអ្នកនិពន្ធ​អាល្លឺម៉ង់ ដើមកំណើត​តួកគី dpa/AFP/Archives / Henning Kaiser

តុលាការ​អេស្ប៉ាញ​បាន​ដោះលែង​អ្នកនិពន្ធ​អាល្លឺម៉ង់​ដើមកំណើត​តួកគី​មួយរូប​​អោយ​មាន​សេរីភាព​ នៅថ្ងៃ​អាទិត្យ២០សីហា​នេះ ដោយ​ដាក់លក្ខខណ្ឌ​អោយ​គាត់​ស្ថិតនៅ​តែ​​​ក្នុង​ទីក្រុង​ម៉ាឌ្រីដ។ អ្នកនិពន្ធ​រូបនេះ ឈ្មោះថា ​Dogan Akhanli ត្រូវបាន​ប៉ូលិស​អេស្ប៉ាញ​ចាប់ខ្លួន កាលពី​ថ្ងៃសៅរ៍ តាម​ការស្នើសុំ​របស់​អាជ្ញាធរ​តួកគី។ អាល្លឺម៉ង់​ទាមទារ​អោយ​អេស្ប៉ាញ​កុំបញ្ជូន​លោក​អាខាន់លី​ទៅអោយ​តួកគី​អោយសោះ។ ​​​

ផ្សាយពាណិជ្ជកម្ម

លោក ​Dogan Akhanli ជាអ្នកនិពន្ធ​​អាល្លឺម៉ង់​ ដើមកំណើត​តួកគី ​ត្រូវបាន​ប៉ូលិស​អេស្ប៉ាញ​​ចាប់ខ្លួន កាលពី​ថ្ងៃ​សៅរ៍ ក្នុងទឹកដី​អេស្ប៉ាញ ស្រប​តាម​សំណើ​របស់​តួកគី។ តួកគី​បាន​សុំអោយ​ប៉ូលិស​អាំងទែរប៉ូល ចេញដីកា​ចាប់ខ្លួន​អ្នកនិពន្ធ​អាខាន់លី។ ថ្ងៃអាទិត្យ​នេះ លោក​អាខាន់លី ត្រូវ​បានតុលាការ​អេស្ប៉ាញ​ដោះលែង ដោយ​ដាក់ លក្ខខណ្ឌ​​អោយ​លោក​ស្ថិតនៅតែ​ក្នុង​ទីក្រុង​ម៉ាឌ្រីដ។ ក្នុងពេលនេះ តួកគី​នឹង​ធ្វើសំណើ​សុំអោយ​អេស្ប៉ាញ​ប្រគល់ខ្លួន​​អ្នកនិពន្ធ​ដើមកំណើត​តួកគី​រូបនេះ ទៅអោយ​តួកគី​វិញ។​ ​

យោងតាម​មេធាវី​របស់​អ្នកនិពន្ធ​អាខាន់លី ​ការ​ចាប់ខ្លួន​លោក​អាខាន់លីកាលពីថ្ងៃសៅរ៍ គឺ​ជា​ចេតនា​របស់​​រដ្ឋាភិបាល​តួកគី ដែល​ចង់​​​​​វាយប្រហារ​ក្រុមរិះគន់​ ​​នៅក្រៅប្រទេស​។ អ្នកនិពន្ធ​​​អាខាន់លី ​អាយុ​៦០ឆ្នាំ ​ធ្លាប់​ជាប់ឃុំ​នៅតួកគី​ ក្នុង​ទស្សវត្ស​ឆ្នាំ​១៩៨០ ពី​បទធ្វើសកម្មភាព​ប្រឆាំង ពិសេស​ដោយសារតែ​​លោក​បាន​គ្រប់គ្រង​សារពត៌មាន​​ឆ្វេងនិយម​មួយ។ ​លោក​បាន​ភៀសខ្លួន​ពីតួកគី​ឆ្នាំ​១៩៩១ ហើយ​​​បានមក​រស់នៅ​ទីក្រុង​កូឡូញ ប្រទេស​អាល្លឺម៉ង់។ ខាង​​​តួកគីវិញ​ប្រាប់ថា ​លោក​អាខាន់លី ជាប់សង្ស័យ​ថា ​​ពាក់ព័ន្ធ​នឹង​ការលួចប្រដាប់អាវុធ​មួយ ក្នុង​ឆ្នាំ១៩៨៩។ លោក​ត្រូវបាន​ចាប់ខ្លួន នៅ​ឆ្នាំ២០១០ នៅ​អ៊ីស្តង់ប៊ូល មុន​នឹង​ត្រូវដោះលែង​វិញ រួចហើយ​ត្រូវបាន​​តួកគី​​​សម្រេច​ថា គ្មានទោស។ ប៉ុន្តែ ក្រោយមក​​ក៏មា​ននិតិវិធី​ប្រឆាំង​រូបលោក​ម្តងទៀត។ តំណាងរាស្ត្រ​អាល្លឺម៉ង់​មួយចំនួន​​លើកឡើង​ថា ការតាមប្រមាញ់​លោកអាខាន់លី គឺ​ជា​រឿង នយោបាយ។ អ្នក​តំណាង​ក្រសួងការបរទេស​អាល្លឹម៉ង់​មួយរូប ប្រាប់ថា អាល្លឺម៉ង់​នឹ​ង​ទាក់ទង​អាជ្ញាធរ​អេស្ប៉ាញ សុំអោយ​អាល្លឺម៉ង់​បាន​អន្តរាគមន៍​ក្នុង​រឿង​អ្នកនិពន្ធ​អាខាន់លី​ ដែល​មា​នសញ្ជាតិអាល្លឺម៉ង់នេះ​ដែរ។ អាល្លឺម៉ង់​​នឹងរារាំង​មិនអោ​យតួកគី​សម្រេចបំណង​​​​អោយ​​​អេស្ប៉ាញ​ប្រគល់​ខ្លួនអ្នកនិពន្ធ​រូបនេះ​ទៅអោយតួកគី​វិញទេ។

ទំនាក់ទំនង​អាល្លឺម៉ង់​និងតួកគី​មានភាព​តានតឹង​នឹងគ្នា​ តាំងពី​តួកគី​ធ្វើការ​​​បង្ក្រាប​ក្រុម​បះបោរ​រដ្ឋប្រហារ​ថ្ងៃ១៥កក្កដា​មក។ ​សព្វថ្ងៃ​នេះ ​មាន​ពលរដ្ឋ​អាល្លឺម៉ង់​១០នាក់ ក្នុង​នោះ​មានអ្នកមានសញ្ជាតិអាល្លឺម៉ង់​តួកគីផងដែរ ​កំពុង​​ជាប់ឃុំ​​ក្នុង​ទឹកដី​​តួកគី៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI