អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តួកគី​ប្រែ​ចិត្តចូល​​ប្រយុទ្ធ​ប្រឆាំងនឹង​អង្គការ​រដ្ឋ​អ៊ីស្លាម ជាមួយ​សម្ព័ន្ធមិត្ត ដោយស្ថានការណ៍​តម្រូវ

សំឡេង ០៤:១១
តួកគី​បញ្ជូន​ទ័ព​ទៅ​កាន់​ព្រំដែន​ ដើម្បី​ប្រឈម​នឹង​ការ​រំកិល​ទៅមុខ​របស់​ពួក​​អង្គការ​ជីហាត​រដ្ឋ​អ៊ីស្លាម​
តួកគី​បញ្ជូន​ទ័ព​ទៅ​កាន់​ព្រំដែន​ ដើម្បី​ប្រឈម​នឹង​ការ​រំកិល​ទៅមុខ​របស់​ពួក​​អង្គការ​ជីហាត​រដ្ឋ​អ៊ីស្លាម​ REUTERS/Murad Sezer
ដោយ៖ អៀង សុខម៉ិញ
២៩ នាទី

តួកគី បាន​បញ្ជាក់​ព័ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ទី ២៩ កញ្ញា ថា​ពិត​ជា​មាន​ចេតនា​ចង់​ចូល​សហការ​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម។ សភា​តួកគី​នឹង​ត្រូវ​​បោះឆ្នោត​អនុម័ត​​សំណើ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២ តុលា។ តួកគី​ដែល​ធ្លាប់​តែ​ព្រងើយ​កន្តើយ​​នឹង​​​ការ​គំរាម​កំហែង​​ជីហាត​រដ្ឋ​អ៊ីស្លាម​បាន​ មិន​អើ​ពើព្រម​ចូល​​រួម​ដៃ​ជា​មួយ​សម្ព័ន្ធ​មិត្ត ស្រាប់​តែ​សម្រេច​ប្តូរ​ជំហរ​វិញ​នៅសប្តាហ៍​នេះ គួរ​ឱ្យ​ភ្ញាក់​ផ្អើល។ តើ​អាជ្ញាធរ​តួកគី​ចង់​ភ្ជាប់​ខ្លួន​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ដោយ​ចេតនា​និង​សកម្មភាព​ពិត ឬ​គ្រាន់​តែ​ជា​ចូល​រួម​សម្បក​ក្រៅ​បង្គប់​កិច្ច ?!

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ពេល​ត្រលប់មក​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ ថ្ងៃ​សៅរ៍​ទី ២៧​កញ្ញា ដែល​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan ​បានប្រកាស​ជា​ផ្លូវ​ការ​​ប្តូរ​ជំហរ​ ព្រម​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​សម្ព័ន្ធមិត្ត។ ជាប់​ចោទ​តាំង​ពី​យូរ​ថា​បាន​បិទ​ភ្នែក​​បណ្តោយ​ឱ្យ​ពួក​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម​​បញ្ចេញ​សកម្មភាព​តាម​ចិត្ត ប្រធានាធិបតី​តួកគី​ទើប​បាន​ទទួល​ស្គាល់​​អំពី​ភាព​ចាំបាច់​របស់​តួកគី​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​នឹង​ចលនា​រដ្ឋ​អ៊ីស្លាម។ ជា​ផ្លូវការ​ សេរីភាព​របស់​ចំណាប់​ខ្មាំង​តួកគី​​៤៦​នាក់​ ដែល​ចលនាជីហាត​នៅ​ស៊ីរី​ចាប់​ខ្លួន​ និង​ទើប​ដោះលែង​មក​វិញ​ ជា​បុព្វហេតុ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​តួកគី​អាច​សម្រេច​ចិត្ត​​ចូល​លូក​ដៃ​ក្នុង​ជម្លោះ​ដោយ​ផ្ទាល់​បាន ដោយ​គ្មាន​ក្រែង​ខាត​បង់​ជីវិត​ពលរដ្ឋ។ ប៉ុន្តែ​តាមការពិត​ទៅ​នោះ សម្ពាធ​របស់​អាមេរិក​​មាន​កាន់​តែ​ធ្ងន់ អង់ការ៉ា ដឹង​ច្បាស់​​ថា​មិន​អាច​ដាក់​ខ្លួន​ឱ្យ​នៅ​ឯកា​​ពី​ក្រុម​សម្ព័ន្ធ​មិត្ត​បាន​ទៀត​ឡើយ ចង់​ឬ​មិន​ចង់​តួកគី​ ត្រូវ​តែ​ប្តូរ​ជំហរ​ (តួកគី​មិន​អាច​ការ​ពារ​ជំហរ​ចាស់​បាន​ទៀត​ទេ)។

 
ជំហរ​មិន​ជាក់​លាក់ ! ពេល​ចង់​ឬ​មានប្រយោជន៍​ក៏​គាំទ្រ ហើយ​ពេល​មិន​ត្រូវ​ មិន​គាំទ្រ​បាន​នោះ​ទេ ! តួកគី​ជា​​​ប្រទេស​អ៊ីស្លាម​ តែ​មួយ​គត់​ ក្នុង​​​សម្ព័ន្ធ​អាត្លង់ទិក​អូតង់ និង​ជា​សមាជិក​តែ​មួយ​គត់​ដែល​មិន​ព្រម​ចូល​សហការ​ក្នុង​សម្ព័ន្ធអន្តរជាតិ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម។ បើ​​ព្រម​ចូល​និង​ធ្វើ​ជា​​សមាជិក​អូតង់ហើយ​ មាន​ន័យ​ថា​ព្រមទទួល​យក​គោលការណ៍​អង្គការ​ ព្រម​ទទួល​ខុស​ត្រូវ​ឱ្យ​ស៊ី​ចង្វាក់​គ្នា​ ព្រម​ឱ្យ​អាមេរិក​ដាក់​មូលដ្ឋាន​ទ័ព និង​ត្រូវ​មាន​សាមគ្គីភាព​។ តួកគី​មិន​អាច​ដើរ​​ទិសផ្សេង​ពី​​​​អូតង់ នៅ​ពេល​ចង់​ស្រួល​ខ្លួន ហើយ​ពេល​មាន​ភ័យ​ (ពេល​ស៊ីរី ឬ​សត្រូវ​​វាយប្រហារ) ស្រែក​ប្រកូក​សុំ​សាមគ្គីភាព​ពី​អង្គការ​បាន​ឡើយ។

យ៉ាង​ណា​មិញ នៅពេល​នេះ​ ក្នុង​ពេល​ដែល​​កង​កម្លាំង​សម្ព័ន្ធអន្តរជាតិ​ អាមេរិក បារាំង​អង់គ្លេស បើក​ប្រតិបត្តិការ​ផ្លូវអាកាស​កម្ទេច​ទីតាំង​សំខាន់ៗ​របស់​ចលនា​រដ្ឋ​អ៊ីស្លាម ​នៅ​អ៊ីរ៉ាក់ នៅ​ខាង​ស៊ីរីវិញ អង្គការ​រដ្ឋអ៊ីស្លាម បន្ត​វាត​ទី​ទឹក​ដី​នៅ​ភាគ​ខាង​ជើង និង​រុល​កាន់​តែ​មក​ជិត​ដល់​ព្រំដែន​រវាង​ស៊ីរី​និង​តួកគីហើយ។ អង្គការ​រដ្ឋអ៊ីស្លាម​ចំណេញ​ដី នោះ​ជនភៀស​ខ្លួន​មានកាន់​តែ​ច្រើន ហើយ​អ្នក​ដែល​ត្រូវ​ទទួល​រង​ផលវិបាក​នេះ​មុន​គឺ​តួកគី​តែ​ម្តង។ តាំង​ពី​ថ្ងៃ​ចន្ទ​ទី ២៩​កញ្ញា២០១៤​​មក ទាហាន​តួកគី​បាន​ពង្រឹង​សន្តិសុខ​តាម​ព្រំដែន​ (ព្រំដែន​រួម​ជាមួយ​ស៊ីរី ១២៥០​គ.ម.)។ ការ​គំរាម​កំហែង​មាន​កាន់​តែ​ខ្លាំង ! ចំណាប់​ថ្នូរ​ក្នុង​ដៃ​សត្រូវ​ក៏​លែង​មាន ! តួក​គី​គ្មាន​ជម្រើស​អ្វី​ប្រសើរ​ជាង​ប្រកាស​​ទទួល​ស្គាល់​ អំពី​ភាព​ចាំ​បាច់ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ទេ។

ប៉ុន្តែ​ក្រៅ​អំពី​បានបង្ហើប​បេះដូង​ និង​រៀប​ចំ​ឱ្យ​សភា​អនុម័ត​យល់​ព្រម​ឱ្យរដ្ឋាភិបាល​តួកគី​ចូល​សហការ​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ គេ​បាន​ដឹង​តិច​តួច​បំផុត​អំពី​ចេតនា​ពិត​ប្រាកដ​របស់​តួក​គី និង​អំពី ​ទំហំ​នៃ​សកម្មភាព​ដែល​តួកគី​គ្រោង​ធ្វើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម។ ជាមួយនឹង​ការ​ភ្ជាប់​ខ្លួន​នឹង​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ តួកគី​ទំនង​ជា​ឆក់​ឱកាស​ភ្លាម​ ​ស្នើ​ទាមទារ ឱ្យ​បង្កើត​​តំបន់​ស នៅ​តាម​បណ្តោយ​ព្រំដែន​តួកគី-ស៊ីរី ​ដែល​ជា​គម្រោង​ដ៏​សំខាន់​និង​ចង់​បាន​ជា​យូរ​ឆ្នាំ​មក​ហើយ ពោល​តាំង​ពី​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី​បាន​ផ្ទុះ​ឡើង​ភ្លាម​។ ក៏​ប៉ុន្តែ​គម្រោង​បង្កើត​តំបន់​ស​ដ៏​ស្រពិច​ស្រពិល​ សម្រាប់​ទទួល​ជន​ភៀស​ខ្លួន និងការពារ​ព្រំដែន​តួកគីនេះ​ ​ទំនង​ជា​ពិបាក​សម្រេច​កម្មវត្ថុ​បាន​ណាស់ ដោយហេតុ​តែ​ភាព​ស្មុគ​ស្មាញ​តាម​ផ្លូវ​ច្បាប់​និង​យោធា។

សម្រាប់​អ្នក​វិភាគ​មួយ​ចំនួន​ធំ សំណើ​របស់​តួកគី​នេះ គឺ​គ្រាន់​តែ​ជា​លេស​សម្រាប់​ឱ្យ​អង់ការ៉ា បង្អូសពេល​វេលា និង​ចំណេញ​ពេល ​ ចំណេញ​នយោបាយ​ កុំ​ឱ្យ​តួកគី​ឆាប់បាន​ចូល​បំពេញ​កាតព្វកិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ ដោយ​ជាក់ស្តែងពេក។ អ្នក​សង្កេត​ការណ៍​មើល​ឃើញ​ដូចៗ​គ្នា​ ថា​តួកគី គ្មានបំណង​​ពិត​ចង់​ផ្តល់​កិច្ច​សហប្រតិបត្តិការ​​អ្វី​ ក្រៅ​អំពី​ផ្តល់​​​មូលដ្ឋាន​ចាត់​ចែង​ដល់​ក្រុម​សម្ព័ន្ធ​អន្តរជាតិ​ ក្នុង​ការ​ប្រយុទ្ធ​កម្ទេច​ចលនា​ជីហាត​រដ្ឋអ៊ីស្លាម​នោះទេ។ ពីព្រោះ​ តួកគី​ខ្លាច​ណាស់ ! ខ្លាច​ក្រុម​ប្រយុទ្ធ​គៀរឌីស្ថាន​នៅ​ស៊ីរី ដែល​ស្និទ្ធ​នឹង​ក្រុម​គៀរឌីស្ថាន​នៅ​តួកគី​ យក​ចំណេញ​ពី​ការ​វាយប្រហារផ្លូវ​អាកាស​របស់​អាមេរិក​និង​អារ៉ាប​លើ​ពួក​អង្គការ​ជីហាត។

ជួយ​សម្ព័ន្ធអន្តរជាតិ វាយ​ពួក​ជីហាត​ ដូច​ជា​ជួយ​ឱ្យ​ក្រុម​គៀរឌីស្ថាន​​មាន​អំណាច​ឆ្លង​ព្រំដែន មាន​ការ​ទទួល​ស្គាល់​នយោបាយ​ដោយ​ស្រប​ច្បាប់​កាន់​តែ​ខ្លាំង​ពី​សំណាក់​ក្រសែ​ភ្នែក​​អាមេរិក និងអឺរ៉ុប។ ការ​ប្តូរ​ជំហរ​រួមរួម​ជាមួ​យ​សម្ព័ន្ធ​មិត្ត​ប្រឆាំង​នឹង​ក្រុម​ភេរវនិយម​ ព្រោះ​មិន​អាច​គេច​បាន ប៉ុន្តែ​មិន​ប្រាកដ​ឡើយ​ថា​អាជ្ញាធរ​តួកគី​​មាន​ចេតនា​ពិត និយាយ​ហើយ​ ធ្វើ​សកម្មភាព​ជាក់ស្តែង​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ