តួកគីជឿជាក់ថាមិនរងទណ្ឌកម្មពីអាមេរិក ដោយសាររឿងទិញមីស៊ីលពីរុស្ស៊ី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រធានាធិបតីតួកគីលោកអ៊ែរដូហ្កាន បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញ ដោយភាពជឿជាក់ថា រដ្ឋអំណាចអាមេរិក នឹងមិនដាក់ទណ្ឌកម្មលើតួកគីឡើយ ជុំវិញគម្រោងទិញមីស៊ីល ពីប្រទេសរុស្ស៊ី។ លោកអ៊ែរដូហា្កន បានលើកឡើងបែបនេះ ដោយសំអាងថា លោកបានទទួលការធានាសាជាថ្មី ពីប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ នៅឯកិច្ចប្រជុំមហាប្រទេសឧស្សាហកម្ម G20 នៅទីក្រុងអូសាកាប្រទេសជប៉ុន ដែលទើបតែបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។
កិច្ចព្រមព្រៀងទិញប្រព័ន្ធខែលមីស៊ីល S-400 ដ៏ចម្រូងចម្រាស របស់ប្រទេសតួកគី ពីរុស្ស៊ី នៅគ្រាកន្លងមក បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសតួកគី ព្រមទាំងបណ្តាប្រទេសសម្ព័ន្ធមិត្តអូតង់ ដទៃទៀត ជួបភាពល្អក់កករនឹងគ្នា។ មិនតែប៉ុណ្ណោះ អាមេរិករបស់លោកដូណាល់ ត្រាំ ក៏ធ្លាប់បានប្រកាសដែរថា ទីក្រុងវ៉ាស៊ីនតាន នឹងដាក់ទណ្ឌកម្មលើទីក្រុងអង់ការ៉ា ប្រសិនណាបើនៅតែចចេស រឹងរូស ទិញមីស៊ីល ពីរុស្ស៊ី។
តែទោះជាបែបនេះក្តី លោកប្រធានាធិបតីតួកគី នាខណៈហាក់មានក្តីសង្ឃឹមខ្ពស់ ក្នុងការរួចផុតពីសំណាញ់ទណ្ឌកម្មរបស់អាមេរិក ជាពិសេសបន្ទាប់ពីជួបប្រជុំទ្វេភាគីជាមួយលោកត្រាំ ក្នុងអំឡុងពេលកិច្ចប្រជុំ G20 នៅក្នុងប្រទេសជប៉ុនរួចមក។
ជាក់ស្តែង លោកអ៊ែរដូហ្កាន ថាបានឮផ្ទាល់ត្រចៀក នូវសម្តីរបស់លោកដូណាល់ត្រាំ ដែលថានឹងមិនធ្វើអ្វី ឬក៏ចាត់វិធានការដាក់ទណ្ឌកម្មណាមួយឡើយ មកលើតួកគី។ លោកបានបន្ថែមថា សហរដ្ឋអាមេរិក និងតួកគី គឺជាដៃគូយុទ្ធសាស្ត្រនឹងគ្នា ក៏ប៉ុន្តែលោកមិនបានភ្លេចបញ្ជាក់ដែរទេថា ក្នុងករណីណាក៏ដោយ ក៏គ្មាននរណាម្នាក់មានឥទ្ធិពល អាចជៀតជ្រៀក អធិបតេយ្យភាពរបស់តួកគីបានឡើយ។
ទោះបីមានការអះអាង ពីប្រធានាធិបតីតួកគីបែបនេះក្តី រហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញ លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ចេញមុខនិយាយអ្វី ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះឡើយ។
តែទោះជាយ៉ាងណាក៏ដោយ គេដឹងថា នៅគ្រាកន្លងមក រដ្ឋាភិបាលអាមេរិក បានដាក់សម្ពាធជាច្រើន ឲ្យរដ្ឋាភិបាលតួកគី លប់ចោលនូវការបញ្ជាទិញប្រព័ន្ធខែលមីស៊ីលពីប្រទេសរុស្ស៊ី។ មួយវិញទៀត នៅគ្រាកន្លងមក អាមេរិក ក៏ធ្លាប់បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មបន្ថែម លើតួកគី ក្នុងករណី ដែលនៅតែឡើងចាង និងហ៊ានទិញអាវុធពីរុស្ស៊ី។
ជាក់ស្តែង កាលពីដើមខែឧសភា កន្លងទៅ អាមេរិកបានទុកពេលឲ្យ តួកគីលប់ចោលការទិញ ប្រព័ន្ធខែលមីស៊ីល S-400 ពីរុស្ស៊ី ត្រឹមថ្ងៃទី ៣១ ខែកក្កដា ខាងមុខនេះ។
បើមិនដូច្នោះទេ អាមេរិកថានឹង ដកតួកគីចេញពីគម្រោងផលិត និងទទួលបានយន្តហោះចម្បាំងប្រភេទ F-35 ប្រមាណ១០០គ្រឿង ដែកតួកគីបានបញ្ជាទិញពីអាមេរិក។ ជាគម្រោង ដែលតួកគីបានបណ្តាក់ទុនសរុបប្រមាណជា ១ ៤០០ លានដុល្លារក្នុងការផលិត រហូតមកដល់ពេលនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ