អានតួអត្ថបទ
ថៃ

របបសឹកថៃ៖នរណា​ហ៊ាន​ហើបមាត់​និយាយ​ពី​សេចក្តី​ព្រាង​ធម្មនុញ្ញ​ថ្មី​នៅ​មុន​បោះឆ្នោត​ត្រូវ​ហ៊ាន​ដេក​គុក ១០ឆ្នាំ

នាយករដ្ឋមន្រ្តី​ថៃ លោក​ចាន់ អូចា
នាយករដ្ឋមន្រ្តី​ថៃ លោក​ចាន់ អូចា REUTERS/Jorge Silva
១៥ នាទី

នៅ​ក្នុង​ប្រទេស​ថៃ របបសឹក​ទើប​បាន​អនុម័ត​ច្បាប់​ចាស់ដៃ​មួយ​ដើម្បី​ដាក់​ទ័ណ្ឌកម្ម​អ្នក​ដែល​ហ៊ាន​ហើប​មាត់​និយាយ​ពី​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី។ សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ក្នុង​ខែ​សីហា​ខាង​មុខ។ ច្បាប់​បាន​ពិន័យ​ដាក់​គុក​ចំនួន ១០ឆ្នាំ​ចំពោះ​អ្នក​ណា​ដែល​ផ្តល់​ចំណាប់​អារម្មណ៍​ដល់​សេចក្តី​ព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​មុន​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃ​សុក្រ ទី២២ មេសា​ដែល​ព្រះមហាក្សត្រ​ថៃ​បាន​ចុះ​ហត្ថលេខា​ដាក់​ឲ្យ​ប្រើប្រាស់​ច្បាប់​ថ្មី​នោះ​ជា​ផ្លូវការ។ គឺ​ជា​ច្បាប់​ដែល​ហាម​មិន​ឲ្យ​មាន​ការ​ប្រើ​ឥទ្ធិពល​ណា​មួយ​ទៅ​លើ​​អ្នក​បោះឆ្នោត​ស្តីពី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បាន​រៀបរៀង​តាក់តែង​ឡើង​ដោយ​ក្រុម​យោធា។ តាម​គម្រោង របបសឹក​នឹង​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ថ្ងៃទី៧ សីហា​ខាង​មុខ តែ​ចាប់​ពី​ពេល​នេះ​ទៅ​ដល់​ថ្ងៃ​បោះឆ្នោត របបសឹក​បាន​ហាម​មិន​ឲ្យ​មាន​យុទ្ធនាការ​ឃោសនា​អ្វី​ទាំង​អស់ ទោះ​បី​ជា​យុទ្ធនាការ​នោះ​ត្រូវ​ធ្វើ​ឡើង​ក្រោម​រូបភាព​អ្វី និង​ក្នុង​ទិសដៅ​អ្វី​ក៏​ដោយ។

ជន​ណា​ដែល​ហ៊ាន​បំពាន​លើ​បម្រាម​នេះ​នឹង​ត្រូវ​ដេក​គុក ១០ឆ្នាំ។ កន្លង​មក ក្រុម​សកម្មជន​ប្រឆាំង​ដែល​គេ​ស្គាល់​ជា​ពួក​អាវក្រហម​បាន​ចាត់​ទុក​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ថា​ផ្ទុយ​នឹង​លទ្ធិប្រជាធិបតេយ្យ ដោយ​បាន​អំពាវនាវ​ឲ្យ​បោះឆ្នោត​ប្រឆាំង។ ចំណែក​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​សម្តែង​ក្តីបារម្ភ​ពី​ការ​ពង្រឹង​អំណាច​យោធា​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ក្នុង​ប្រទេស​ថៃ។ កាល​ពី​សប្តាហ៍​កន្លង​ទៅ មាន​សកម្មជនប្រឆាំង​ជា​ច្រើន​នាក់ និង​អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សម្តែង​មតិ​ទាក់ទង​នឹង​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី។

គេ​នៅ​មិន​ទាន់​នៅ​ឡើយ​ទេ​ថា តើ​អ្វី​ទៅ​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃ​ខាង​មុខ។ តែ​បើ​មាន​ការ​គាំទ្រ​ពី​ប្រជារាស្រ្ត​ថៃ​មែន រដ្ឋធម្មនុញ្ញ​ថ្មី​នោះ​ជា​រដ្ឋធម្មនុញ្ញ​ទី២០ គិត​ជិត ១០០ឆ្នាំ​ចុង​ក្រោយ​នេះ។ របបសឹក​បាន​អះអាង​ថា សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​ថ្មី​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន ព្រោះ​វា​ជា​ថ្នាំសាកសិទ្ធ​ដើម្បី​ព្យាបាល​ស្នាមរបួស​នៅ​ក្នុង​សង្គម​ថៃ​នា​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ។ តែ​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​បាន​យល់​ឃើញ​ផ្ទុយ​ទៅ​វិញ​ថា ការ​ពង្រឹង​អំណាច​យោធា​មិន​មែន​ជា​ដំណោះស្រាយ​ឲ្យ​វិបត្តិនយោបាយ​នៅ​ថៃ​ទេ។

គួរ​បញ្ជាក់​ថា​នៅ​ក្នុង​សេចក្តីព្រាងរដ្ឋធម្មនុញ្ញ​ថ្មី របបសឹក​បាន​ស្នើ​ឲ្យ​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ដោយ​មិន​បាច់​បោះឆ្នោត តែងតាំង​សមាជិក​ព្រឹទ្ធសភា​ដោយ​មិន​បាច់​បោះឆ្នោត និង​ការ​ពង្រឹង​អំណាច​របស់​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ