ថៃព្យាយាមលាងជម្រះរសជាតិល្វីងជូរចត់របស់បង្គារចិញ្ចឹម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានការចោទប្រកាន់ជាបន្តបន្ទាប់ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ទៅលើប្រទេសថៃថាជាប្រទេសដែលមានការជួញដូរមនុស្ស ធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃលើកម្មករនេសាទនៅតាមកប៉ាល់។ កម្មករនេសាទទាំងនោះហើយ ដែលផ្គត់ផ្គង់ត្រីសមុទ្រដែលជាចំណីបង្គារ ឲ្យដល់កសិដ្ឋានចិញ្ចឹមបង្គារនៅប្រទេសថៃ។ ឆ្លៀតក្នុងឱកាស ពិពណ៌ចំណីអាហារអន្តរជាតិ នៅក្រុងប៉ារីស ដើមសប្តាហ៍នេះ ថៃបានបញ្ជូនគណៈប្រតិភូ ជាច្រើននាក់ ឲ្យមកចួលរួមក្នុងទិសដៅ ស្តារមុខមាត់ ដែលប្រឡាក់ប្រឡូស ដោយការចោទប្រកាន់ ពីបរទេស និងជាពិសេស គឺពីក្រុមហ៊ុនបរទេស ដែលទទួលទិញបង្គារថៃ។
បង្គារថៃ ប្រឡាក់ដោយស្នាមឈាមរបស់កម្មករខ្មែរ និងភូមា៖
កាលពីខែមិថុនា ឆ្នាំ២០១៤ មានលេចលឺរឿងអាស្រូវ មួយ ទាក់ទិនទៅនឹងកសិដ្ឋានចិញ្ចឹមបង្គារនៅប្រទេសថៃ ដែលទទួលទិញ កូនត្រីយកមកធ្វើចំណីបង្គារ ដែលកូនត្រីទំាងនោះគឺ នេសាទបានពីសមុទ្រដោយកម្មករដែលត្រូវបានម្ចាស់កប៉ាល់ធ្វើបាបគ្មានធម៌មេត្តា។ ដើមដំបូងគឺមានអ្នកកាសែតបរទេសដែលធ្វើការឲ្យកាសែតThe Guardian របស់ប្រទេសអង់គ្លេស បានចុះផ្សាយបទយកការណ៍មួយ ស្តីអំពីជីវិតរបស់កម្មករនេសាទដែលធ្វើការតាមកប៉ាល់នេសាទត្រីរបស់ថៃ។
យោងតាមសារព័ត៌មាននោះបញ្ជាក់ថា កម្មករទាំងនោះ ភាគច្រើន ជាជនជាតិខ្មែរ និងភូមា។ កប៉ាល់ដែលទៅនេសាទត្រីឆ្ងាយៗក្នុងសមុទ្រ គឺដើម្បីយកកូនត្រីទៅកិនឲ្យម៉ត់ ហើយលក់បន្ត ទៅឲ្យកសិដ្ឋានចិញ្ចឹមបង្គាររបស់ថៃ ធ្វើជាចំណីបង្គារ។ កាសែតអង់គ្លេសនេះ បានចុះថា កម្មករដែលធ្វើការនៅលើកប៉ាល់ថៃទាំងនោះ បានរងនូវការធ្វើទារុណកម្មយ៉ាងអមនុស្សធម៌ ពីសំណាក់ម្ចាស់កប៉ាល់ជនជាតិថៃ។
កាសែតបានដកស្រង់សម្តី របស់កម្មករខ្មែរម្នាក់ឈ្មោះវុធ ដែលធ្លាប់ធ្វើការលើកប៉ាល់ថៃថា កម្មករភាគច្រើន ត្រូវគេចាប់បង្ខំ យកទៅធ្វើការលើកប៉ាល់ ហើយម្ចាស់កប៉ាល់លក់ពួកគេ បន្តពីកប៉ាល់មួយ ទៅកប៉ាល់មួយ ដូចសត្វធាតុអញ្ចឹង។ កម្មករធ្វើការ២០ ម៉ោងក្នុងមួយថ្ងៃ ហើយពេលសំរាក ពួកគេត្រូវគេដាក់ច្រវ៉ាក់នៅនឹងជើង ហូបមិនគ្រប់គ្រាន់ ហើយគ្មានថ្នាំព្យាបាលទេ នៅពេលដែលពួកគេមានជំងឺ។ ពួកកម្មករនៅលើកប៉ាល់នេសាទរាប់ខែ ពេលខ្លះរាប់ឆ្នាំ មិនដែលបានឡើងគោកទេ។ ក្រៅតែពីការធ្វើទារុណកម្មបង្អត់បាយ ថៅកែកប៉ាល់ បានបង្ខំឲ្យពួកកម្មករ ប្រើប្រាស់ថ្នាំញៀន ដើម្បីមានកម្លាំងធ្វើការ។ កម្មករម្នាក់ទៀត បាននិយាយថា បានឃើញថៅកែម្នាក់សម្លាប់ កម្មករជាង១០នាក់នៅនឹងមុខ។ ហើយពេលខ្លះ ពួកម្ចាស់កប៉ាល់ បានចាប់ចងដៃចងជើងកម្មករ ហើយបានបើកកប៉ាល់ទាញហែកគ្នាជាពីជាបី ចោលខ្មោចទៅក្នុងសមុទ្រ យ៉ាងឃោរឃៅជាទីបំផុត។
សូមបញ្ជាក់ថា ថៃជាប្រទេសទីបី លើពិភពលោក ដែលនំាចេញបង្គារច្រើនជាងគេ។ ការនាំចេញបង្គារគឺជាសរសរទ្រូងសំខាន់ណាស់ របស់សេដ្ឋកិច្ចថៃ។ ក្រោយការចេញផ្សាយរបស់កាសែតអង់គ្លេស ស្តីអំពី ការធ្វើបាបលើកម្មករនេសាទដូចទាសកររបស់ថៅកែកប៉ាល់ថៃ ក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិក និងនៅអឺរ៉ុប មួយចំនួន បានបញ្ឈប់កិច្ចសន្យា ឈប់ទិញបង្គាររបស់ថៃ។ ទន្ទឹមនឹងនោះដែរ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ប្រទេសថៃ នៅក្នុងបញ្ជីរខ្មៅរបស់ខ្លួន ថា ជាប្រទេសដែលមានការជិះជាន់ និងជួញដួរមនុស្សខ្លាំងជាងគេ។
ប្រតិបត្តិការ លាងបង្គារកក្វក់ និងស្តារមុខមាត់ថៃ៖
ពិពណ៌ចំណីអាហារអន្តរជាតិ ដែលរៀបចំឡើងនៅក្រុងប៉ារីស ក្នុងចន្លោះពីថ្ងៃទី ១៩ ដល់ ថ្ងៃ ២៣ តុលា នេះ គឺជាវេទិកាដ៏ធំ ដែលអាចអនុញ្ញាតឲ្យបណ្តាប្រទេស ផលិត និងនាំចេញ ផលិតផលកសិឧស្សាហកម្ម បានតាំងបង្ហាញផលិតផលរបស់ខ្លួន និងបានជួបដោយផ្ទាល់ ជាមួយក្រុមហ៊ុនធំៗ ដែលនាំចូលទំនិញទាំងនោះ នៅតាមបណ្តាប្រទេសផ្សេងៗ។ គ្រាន់តែសហរដ្ឋអាមេរិក និងអឺរ៉ុប ថៃនាំចេញផលិតផលបង្គារប្រហែល៣៥ភាគរយ នៃការនាំចេញសរុបរបស់ខ្លួន។ បើនិយាយអំពីការនាំចេញសរុបនៃផលិតផលចំណីអាហាររបស់ថៃទៅបរទេស ការនាំចេញបង្គារ គឺស្មើរនឹង៤០ភាគរយឯណោះ។
ដូច្នេះ បើក្រុមហ៊ុនធំៗនៅអឺរ៉ុប រឺអាមេរិក ឈប់ទិញបង្គារថៃ មានន័យថា ថៃខាតបង់ច្រើនណាស់។ ដូចនេះហើយបានជា ថៃបានបញ្ជូនគណៈប្រតិភូជាច្រើននាក់ ដោយមានទាំងមន្ត្រីការទូត អ្នកតំណាងសហគ្រាសធំៗថៃ និងភ្នាក់ងារកំចាត់ការជួញដូរមនុស្ស របស់ថៃផង ដើម្បីធ្វើប្រតិបតិ្តការ ស្តារមុខមាត់ថៃឡើងវិញ។ ចេញពីប៉ារីសទៅ គណៈប្រតិភូនេះ នឹងបន្តដំណើរទៅក្រុងប៊្រុយហ្ស៊ែលទៀត។
លោក សារុណ ចារើនសុវណ្ណ មន្ត្រីការទូតថៃដែលបានដឹកនាំគណៈប្រតិភូមកក្រុងប៉ារីសនាពេលនេះ បានថ្លែងប្រាប់អ្នកកាសែតថា ថៃមិនបានបដិសេធថាវាគ្មានការជួញដួរ និងធ្វើទារុណកម្មលើកម្មករបរទេសនោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលថៃបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់បញ្ហានេះ។ កម្មករដែលរងគ្រោះដោយសាការជួញដូរ និងការធ្វើទារុណកម្មផ្សេងៗ គឺដោយសាកម្មករទាំងនោះ ជាកម្មករដែលលួចចូលមកធ្វើការខុសច្បាប់នៅប្រទេសថៃ។ ថ្មីៗនេះ រដ្ឋាភិបាលថៃបានដាក់ចេញនូវច្បាប់ថ្មី ដើម្បីតំរូវឲ្យកម្មករបរទេសទាំងអស់ មកចុះឈ្មោះ មានក្រដាសស្នាមត្រឹមត្រូវ តាមផ្លូវច្បាប់។ យោងតាមរបាយការណ៏ចុងក្រោយគេ មានកម្មករបរទេស ចំនួន១លាន ៤សែននាក់ហើយ ដែលបានចុះបញ្ជីរតាមផ្លូវច្បាប់។ ច្បាប់ថ្មីមួយទៀត ក៏ត្រូវបានអនុម័តដែរ ដោយតំរូវឲ្យថៅកែ ទាំងអស់ ចុះកិច្ចសន្យាការងារ ជាមួយកម្មករ ព្រមទាំង បានកំណត់ពី ប្រាក់ឈ្នូលរបស់កម្មករ និងមានកំណត់ពីពេលវេលា ឈប់សម្រាកច្បាស់លាស់ទៀតផង។
ជួញជិត ប្រសើរជាងជួញឆ្ងាយ៖
ទោះបីជាយ៉ាងណា ការចុះផ្សាយរបស់កាសែតអង់គ្លេសនេះ មិនមែនទើបតែលើកទីមួយទេ ដែលមានការបរិហារពីការជិះជាន់ និងជួញដូរកម្មករបរទេសដូចសត្វធាតុនៅថៃ។ កាលពី ឆ្នាំ២០១១ អង្គការអន្តោប្រវេសន៍អន្តរជាតិ បានចេញរបាយការណ៍ មួយនិយាយអំពី លក្ខខណ្ឌការងារដ៏លំបាកលំបិន របស់កម្មករខ្មែរ និងភូមា ដែលធ្វើការនៅតាមកប៉ាល់នេសាទរបស់ថៃ។ អង្គការពលកម្មអន្តរជាតិ ក៏ធ្លាប់បានចេញ របាយការណ៍មួយដែរ ថាមានកម្មករខ្មែរ និងភូមារាប់ពាន់នាក់ ដែលធ្វើការតាមទូកនេសាទថៃ ហើយដែលត្រូវចៅកែថៃ ធ្វើបាប បង្ខំឲ្យធ្វើការគ្មានពេលសម្រាក និងធ្វើទារុណកម្មទៀតផង។
កាលពីចុងឆ្នាំ២០១៣ មានក្រុមហ៊ុនថៃ ចំនួន ១៧៨ បានចុះហត្ថលេខា លើវិធានការរួមមួយ សន្យាចូលរួមលប់បំបាត់ ការជួញដូរ និងការធ្វើទារុណកម្មលើកម្មករ។ វិធានការនោះ បានកំណត់ថា នឹងមានការចុះត្រួតពិនិត្យតាមកប៉ាល់ ហើយនឹងបើកឲ្យដំណើរការលេខទូរស័ព្ទបន្ទាន់មួយ ដើម្បីឲ្យកម្មកររងគ្រោះ អាចរាយការណ៏ ក្នុងករណីដែលមានការរំលោភបំពាន។
ប៉ុន្តែ បើតាមការរាយការណ៍ របស់មន្ត្រីការពារសិទ្ធិមនុស្សនៅថៃ អ្វីៗគ្មានបានប្រសើរឡើងទេ ព្រោះថា មន្រ្តីដែលចុះទៅត្រួតពិនិត្យ សុទ្ធសឹងឃុបឃិតគ្នា ជាមួយថៅកែក្រុមហ៊ុន ដោយបានទទូលប្រាក់សំណូក ហើយកម្មករគ្នា ខ្លាច គ្មាននរណាហ៊ានទៅប្រាប់គេនោះទេ។ សូម្បីតែអ្នកសារពត៌មានក្នុងស្រុកថៃ ក៏ធ្លាប់បានសរសេរបរិហារសង្គមថៃ ថាជាសង្គមរើសអើង ជនបរទេសមកពីប្រទេសជិតខាង ជាទីបំផុត។ ប្រជាជនថៃទូទៅ ជាពិសេស ថៅកែថៃ មើលងាយ ធ្វើបាបកម្មករបរទេសណាស់។ កម្មករបរទេសដែលឆ្លងដែន ទៅធ្វើការនៅថៃ ទោះស្របច្បាប់ រឺខុសច្បាប់ ប្រឈមមុខនឹងគ្រោះថា្នក់ខ្លាំងណាស់។ ពាក្យចាស់ខ្មែរនិយាយមិនខុសទេ ជួញជិត ប្រសើរជាងជួញឆ្ងាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ