ថ្នាក់​ដឹក​នាំ​កំពូលនៃ​ទី​ភ្នាក់ងារ អ.ស.ប ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន រង​​រឿង​អាស្រូវ​រំលោភ​អំណាច

វិបត្តិ​ថវិកា​មិន​ទាន់​ដោះ​ស្រាយ​រួច​ផង ឥឡូវ​នេះ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ប៉ាឡេស្ទីន UNRWA ស្រាប់​តែ​ផុង​ជើង ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ថ្មី​មួយ​ទៀត! របាយការណ៍​ស៊ើប​អង្កេតថ្មី ដែល​ទីភ្នាក់ងារ​ព័ត៌មាន AFP ទើប​តែ​ទទួល​បាន បង្ហាញ​ថា ថ្នាក់​ដឹក​នាំ​កំពូល​នៃទីភ្នាក់ងារ UNRWA ដឹក​នាំ​ស្ថាប័ន​មិន​ត្រឹម​ត្រូវ និង​ប្រព្រឹត្ត​អំពើ​រំលោភ​អំណាច។

ទង់​តំណាង​ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA
ទង់​តំណាង​ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន UNRWA រូបភាពឯកសារ
ផ្សាយពាណិជ្ជកម្ម

«ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ទីភ្នាក់ងារ UNRWA រំលោភ​អំណាច​និង​បង្ក្រាប​អ្នក​ប្រឆាំង ដើម្បី​សម្រេច​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន»គឺ​ជា​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍កម្រាស់​ជាង​១០​ទំព័រ ដែល​​ចង​ក្រង​ដោយ​ការិយាល័យ​ក្រម​សីលធម៌ នៃទីភ្នាក់ងារ UNRWA និង​ដែល​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​។

ថ្នាក់​ដឹក​នាំ UNRWA ដែល​រង​ការ​ចោទ​ប្រកាន់​នៅ​ក្នុង​របាយការណ៍​នេះ រួម​មានតាំង​ពី​មន្ដ្រី​ថ្នាក់​ទីប្រឹក្សា រហូត​ដល់​មេ​ដឹក​នាំស្ថាប័ន UNRWA គឺ​លោក ព្យែរ ក្រេអ៊ែនប៊ុល។

លោក ព្យែរ ក្រេអ៊ែនប៊ុល វ័យ​៥៣​ឆ្នាំ រង​ការ​ចោទ​ប្រកាន់​ថា មាន​ទំនាក់​ទំនង​ស្នេហា​ស៊ី​ជម្រៅ​ជាមួយ​មន្ដ្រី​ក្រោម​បង្គាប់​របស់​ខ្លួន។ លោក ព្យែរ បាន​តែង​តាំង​នាង​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់ ហើយ​ស្ថិត​ក្នុង​តំណែង​នេះ នាង​អាច​ធ្វើ​រួម​ដំណើរ​ជាមួយ​លោក​ទៅក្រៅ​ប្រទេស ដើម្បី​បំពេញ​បេសកកម្ម​នានា​​។

ក្រៅ​ពី​លោក ព្យែរ ក្រេអ៊ែនប៊ុល, អនុប្រធាន​ទីភ្នាក់ងារ UNRWA គឺ​លោក​ស្រី សាន់ដ្រា មីតឈែល ក៏​រង​រឿង​អាស្រូវ​ដែរ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​អំណាច ដើម្បី​ស្វែង​រក​ការងារ​ល្អ​ឲ្យ​ស្វាមី​របស់​លោក​ស្រី​។ បន្ថែម​ពី​លើ​នេះ លោក​ស្រី​ក៏​រង​ការ​រិះគន់​ពី​របៀប​ដឹក​នាំ​នៅ​ក្នុង​ស្ថាប័ន​ផង​ដែរ។ លោក​ស្រី​ត្រូវ​គេ​រាយការណ៍ មាន​របៀប​ដឹក​នាំ​ផ្ដាច់​ការ ដោយ​ផាត់​​​អ្នក​ប្រឆាំង​ចេញ​ពីការ​ធ្វើ​​សេចក្ដី​សម្រេច​ចិត្តជា​ដើម​។

ទីភ្នាក់ងារ​ព័ត៌មាន AFP មិន​អាច​ទាក់ទងសុំ​ការ​បំភ្លឺ​ពី​​លោក​ស្រី សាន់ដ្រា មីតឈែល។ ចំណែក​លោក ព្យែរ ក្រេអ៊ែនប៊ុល ប្រធាន UNRWA បាន​ច្រាន​ចោល​នូវ​ការចោទប្រកាន់​ទាំង​ឡាយ​នៅ​ក្នុង​របាយការណ៍នេះ​​។ លោក​ថា ការ​វិនិច្ឆ័យ​​លើ UNRWA គួរ​តែ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ការ​ស៊ើប​អង្កេត​ឯករាជ្យ មិន​មែនផ្អែក​លើ​ការ​ចោទ​ប្រកាន់ និង​ពាក្យ​ចចាម​អារាម លាបពណ៌​ឡើយ​។ យ៉ាង​ណា​ក៏​ដោយ លោក​ព្យែរ ក្រេអ៊ែនប៊ុល បាន​គូស​បញ្ជាក់​ថា លោក​និង​ទីភ្នាក់ងារ UNRWA ទាំង​មូល មិន​ស្ទាក់​ស្ទើរក្នុង​ការ​ចាត់​វិធានការ​កែ​លម្អ​ខ្លួន​ឡើយ ប្រសិន​បើ​មាន​អនុសាសន៍​ដាក់​ចេញ ក្រោយ​ពេល​ការ​ស៊ើប​អង្កេត​បិទ​បញ្ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI