កូរ៉ូណាវីរុស៖ នាយករដ្ឋមន្ត្រីថាកម្ពុជាទទួលបានយុត្តិធម៌មកវិញ!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ពេលនេះអ្វីៗច្បាស់លាស់ហើយ ដែលកម្ពុជាទទួលបានយុត្តិធម៌មកវិញ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនា ព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ បន្ទាប់ពីម៉ាឡេស៊ីអះអាងថាស្ត្រីជនជាតិអាមេរិចកាំងម្នាក់ ដែលធ្លាប់រកឃើញថាមានផ្ទុកកូរ៉ូណាវីរុស ឬCOVID-19 ពេលនេះលែងមានមេរោគនេះហើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ បានសរសេរថា ការមិនទទួលខុសត្រូវរបស់ជនបរទេសខ្លះ លើការពិនិត្យសុខភាពរបស់ភ្ញៀវទេសចរ ដែលជិះលើនាវា Westerdam បានធ្វើឱ្យកម្ពុជាក្លាយជាជនរងគ្រោះនៃទង្វើមនុស្សធម៌របស់ខ្លួនអស់រយៈពេលជិតមួយសប្តាហ៍។ លោកហ៊ុន សែន បន្តថា ទេវតាពិតជាមានភ្នែក ពេលនេះអ្វីៗច្បាស់លាស់ហើយដែលកម្ពុជាទទួលបានយុត្តិធម៌មកវិញ។ មិនមានមនុស្សណាម្នាក់ ដែលជិះលើនាវាខ្នាតយក្ស Westerdam ឆ្លង COVID-19 នោះទេ។ នេះបើតាមការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី
កាលពីថ្ងៃទី២១ ខែកុម្ភៈ សារព័ត៌មាន The Straits Times បានដកស្រង់ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកស្រី Wan Azizah ថា ស្ត្រីជនជាតិអាមេរិកម្នាក់អាយុ៨៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Sungai Buloh នាពេលនេះមិនមានមេរោគកូរ៉ូណាវីរុសទៀតទេ ក្រោយពីការធ្វើតេស្តជាបន្តបន្ទាប់។
ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ម៉ាឡេស៊ី ក្រសួងសុខាភិបាលកម្ពុជាបានលើកឡើងថា ភាពមិនប្រក្រតីនៃលទ្ធផល ដែលបានប្រកាសជាបន្តបន្ទាប់ ដោយអាជ្ញាធរម៉ាឡេស៊ី ធ្វើឲ្យមានការភ័យខ្លាច និងភ័ន្តច្រឡំ សម្រាប់អ្នកដំណើរតាមនាវា Westerdam ទាំងអស់ ហើយក៏បង្កឲ្យមានការរើសអើង ធ្វើឲ្យអ្នកដំណើរ ដែលមិនមានផ្ទុកនូវវីរុស COVID-19 នោះមានការខកខានជាច្រើនថ្ងៃក្នុងការបន្តជើងហោះហើរត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ។
សូមរំលឹកជូនថា ស្ត្រីអាមេរិកអាយុ៨៣ឆ្នាំ រូបនោះ និងស្វាមី បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី១៥ កុម្ភៈ ក្នុងចំណោមអ្នកដំណើរ១៥៤នាក់នៅលើនាវា Westerdam។ ទៅដល់ទឹកដីម៉ាឡេស៊ី អាជ្ញាធរសុខាភិបាលប្រទេសនេះ បានរកឃើញថាស្ត្រីរូបនេះ មានកូរ៉ូណាវីរុស ឯប្ដីរបស់គាត់ មិនមានឡើយ។ បន្ទាប់ពីការទាមទារពីកម្ពុជា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ភាគីម៉ាឡេស៊ីក៏បានធ្វើតេស្តជាលើកទី២ ដែលចេញលទ្ធផលដូចគ្នា គឺ ស្ដ្រីរូបនោះ មានផ្ទុកមេរោគកូរ៉ូណាវីរុស ឬ COVID-19។
ក្រសួងសុខាភិបាលកម្ពុជា តាមរយៈលិខិតរបស់ខ្លួននៅថ្ងៃទី២១ ខែកុម្ភៈ បានលើកថា អង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងរបស់អាមេរិក បានរួមសហការគ្នាជាមួយកម្ពុជា ធ្វើតេស្តលើអ្នកដំណើរ និងអ្នកបំរើការងារលើនាវា Westerdam ដែលនៅសេសសល់ចំនួន ១ ៥៨០នាក់ នៅភ្នំពេញ និងខេត្តព្រះសីហនុ ហើយទទួលលទ្ធផលអវិជ្ជមានវីរុស COVID-19 ទាំងអស់។ ដូច្នេះ ករណីស្ត្រីអាយុ៨៣ឆ្នាំ នៅម៉ាឡេស៊ី គឺមានលទ្ធផលតេស្តវីរុស COVID-19 មិនប្រក្រតី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ