តុលាការបង់ក្លាដែសបញ្ជាឲ្យចាប់ខ្លួនអតីតចៅក្រមតុលាការកំពូលម្នាក់ពីបទកិបកេងថវិកា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តុលាការបង់ក្លាដែស កាលពីថ្ងៃអាទិត្យម្សិលមិញ បានបញ្ជាឲ្យចាប់ខ្លួន អតីតប្រធានចៅក្រុមតុលាការកំពូលដ៏ល្បីម្នាក់គឺលោកស៊ូរ៉ែនដ្រា គូម៉ាស៊ីណា (Surendra Kumar Sinha) និងចៅក្រុមចំនួន ១០ នាក់ផ្សេងទៀត ពីបទពុករលួយ។ បើតាមការឱ្យដឹងពីរដ្ឋអាជ្ញាបង់ក្លាដែសម្នាក់ លោកស៊ីណា ត្រូវបានចោទប្រកាន់ពីបទកិបកេងប្រាក់ចំនួនជិតកន្លះលានដុល្លារ និងការលាងលុយកង្វក់ តាមរយៈការផ្ទេរលុយ ពីគណនីធនាគារមួយទៅធនាគារមួយទៀត។
អតីតចៅក្រុមតុលាការកំពូលបង់ក្លាដែស ដែលរងការចាប់ខ្លួន គឺជាបុគ្គលដែលធ្លាប់ខិតខំដឹកនាំតុលាការកំពូលរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ឆ្ពោះទៅរកឯករាជ្យភាព។ ក៏ប៉ុន្តែ សកម្មភាពរបស់លោកបែបនេះ ត្រូវគេជឿថា មិនបានធ្វើឲ្យរដ្ឋាភិបាលបង់ក្លាដែសសប្បាយចិត្តនោះទេ ហើយនៅទីបំផុតទៅ លោកក៏ត្រូវបង្ខំចិត្ត រត់ភៀសខ្លួនចេញពីប្រទេសនៅចុងឆ្នាំ ២០១៧ ស្របពេលដែលព័ត៌មានលេចឮថា លោកត្រូវបានគេចាប់បង្ខំឱ្យធ្វើដូច្នោះ។
ក្រុមអ្នកប្រឆាំងនិងសកម្មជនសិទ្ធិមនុស្ស បាននិយាយថា ការចាកចេញរបស់លោកអតីតចៅក្រមតុលាការកំពូលស៊ីណា ដែលជាអ្នកកាន់សាសនាហិណ្ឌូបានប៉ះពាល់ដល់ភាពគួរឱ្យជឿទុកចិត្តនៃប្រព័ន្ធតុលាការនៅក្នុងប្រទេសបង់ក្លាដែស។
គួរជ្រាបថា មានវ័យ ៦៨ ឆ្នាំ លោកស៊ីណា នាពេលបច្ចុប្បន្ននេះ កំពុងតែរស់នៅអាមេរិកខាងជើង។ លោក គឺជាអ្នកកាន់សាសនាហិណ្ឌូដំបូងគេបង្អស់ ដែលត្រូវបានតែងតាំងឱ្យក្លាយជាចៅក្រមយុត្តិធម៌ នៃប្រជាជាតិកាន់សាសនាឥស្លាម រាប់ចាប់តាំងពីប្រទេសនេះ ទទួលបានឯករាជ្យពីប៉ាគីស្ថានក្នុងឆ្នាំ ១៩៧១មក។
ការភៀសខ្លួនរបស់ស៊ីនណា បានធ្វើឡើង បន្ទាប់ពីមានសេចក្តីថ្លែងការណ៍ដ៏កម្រមួយ ចេញដោយតុលាការកំពូលបង់ក្លាដែស កាលពីខែតុលាឆ្នាំ ២០១៧ ដែលថា ចៅក្រមផ្សេងទៀត បានចោទប្រកាន់រូបលោក ពីបទពុករលួយ ហើយបានបដិសេធមិនអង្គុយលើកៅអីតុលាការ ជាមួយលោកជាដាច់ខាត។
គួររំឭកជូនថា នៅប៉ុន្មានខែមុនពេលកើតហេតុ លោកស៊ីណា បានដឹកនាំតុលាការកំពូលបង់ក្លាដែស ឆ្ពោះទៅសេចក្តីសម្រេចមួយ ដែលបានដកហូតអំណាចសភា មិនឱ្យមានសិទ្ធិបណ្តេញ ចៅក្រមកំពូលៗចេញពីមុខតំណែងបាន។ សេចក្តីសម្រេចនេះ នាំទៅដល់ការលុបចោលនូវការផ្លាស់ប្តូររដ្ឋធម្មនុញ្ញឆ្នាំ ២០១៤ ដែលណែនាំដោយ លោកស្រីនាយករដ្ឋមន្រ្តីឆេក ហាស៊ីណា។
គួរជ្រាបទៀតថា នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយ ដែលចេញផ្សាយមុនពេល លោកស៊ូរ៉ែនដ្រា គូម៉ាស៊ីណា ចាកចេញពីប្រទេស លោកបានសម្តែងនូវការខកចិត្ត ចំពោះការរិះគន់ ដែលលោកទទួលបានពីរដ្ឋាភិបាល ជុំវិញសេចក្តីសម្រេចនេះ។
ក្រោយមកទៀត លោកបានសរសេរសៀវភៅមួយក្បាលមានចំណងជើងថា “ក្តីសុបិនដែលបែកបាក់៖ នីតិរដ្ឋ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ” ដោយបានរៀបរាប់លម្អិតអំពីរឿងនេះ និងប្រាប់ថា រូបលោកត្រូវបានបង្ខំឱ្យលាឈប់ពីការងារ ហើយលោកបានសម្រេចរត់ភៀសខ្លួន បន្ទាប់ពីរងការគំរាមកំហែង ពីយោធាបង់ក្លាដែស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ