ស្លាប់១៩នាក់និងរបួសជាង៥០នាក់ក្នុងការវាយប្រហារនៅសាលារៀននៅតំបន់គ្រីមេ
ថ្ងៃ ១៧ តុលា ក្នុងអនុវិទ្យាល័យពហុបច្ចេកទេស នៅក្រុង Kertch ទឹកដីគ្រីមេ យុវជនម្នាក់ អាយុ ១៨ ឆ្នាំ ដែលជាសិស្សសាលាវិជ្ជាជីវៈនេះ ប្រដាប់ដោយកាំភ្លើងវែង និងគ្រាប់បែក បានធ្វើការបាញ់រះផង និងបំផ្ទុះគ្រាប់ផង បណ្តាលឲ្យស្លាប់មនុស្ស ១៩នាក់ និងរបួស ៥២នាក់ផ្សេងទៀត។ អាជ្ញាធរគ្រីមេ ប្រកាសកាន់ទុក្ខ រយៈពេលដល់ទៅ ៣ ថ្ងៃចាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ។ ចំណែកលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ក្រៅពីបាន សំដែងការរួមមរណទុក្ខ ក៏បានសន្យាផងដែរថា លទ្ធផលអង្កេតអំពី មូលហេតុសោកនាដកម្ម នឹងត្រូវ ប្រកាសឲ្យសាធារណជនបានយល់ដឹង គ្រប់ជ្រុងជ្រោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅគ្រីមេ យុវជនឃាតករ មានឈ្មោះ Vladislav Rosliakov ទើបនឹងទទួលបណ្ណកាន់កាប់អាវុធស្របច្បាប់ នៅក្នុងខែតុលានេះ ក្រោយពីពេញវ័យអាយុបាន១៨ ឆ្នាំ។ បន្ទាប់ ពីបានបាញ់ប្រហារទៅលើសិស្សានុសិស្ស គ្រូបង្រៀន និងបុគ្គលិកសិក្សា នៅក្នុងសាលា ខ្មាន់កាំភ្លើង បានបាញ់សម្លាប់ខ្លួនឯង។ ក្នុងស្បោងជាប់នឹងខ្លួនឃាតករ សមត្ថកិច្ចបានរកឃើញ គ្រឿងផ្ទុះច្នៃខ្លួនឯងមួយទៀតដែលមិនទាន់ផ្ទុះ។ បុរសនេះ បានយកតាមខ្លួន ទៅប្រតិបត្តិការ គឺគ្រាប់កាំភ្លើងដល់ទៅ ១៥០ គ្រាប់។
នៅតាមបណ្តាញសារព័ត៌មាន អ្នកវិភាគបាននាំគ្នាលើកឡើងថា ការបាញ់ប្រហារនេះអាចកើតឡើងដោយសារមូលហេតុបី៖ ឬមួយខ្មាន់កាំភ្លើងចងគំនុំនឹងគ្រូ និងសិស្សឯទៀត ដ្បិតអ្នកដែលត្រូវបាញ់សម្លាប់មុនគេ គឺលោកគ្រូ ក្នុង ថ្នាក់ ឬមួយខ្មាន់កាំភ្លើងចង់ឲ្យមានឈ្មោះល្បីរន្ទឺតាមប្រព័ន្ធផ្សព្វផ្សាយ ដោយធ្វើត្រាប់តាមសាលារៀនខ្លះនៅអាមេរិក ជាទី ដែលពីមួយពេលទៅមួយពេល តែងមានសោកនាដកម្មបែបនេះកើតឡើង ឬមួយ ខ្មាន់កាំភ្លើងមានជំងឺផ្លូវចិត្ត។
អនុវិទ្យាល័យពហុបច្ចេកទេស ក្រុង Kertch ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣០ ដោយសព្វថ្ងៃសិក្សា មានសិស្សចំនួន ១ ០៦១ នាក់ អាយុពី ១៦ ទៅ ២០ ឆ្នាំ និងគ្រូបង្រៀន ៧៣នាក់ ។
ក្រោយពីការវាយប្រហារកើតឡើង ដែនដីសាលានោះត្រូវបានឡោមព័ទ្ធដោយ រថពាសដែក និង ឡានទ័ព ហើយគ្រប់សាលារៀន និងសួនកុមារ ក្នុងក្រុង Kertch ត្រូវបានជម្លៀសចេញ។ លោករដ្ឋមន្ត្រីការពារជាតិ រុស្ស៊ី Serguei Shoigou បានប្រកាសថា កងកម្លាំងបន្ថែមត្រូវបានបញ្ជូនទៅកាន់ទីកន្លែងផ្ទាល់ ព្រមទាំង សម្ភារៈសម្រាប់ជួយដល់ពួកអ្នករងគ្រោះ។
អាជ្ញាធរគ្រីមេ បានប្រកាសថា នឹងផ្តល់ប្រាក់ឧបត្ថម្ភទំហំ ១ លាន រូប្ល ឬជាង ១ម៉ឺន ៥ពាន់ដុល្លារ ដល់ រាល់គ្រួសារណា ដែលមានអ្នករងគ្រោះធ្លាក់ខ្លួនស្លាប់ទៅ ដោយមកពីការវាយប្រហារនោះ។
ក្រុង Kertch ស្ថិតនៅខាងកើតឧបទ្វីបគ្រីមេ ហើយភ្ជាប់ទៅនឹងដែនដីរុស្ស៊ី ដោយស្ពានប្រវែង ១៩ គម ដែលត្រូវបានសម្ពោធ ៥ ខែមុន ដោយលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន។ សហព័ន្ធរុស្ស៊ី បានកាត់យកទឹកដីគ្រីមេ ពីប្រទេសអ៊ុយក្រែន កាលពីខែមីនាឆ្នាំ២០១៤។ ការកាត់យកទឹកដីគ្រីមេពីអ៊ុយក្រែននេះហើយ ដែលបង្កើតឲ្យមានភាពតានតឹង រវាងរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច ដែលចាត់ទុកថាជាទង្វើរំលោភច្បាប់អន្តរជាតិ ព្រមទាំងបានដាក់ទណ្ឌកម្មលើរុស្ស៊ីថែមទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ