អានតួអត្ថបទ
ចិន-ហុងកុង

បញ្ហាបាតុកម្ម៖ ចិន​ប្រាប់​ឲ្យ​រដ្ឋ​អំណាច​ហុងកុងដាក់​ទោសទណ្ឌ​លើ​អ្នក​ប្រើ​ប្រាស់​ហិង្សា

សន្និសីទ​កាសែត​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ហុងកុង នៃ​រដ្ឋាភិបាល​ចិន ថ្ងៃ​ទី​២៩ កក្កដា ២០១៩
សន្និសីទ​កាសែត​របស់​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ហុងកុង នៃ​រដ្ឋាភិបាល​ចិន ថ្ងៃ​ទី​២៩ កក្កដា ២០១៩ REUTERS
ដោយ៖ អ៊ឹម រចនា
1 នាទី

ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ហុងកុង ​នៃ​រដ្ឋាភិបាល​ចិន​ នៅ​ថ្ងៃ​ចន្ទ ទី​២៩​កក្កដា​នេះ បាន​បើក​ធ្វើ​សន្និសីទ​កាសែត​ដ៏​កម្រ​មួយ ដើម្បី​បញ្ជាក់​ជំហរ​របស់​ទីក្រុង​ប៉េកាំង ចំពោះ​បាតុកម្ម​និង​អំពើ​ហិង្សា​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​នៅ​ហុងកុង​។ តាម​រយៈ​សន្និសីទ​កាសែត​នេះ ចិន បាន​ទាមទារ​ឲ្យ​រដ្ឋ​អាជ្ញា​ហុងកុង ​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នកទាំង​ឡាយ​ណា ​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​និង​ប្រព្រឹត្ត​ខុស​ច្បាប់។

ផ្សាយពាណិជ្ជកម្ម

បាតុកម្ម​នៅ​ហុងកុង ដែល​​រៀបចំ​ធ្វើ​ជា​រៀង​រាល់​សប្ដាហ៍​​​នោះ បាន​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​ចិន​មិន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​។ នៅ​ថ្ងៃ​ចន្ទ ទី​២៩​កក្កដា​នេះ រដ្ឋាភិបាល​ចិន តាម​រយៈ​ការិយាល័យ​ទទួល​បន្ទុក​កិច្ចការ​ហុងកុង​និង​តៃវ៉ាន់ បាន​ចេញ​មក​ទាមទារ​ឲ្យ​រដ្ឋ​អំណាច​ហុងកុង ពង្រឹង​ការ​អនុវត្ត​ច្បាប់​។ ពង្រឹង​ការ​អនុវត្ត​ច្បាប់ តាម​រយៈ​ការ​ដាក់​ទោសទណ្ឌ​ទៅ​លើ​អ្នក​ទាំង​ឡាយ​ណា ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ប្រើ​ប្រាស់​អំពើ​ហិង្សា នៅ​ក្នុង​ពេល​បាតុកម្ម​។

គួរ​ជ្រាប​ថា ប្រជាជន​ហុងកុង អ្នក​ស្នេហា​ប្រជាធិបតេយ្យ បាន​នាំ​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ជា​រៀងរាល់​ចុង​សប្ដាហ៍ អស់​រយៈ​ពេល​ជិត​២​ខែរួច​មក​​ហើយ។ បាតុកម្ម​នេះ ពី​ដំបូង​ឡើយ ធ្វើ​ឡើងក្នុង​ទម្រង់​អហិង្សា ដោយ​មាន​ត្រឹម​តែ​ការ​ជួប​ប្រជុំ​គ្នាលើក​បដា និង​សម្ដែង​មតិ​ប៉ុណ្ណោះ​​។ ប៉ុន្តែ​ពីរ​សប្ដាហ៍​ចុង​ក្រោយ​នេះ រដ្ឋ​អំណាច​​ហុងកុង បាន​ដាក់​ពង្រាយ​កម្លាំង​ចុះ​បង្ក្រាប​ក្រុម​បាតុករ ​​ដោយ​ប្រើ​ប្រាស់​គ្រាប់​កាំភ្លើង​កៅស៊ូ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។ សម្រាប់​រដ្ឋ​អំណាច​ហុងកុងដែល​ស្និទ្ធ​នឹង​ទីក្រុង​ប៉េកាំង ​ការ​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​របស់​ក្រុម​បាតុករ​ទាំង​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​។

ប្រទេស​ចិន​ឯ​ណោះ​វិញ បាន​ចាត់​ទុក​ការ​ធ្វើ​បាតុកម្ម​លាយឡំ​នឹង​អំពើ​ហិង្សា​នៅ​ហុងកុង​ថា​ ជា​ការ​គំរាម​កំហែង​ដល់​ស្ថិរភាពនិង​វិបុលភាព​របស់​ហុងកុង។ និង​ថា គ្មាន​ប្រជាជាតិ​ស៊ីវិល័យ​ឯ​ណា ដែល​សុខ​ចិត្ត​សំងំស្ងៀម ​ទ្រាំ​ខាំ​មាត់​សង្កត់​ចិត្ត នៅ​ចំពោះ​មុខ​អំពើ​ហិង្សា​នេះ​ឡើយ​។ ចិន​បាន​សង្កត់​ធ្ងន់​ទៀត​ថា បញ្ហា​អាទិភាព​សម្រាប់​រដ្ឋ​អំណាច​ហុងកុង​នា​ពេល​នេះ គឺ​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​អំពើ​ហិង្សា​និង​ប្រព្រឹត្ត​ខុស​ច្បាប់ ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​របៀប​រៀបរយ​សង្គម និង​រក្សា​ឲ្យ​បាន បរិយាកាស​ធុរកិច្ច​នៅ​ហុងកុង​។ ចិន​ក៏សង្ឃឹម​ដែរ​ថា ប្រជាជន​ហុងកុង​នឹង​យល់​ពី​បញ្ហា​នេះ ហើយរួម​គ្នា​ប្រឆាំង​ព្រម​ទាំង​ទប់ទល់​នឹង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​គ្រប់​ទម្រង់​។

មែន​ទែន​ទៅ ក្នុង​សំណុំ​រឿង​បាតុកម្ម​នៅ​ហុងកុង​នេះ ការ​​ប្រើ​ប្រាស់​អំពើ​ហិង្សា​ មាន​ទាំង​សង​ខាង ទាំង​ខាង​បាតុករ និង​ខាង​រដ្ឋ​អំណាច​ហុងកុង។ ប៉ុន្តែ​តំណាង​រាស្ត្រ​ហុងកុង​ម្នាក់​យល់​ឃើញ​ថា រដ្ឋ​អំណាច​ហុងកុង​​ប្រើ​ប្រាស់​កម្លាំង​ជ្រុល​ហួស ដោយ​បាន​បញ្ចេញ​កម្លាំង​ប្រដាប់​អាវុធ បាញ់​គ្រាប់​កាំភ្លើង​ជ័រ និង​ប្រើ​ប្រាស់​គ្រាប់​បែក​ផ្សែង​ទៅ​លើ​ហ្វូង​បាតុករ ដែល​មាន​តែ​ដុំ​ថ្ម និង​ដំបង​ប៉ុណ្ណោះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ