បារាំង​និង​អាល្លឺម៉ង់​ត្រូវរ៉ូវគ្នា​ជុំវិញ​គម្រោង​ដំឡើង​បំពង់​បង្ហូរ​ឧស្ម័ន​ចេញពី​ប្រទេស​រុស្ស៊ី

លោកស្រីមែរគែល ប្រមុខដឹកនាំប្រទេសអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងលោកម៉ាក្រុង។
លោកស្រីមែរគែល ប្រមុខដឹកនាំប្រទេសអាល្លឺម៉ង់ និងប្រធានាធិបតីបារាំងលោកម៉ាក្រុង។ REUTERS/Thilo Schmuelgen

នៅថ្ងៃទី៨​ កុម្ភៈ​ ឆ្នាំ២០១៩ បារាំង​ និងអាល្លឺម៉ង់​បានចរចារ​ត្រូវរ៉ូវ​គ្នាហើយ​អំពី​ការរក្សា​តួនាទី​សំខាន់​របស់​អាល្លឺម៉ង់​ក្នុងនាមជា​អ្នក​តំណាងឲ្យ​សហភាពអឺរ៉ុប​ដើម្បី​ចរចា​ជាមួយ​ប្រទេសរុស្ស៊ី​ពាក់ព័ន្ធនឹង​គម្រោង​ដំឡើង​បំពង់​បង្ហូរឧស្ម័ន​។ បំពង់បង្ហូរឧស្ម័ន​ដែល​អាចនាំយក​ឧស្ម័ន​មកពី​ប្រទេស​រុស្ស៊ី​ដើម្បី​ផ្គត់ផ្គង់​ក្នុង​បណ្តា​ប្រទេសសហភាពអឺរ៉ុប​។

ផ្សាយពាណិជ្ជកម្ម

កាលពីពេលកន្លងមក​ បារាំង​ហាក់ចង់​កាត់បន្ថយ​ឥទ្ធិពល​របស់អាល្លឺម៉ង់ តាមរយៈ​ការអូសទាញ​បណ្តាប្រទេស​សហភាពអឺរ៉ុប​ផ្សេងទៀត​ឲ្យមានសិទ្ធិ​ក្នុងការ​សម្រេច​លើ​ចំណុចសំខាន់ៗ​ដែលមាន​នៅក្នុង​កិច្ចព្រមព្រៀង​ដំឡើងបំពង់បង្ហូរ​ឧស្ម័ន​ជាមួយប្រទេស​រុស្ស៊ីដែរ​។ ក៏ប៉ុន្តែ​ចេតនា​របស់​បារាំងនេះ​ ទំនងជាអាចធ្វើឲ្យ​ប៉ះពាល់​ដល់​គម្រោងការ​មួយនេះ​។

ដូច្នោះហើយ​បានជា​នៅថ្ងៃទី​ ៨ កុម្ភៈ​ ឆ្នាំ២០១៩​ បារាំង​សុខចិត្ត​យល់ព្រម​រក្សា​តួនាទី​ស្នូល​របស់​ប្រទេសអាល្លឺម៉ង់​ក្នុង​ដំណើរការ​ចរចាកិច្ចព្រមព្រៀង​ជាមួយ​ប្រទេសរុស្ស៊ី​ស្តីអំពី​គម្រោង​ដំឡើងបំពង់បង្ហូរឧស័ន្ម​ដែលមាន​ឈ្មោះជា​ភាសាអង់គ្លេសថា​ The Nord Stream 2។

បន្ថែមលើនេះ​ បារាំង​និង​អាល្លឺម៉ង់​បាន​សម្រេច​ឯកភាពគ្នា​ដែរទៅលើទីតាំង​ឬដែនទឹកសមុទ្រ​ របស់​ប្រទេស​សមាជិក​សហភាពអឺរ៉ុប​ដែល​ត្រូវឲ្យ​បំពង់​ឧស្ម័ន​ឆ្លងកាត់​។ នេះ​បើយោងតាម​សារព័ត៌មានបារាំង​ AFP។

សូមរំឭកជូនថា​ The Nord Stream 2 គឺជា​គម្រោង​ដំឡើង​បំពង់បង្ហូរ​ឧស្ម័ន​ដែល​បង្កើតឡើង​ដោយ​មានការផ្តួមផ្តើមគំនិត​ពី​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់​លោកស្រី​អង់ហ្គេឡា​ មែរគែល ​និង​ប្រធានាធិបតី​រុស្ស៊ី​លោកវ៉្លាឌីមៀ​រ ពូទីន​ ចាប់តាំងពីឆ្នាំ២០០៥​មក​។ មិនតែប៉ុណ្ណោះ​ នេះ​គឺជា​គម្រោងទី២​ហើយ​ដែល​កើតចេញ​ពីការ​សហការ​រួមគ្នា​រវាងប្រទេស​ទាំងពីរ​។

គម្រោងដំឡើង​បំពង់បង្ហូរ​ឧស្ម័នលើកនេះ​ គ្រោង​ចំណាយថវិកា​ចំនួនប្រមាណជា​១១ ពាន់លានដុល្លារ​សហរដ្ឋអាមេរិក​ និងបាន​ចាប់ផ្តើមដំណើរការ​នៅខែឧសភា ឆ្នាំ២០១៨​។ បំពង់បង្ហូរឧស្ម័ននេះ​ផ្តើមដំឡើង​ចេញពីតំបន់​ Vyborg ប្រទេសរុស្ស៊ី​ ចូលមក​ក្នុង​សហភាពអឺរ៉ុប​។ មួយវិញទៀត​ បើតាម​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​ បំពង់បង្ហូរឧស្ម័ន​ក៏ត្រូវដំឡើង​កាត់តាមប្រទេស​អ៊ុយក្រែន​ផងដែរ​។

សូមជម្រាបជូនថា​ ទោះបីជា​សេចក្តីព្រាង​នៃ​កិច្ចព្រមព្រៀង​របស់​គម្រោង The Nord Stream 2 បានប្រសូតចេញ​មកហើយយ៉ាងណាក្តី​ ក៏មាន​ប្រទេស​មួយចំនួន​បង្ហាញ​ជំហរមិនគាំទ្រដែរ។ ជាក់ស្តែង​ មានប្រទេស​អឺរ៉ុបកណ្តាល​និងអឺរ៉ុបខាងកើតមួយចំនួន​ រួមជាមួយ​សហរដ្ឋអាមេរិក​ ជាពិសេស​ប្រទេសអ៊ុយក្រែនតែម្តង​ មិនគាំទ្រឡើយ​ចំពោះគម្រោងមួយនេះ។ ពួកគេ​យល់ថា​ការនាំយក​ឧស្ម័នពី​ប្រទេសរុស្ស៊ី​គឺជាគ្រោះថ្នាក់មួយ​ ពីព្រោះថា​ជាអាច​ឲ្យ​ប្រទេសរុស្ស៊ី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​កាន់តែខ្លាំងឡើង​នៅអឺរ៉ុប​។

តែទោះជាបែបនេះក្តី លោកស្រីមែរគែល ​ប្រមុខ​ដឹកនាំ​ប្រទេស​អាល្លឺម៉ង់​បានបញ្ជាក់​ដោយទទូច​ថា​ ការនាំយក​ឧស្ម័ន​ចេញពី​ប្រទេស​រុស្ស៊ីគឺជា​រឿង​សេដ្ឋកិច្ច​ ហើយថាគម្រោងនេះល្អ​និងអាចជឿទុក​ចិត្តបាន ជាពិសេសវា​អាច​ជួយកាត់បន្ថយ​ការចំណាយ​របស់​បណ្តា​ប្រទេស​សហភាពអឺរ៉ុប​បានទៀតផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI