អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

សង្រ្គាម​អាហ្វហ្កានីស្ថាន​ឆ្នាំ​១៩៧៩-១៩៨៩

សំឡេង ០៧:៤៩
កងឧទ្ទាម​មូចាហ៊ីឌីន នៅ​ក្នុង​អំឡុង​សង្រ្គាម​សូវៀត-អាហ្វហ្កានីស្ថាន ឆ្នាំ១៩៧៩-១៩៨៩
កងឧទ្ទាម​មូចាហ៊ីឌីន នៅ​ក្នុង​អំឡុង​សង្រ្គាម​សូវៀត-អាហ្វហ្កានីស្ថាន ឆ្នាំ១៩៧៩-១៩៨៩
ដោយ៖ សេង ឌីណា

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​ប្រវត្តិ​នៃ​សង្រ្គាម​ត្រជាក់​ជា​បន្ត​ទៀត ដោយ​សូម​​លើក​ឡើង អំពី​សង្រ្គាម​របស់​សូវៀត នៅ​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ​១៩៧៩។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ សង្រ្គាម​វៀតណាម​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ជា​បរាជ័យ​ដ៏​សែន​ជូរចត់​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ មហាអំណាច​ដ៏ធំមួយ​ទៀត គឺ​សហភាព​សូវៀត ក៏​ឆ្លងកាត់​នូវ​បរាជ័យ​ដ៏សែន​ជូរចត់​ស្រដៀងគ្នា​នេះ​ដែរ គឺ​សង្រ្គាម​នៅ​អាហ្វហ្កានីស្ថាន ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៨៩។

អាហ្វហ្កានីស្ថាន គឺ​ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់ជាមួយ​នឹង​តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន និង​តាហ្ស៊ីគីស្ថាន ដែល​នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ គឺ​ជា​ដែនដី​របស់​​​សហភាព​សូវៀត ឬ​និយាយ​ម្យ៉ាងទៀត​ថា អាហ្វហ្កានីស្ថាន គឺ​ជា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​នឹង​សហភាព​សូវៀត។ លើសពីនេះ​ទៅទៀត ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​​នៅ​ពេលនោះ គឺ​ជា​រដ្ឋាភិបាល​កុម្មុយនិស្ត ដែល​រណប​សហភាព​សូវៀត។ ក៏ប៉ុន្តែ ចាប់តាំង​ពី​ឆ្នាំ​១៩៦៧ បក្ស​កុម្មុយនិស្ត​អាហ្វហ្កានីស្ថាន​មាន​ជម្លោះផ្ទៃក្នុង ហើយ​ត្រូវ​បែក​ចេញ​ជា​ពីរ​ក្រុម ដោយ​ក្រុម​នីមួយៗ​ប្រជែង​ដណ្តើម​អំណាចគ្នា តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ។

នៅ​ក្នុង​ពេល​ជាមួយគ្នា​នោះ របបកុម្មុយនិស្ត​​អាហ្វហ្កានីស្ថាន​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ចលនា​ប្រឆាំងដែល​មិនមែន​កុម្មុយនិស្ត​ផងដែរ ជាពិសេស ពួក​អភិរក្ស​និយម​​​ខាង​សាសនា​ ដែល​ចាត់ទុក​​​ពួក​កុម្មុយនិស្ត​ថា​ជា​សត្រូវ​របស់​សាសនា​អ៊ីស្លាម។

នៅ​ឆ្នាំ​១៩៧៨ នៅ​ក្នុង​ពេល​ដែល​របប​​កុម្មុយនិស្ត​អាហ្វហ្កានីស្ថាន​កំពុង​ធ្លាក់​ចុះខ្សោយ ដោយ​ការ​ដណ្តើម​អំណាច​ផ្ទៃក្នុង ចលនា​បះបោរ​ក៏​បាន​​រីកដុះដាល រហូត​​រាលដាល​​​ទៅ​ជា​សង្រ្គាម​ស៊ីវិល​។

នៅ​ឆ្នាំ​១៩៧៩ ដោយ​មើលឃើញ​ពី​ភាព​អនាធិបតេយ្យ និង​ការ​ធ្លាក់​ចុះខ្សោយ​នៃ​របបកុម្មុយនិស្ត​នៅ​កាប៊ុល លោក​ឡេអូនីត ប្រេស្នេវ មេដឹកនាំ​សហភាព​សូវៀត ក៏​បាន​សម្រេច​បញ្ជូន​កងទ័ព​ចូល​ទៅ​ឈ្លានពាន​អាហ្វហ្កានីស្ថាន​ ដើម្បី​លើកបន្តុប និង​ការពារ​រដ្ឋាភិបាល ដែល​មាន​គំនិត​ស្មោះស្ម័គ្រ​នឹង​សហភាព​សូវៀត។
 

នៅថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ​១៩៧៩ ទាហាន​សូវៀត​ប្រមាណ​ជា ៧០០នាក់ ក្នុងនោះ​មាន​ទាំង​កងកុម្ម៉ង់ដូ​ពិសេស និង​កងចារកិច្ច KGB ផង នាំគ្នា​ស្លៀក​ឯកសណ្ឋាន​ជា​ទាហាន​អាហ្វហ្កានីស្ថាន ហើយ​ចូល​កាន់កាប់​ទីតាំង​សំខាន់ៗ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​កាប៊ុល ជាពិសេស គឺ​វិមាន​ប្រធានាធិបតី​អាហ្វហ្កានីស្ថាន។ មេដឹកនាំ​កុម្មុយនិស្ត​​ ដែល​ជា​មនុស្ស​ជំនិត​របស់​សូវៀត ក៏​ត្រូវ​បាន​លើក​បន្តុប​ឲ្យ​ធ្វើ​ជា​ប្រមុខដឹកនាំ​ថ្មី​របស់​អាហ្វហ្កានីស្ថាន។

ក្នុងពេល​ជាមួយគ្នា​នោះ កងទ័ព​សូវៀត​ប្រមាណ​ជា ៨ម៉ឺននាក់ អមដោយ​រថក្រោះ​និង​រថពាសដែក​ជិត​៣ពាន់គ្រឿង បាន​ឆ្លង​ព្រំដែន​ចូល​ឈ្លានពាន​អាហ្វហ្កានីស្ថាន​​ពីទិសខាងជើង ចំណែក​ឯ​ទាហាន​និង​បរិក្ខា​យោធា​ជាច្រើន​ផ្សេងទៀត​ត្រូវ​បាន​ដឹកតាម​យន្តហោះ​ចូល​តាម​ព្រលានយន្តហោះ​ក្រុង​កាប៊ុល។ គិត​ត្រឹមពាក់​កណ្តាល​ខែ​មករា ឆ្នាំ​១៩៨០ ចំនួន​កងទ័ព​សូវៀត នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន បានកើនឡើង​រហូតដល់​ទៅ​ជាង ១០ម៉ឺននាក់។

អន្តរាគមន៍​យោធា​របស់​សូវៀត​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន ត្រូវ​ទទួលរងនូវការ​ថ្កោលទោស​​ពី​សំណាក់​សហគមន៍​អន្តរជាតិ ជាពិសេស បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម។

នៅថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​១៩៨០ មហាសន្និបាត​អ.ស.ប បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ ដោយ​សំឡេង​១០៤ទល់​នឹង​៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់​សូវៀត​ទៅលើ​អាហ្វហ្កានីស្ថាន។ ចំណែក​ឯ​រដ្ឋមន្រ្តី​ការបរទេស​នៃ​បណ្តា​ប្រទេស​កាន់​សាសនាអ៊ីស្លាម​​​ចំនួន ៣៤​ប្រទេស បាន​ចេញសេចក្តី​សម្រេច​រួមគ្នា​មួយ​ថ្កោលទោស​​ការឈ្លានពាន​របស់​សូវៀត ហើយ​បាន​ទាមទារ​ឲ្យ​កងទ័ព​សូវៀត​ដកថយ​​ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ ចេញ​ពី​ប្រទេស​អាហ្វហ្កានីស្ថាន ដែល​ជា​ប្រជាជាតិ​អ៊ីស្លាម។

នៅ​ផ្ទៃក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​វិញ ចលនា​ឧទ្ទាម​ប្រឆាំង​នឹង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ក៏​បាន​ប្រែក្លាយ​ទៅជា​ចលនា​ឧទ្ទាម​ប្រឆាំង​នឹង​សូវៀត ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​ពួក​មូចាហ៊ីឌីន ហើយ​នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៨០ ចលនា​ឧទ្ទាម​មូចាហ៊ីឌីន​នេះ​ចាប់ផ្តើម​មាន​សន្ទុះកើនឡើង​យ៉ាងខ្លាំង ដោយសារ​តែ​​ពួកគេ​បាន​ទទួល​នូវ​ការ​គាំទ្រ​ពី​សំណាក់​ប្រជាជន​អាហ្វហ្កានីស្ថាន ព្រមទាំង​អ្នក​កាន់សាសនា​អ៊ីស្លាម​ជាទូទៅ ​នៅ​ទូទាំង​ពិភពលោក។

សម្រាប់​អ្នក​កាន់​សាសនា​អ៊ីស្លាម ការឈ្លានពាន​របស់​សូវៀត​ទៅលើ​អាហ្វហ្កានីស្ថាន គឺ​ជា​បំពាន​ទៅលើ​សាសនា​អ៊ីស្លាម ដែល​ប្រជាជន​អ៊ីស្លាម​គ្រប់រូប​ត្រូវតែ​​ងើបឡើង​ប្រឆាំង។ នៅពេលនោះ​ហើយ ដែល​យុវជន​ជាច្រើន​​មក​ពី​បណ្តា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​បាន​នាំគ្នា​ធ្វើ​ដំណើរ​ចូល​ទៅ​អាហ្វហ្កានីស្ថាន ដើម្បី​ចូលរួម​​ជាមួយ​ពួក​មូចាហ៊ីឌីន ធ្វើ​សង្រ្គាម​ជីហាត​ប្រឆាំង​នឹង​កងទ័ព​សូវៀត ហើយ​ក្នុង​ចំណោម​​ជីហាត​បរទេស​ដែល​ចូល​ទៅ​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​កងទ័ព​សូវៀត​នៅ​អាហ្វហ្កានីស្ថាន​នេះ ក៏មានដែរ យុវជន​វ័យ​ជាង ២០ឆ្នាំ មក​ពី​អារ៉ាប៊ីសាអ៊ូឌីត ឈ្មោះ​ថា អូសាម៉ា ប៊ិនឡាដិន ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​មេដឹកនាំ​ក្រុម​ភេរវជន​អន្តរជាតិ​អាល់កៃដា។

នៅ​ក្នុងការ​​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​កងទ័ព​សូវៀត​នៅ​អាហ្កានីស្ថាន ក្រុម​មូចាហ៊ីឌីន​​ទទួល​បាន​នូវ​ជំនួយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ទាំងជំនួយ​ជាលុយ និង​ជា​គ្រឿងសព្វាវុធ ពី​បណ្តា​ប្រទេស​ជាច្រើន ទាំង​បណ្តា​ប្រទេស​កាន់សាសនា​អ៊ីស្លាម រួមមាន អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និង​ប៉ាគីស្ថាន និង​ទាំង​បណ្តា​ប្រទេស​ក្នុង​ប្លុក​សេរី ជាពិសេស សហរដ្ឋ​អាមេរិក។

សង្រ្គាម​អាហ្វហ្កានីស្ថាន​ បាន​ធ្វើ​ឲ្យ​រយៈកាលធូរស្រាល​នៃ​សង្រ្គាម​ត្រជាក់ ដែល​មាន​រយៈពេល​ជិត ២០ឆ្នាំ ហើយ​ដែល​​គេហៅ​តាមភាសា​បារាំង​ថា Détente ត្រូវ​ឈាន​ដល់​ទី​បញ្ចប់។ ការប្រឈមមុខដាក់គ្នា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​ក៏​បាន​​ផ្ទុះឡើងវិញ ដែល​អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើន​បាន​​ហៅថា​ជា​សង្រ្គាមត្រជាក់​លើកទី២។

គិតជា​សរុប សង្រ្គាម​អាហ្វហ្កានីស្ថាន​មានរយៈពេល​ជាង ៩ឆ្នាំ គឺ​ចាប់ពី​ខែ​ធ្នូ​ឆ្នាំ​១៩៧៩ រហូត​ដល់​​ខែ​កុម្ភៈ ឆ្នាំ​១៩៨៩ នៅ​ពេល​ដែល​កងទ័ព​សូវៀត​បាន​ដកថយ​ចេញ​អស់​ពី​អាហ្វហ្កានីស្ថាន។ សង្រ្គាម​នេះ​បាន​បណ្តាល​ឲ្យ​ទាហាន​សូវៀត​ប្រមាណ​ជាង​២ម៉ឺននាក់​ត្រូវ​ស្លាប់ ហើយ​បរាជ័យ​របស់​សូវៀត​នៅ​អាហ្វហ្កានីស្ថាន គឺ​ជា​ដើមហេតុ​ដ៏ចម្បងមួយ ដែល​នាំ​ទៅ​រក​ការ​ដួលរលំ​នៃ​សហភាព​សូវៀត និង​ការ​បិទបញ្ចប់​នៃ​សង្រ្គាម​ត្រជាក់ នៅឆ្នាំ​១៩៩១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ