អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

លោកហ្គ័របាឆូវ​និង​កំណែទម្រង់​ប៉េរេស្ត្រយកា​នៅ​សហភាព​សូវៀត

សំឡេង ០៨:១២
លោក​មីខាអ៊ីល ហ្គ័របាឆូវ លេខាបក្ស​កុម្មុយនិស្ត​សូវៀត និង​ជា​មេដឹកនាំ​ចុងក្រោយ​របស់​សហភាព​សូវៀត
លោក​មីខាអ៊ីល ហ្គ័របាឆូវ លេខាបក្ស​កុម្មុយនិស្ត​សូវៀត និង​ជា​មេដឹកនាំ​ចុងក្រោយ​របស់​សហភាព​សូវៀត
ដោយ៖ សេង ឌីណា

នៅ​ក្នុង​នាទីប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា​ សូម​ធ្វើ​អត្ថាធិប្បាយ​ អំពី​ដំណើរឆ្ពោះទៅ​ការ​បញ្ចប់​នៃ​សង្រ្គាម​ត្រជាក់ ដោយលើកឡើង អំពី​មេដឹកនាំ​ចុងក្រោយ​របស់​សហភាព​សូវៀត គឺ​លោក​ហ្គ័របាឆូវ និង​កំណែទម្រង់ប៉េរេស្ត្រយកា​របស់​លោក។

ផ្សាយពាណិជ្ជកម្ម

នៅឆ្នាំ​១៩៧៩ នៅពេល​ដែល​កងទ័ព​សូវៀត​ចូលឈ្លានពាន​ប្រទេស​អាហ្វហ្កានីស្ថាន ការប្រឈមមុខដាក់គ្នា ទាំង​ខាង​ការទូត សេដ្ឋកិច្ច និង​ជាពិសេស ខាង​ផ្នែក​យោធា ក៏​បាន​ចាប់ផ្តើម​ផ្ទុះឡើងវិញ ​រវាង​មហាអំណាច​ទាំងពីរ គឺ​​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត​។ ការប្រឈមមុខដាក់គ្នា​នេះ​បាន​កើនឡើង​កាន់តែ​ខ្លាំង នៅ​ក្រោយ​ពេល​ដែល​លោក​រ៉ូណាល់ រេហ្គែន (Ronald Reagan) បាន​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក នៅ​ដើមឆ្នាំ​១៩៨១ ហើយ​អាមេរិក​បាន​បង្កើន​អន្តរាគមន៍ ទាំង​សម្ងាត់ និង​ទាំង​បើក​ចំហ ជួយ​ដល់​ក្រុម​ឧទ្ទាម​ ឬ​ចលនា​ប្រឆាំង​នឹង​របបកុម្មុយនិស្ត នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​ ទាំង​នៅ​អាហ្វ្រិក អាមេរិក​ឡាទីន និង​នៅ​តំបន់​អាស៊ី។

ភាពតានតឹង នៅ​ក្នុង​ដំណាក់កាល​ទីពីរ​នៃ​សង្រ្គាម​ត្រជាក់​នេះ ក៏​បាន​ធ្វើ​ឲ្យ​​កើនឡើង​ផងដែរ នូវ​ការ​ប្រជែងគ្នា​ខាង​ផ្នែក​សព្វាវុធ និង​កម្លាំង​យោធា រវាង​សហរដ្ឋ​អាមេរិក និង​សហភាព​សូវៀត ហើយ​គិតត្រឹមដើមទសវត្សរ៍​ឆ្នាំ​៨០ គឺ​សហភាព​សូវៀត​​ដែល​បាន​បង្កើន​កម្លាំង​យោធា​​ខ្លាំងជាងគេ ​រហូត​មាន​ប្រៀប​លើ​អាមេរិក ដែល​ជា​គូប្រជែង។ ក៏ប៉ុន្តែ កម្លាំងយោធា​ដ៏ខ្លាំងក្លា​នេះ​បាន​មក ដោយ​ត្រូវ​បង់ថ្លៃ​យ៉ាងខ្ពស់​ខាងផ្នែក​សេដ្ឋកិច្ច ដោយ​​ការចំណាយ​ខាង​វិស័យ​យោធា​របស់​សហភាព​សូវៀត នៅអំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​៨០ បាន​កើនឡើង រហូតដល់​ទៅ ២៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប។

និយាយ​ជារួម ការចំណាយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ នៅ​ក្នុង​សង្រ្គាម​ត្រជាក់ ទាំង​ការ​ចំណាយ​ ដើម្បី​ប្រជែង​ខាងផ្នែក​អវកាស ការប្រជែង​ផ្នែក​សព្វាវុធ ការ​ពង្រឹង​កម្លាំង​ទ័ព ការធ្វើ​អន្តរាគមន៍​យោធា​នៅ​ក្រៅប្រទេស និង​ការ​ផ្តល់​ជំនួយ​ទៅដល់​​រដ្ឋាភិបាល ឬ​ចលនាឧទ្ទាម​កុម្មុយនិស្ត​​នៅ​ទូទាំង​ពិភពលោក បូករួម​ជាមួយ​នឹង​អប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ​តាមបែបកុម្មុយនិស្ត បាន​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរទៅ​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​សូវៀត។ ការធ្លាក់ចុះ​នៃ​តម្លៃប្រេងឆៅ​នៅលើ​ទីផ្សារអន្តរជាតិ នៅ​ក្នុង​អំឡុង​​ទសវត្សរ៍​ឆ្នាំ​៨០ ក៏​បាន​ក្លាយ​ជា​បន្ទុក​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​ទៅលើ​សេដ្ឋកិច្ច​របស់​សូវៀត ដែល​ពឹងផ្អែក​ខ្លាំង​ទៅលើ​ចំណូល​បាន​ពីការ​លក់ប្រេង​។
 

នៅ​ក្នុង​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច​នេះ​ហើយ ដែល​លោក​មីខាអ៊ីល ហ្គ័របាឆូវ (Mikhail Gorbachev) បានឡើងមក​កាន់តំណែង​ជា​ប្រមុខដឹកនាំ​សហភាព​សូវៀត នៅ​ឆ្នាំ​១៩៨៥។

 នៅ​ខែ​មីនា ឆ្នាំ​១៩៨៥ នៅ​ពេល​ដែល​លោក​មីខាអ៊ីល ហ្គ័របាឆូវ ឡើងមក​កាន់​តំណែង​ជា​លេខាបក្ស​កុម្មុយនិស្ត​សូវៀត លោក​មានវ័យ ៥៤ឆ្នាំ ហើយ​ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​សំឡឹងឃើញ​ថា​ជា​មេដឹកនាំ​ជំនាន់ថ្មី​នៃ​សហភាព​សូវៀត។ ជាការពិត មេដឹកនាំ​ជំនាន់ថ្មី ដែល​កើតក្រោយ​បដិវត្តន៍​ខែតុលា​នេះ គឺ​ពិត​ជា​មាន​ចក្ខុវិស័យ​ខុស​ពី​មេដឹកនាំ​មុនៗ​មែន ដោយ​លោក​បាន​បង្វែរ​អាទិភាព​ពី​ការ​ពង្រឹង​កម្លាំង​យោធា មក​​ផ្តោត​លើ​ការ​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​វិញ ដើម្បី​​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​​ស៊ីវិល និង​បង្កើន​ជីវភាព​របស់​ប្រជាជន។

នៅ​ក្នុង​គោលដៅ​នេះ​ហើយ ដែល​លោក​ហ្គ័របាឆូវ បាន​ដាក់ចេញ​នូវ​នយោបាយ​កំណែទម្រង់​ដ៏សំខាន់​មួយ ដែល​គេ​ស្គាល់​ជាទូទៅ​ថា “ប៉េរេស្ត្រយកា” ដោយបាន​បន្ធូរបន្ថយ​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ ហើយ​បើក​ចំហ​ឲ្យ​មាននូវ​ទម្រង់ខ្លះៗ​​នៃ​សេដ្ឋកិច្ច​ទីផ្សារ​។ ក្រសួង មន្ទីរ សហករណ៍ ព្រមទាំង​សហគ្រាស​របស់​រដ្ឋ​ចាប់ផ្តើម​ទទួលបាន​នូវ​សិទ្ធិអំណាច​ទូលំទូលាយ​ក្នុងការ​កំណត់​ទំហំ​ផលិតកម្ម​របស់​ខ្លួន គឺ​ខុស​កាលពីពេលមុន ដែល​គ្រប់តួអង្គ​សេដ្ឋកិច្ច​ទាំងអស់​អនុវត្ត​តែ​ទៅតាម​អ្វី ដែល​​​កំណត់​ដោយ​បក្ស​និង​​រដ្ឋបាលកណ្តាល។ ​ចំណុច​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៅទៀត​ នៅ​ក្នុង​កំណែទម្រង់​ប៉េរេស្រ្តយកា គឺ​ការ​បើក​ចំហ​ឲ្យ​​ក្រុមហ៊ុន​បរទេស​អាច​បោះទុន​រកស៊ី នៅ​ក្នុង​ទម្រង់​ជា​វិនិយោគ​រួម (Joint Venture) ជាមួយក្រុមហ៊ុន​ក្នុងស្រុក ដែល​ជា​រឿងមិន​ធ្លាប់​មាន នៅ​ក្នុង​សូវៀតកុម្មុយនិស្ត។

ក៏ប៉ុន្តែ កំណែទម្រង់​ប៉េរេស្ត្រយកា​​នេះ​មិនមែន​ចេះ​អាច​ប្រព្រឹត្ត​ទៅ​ដោយរលូន ដោយ​គ្មាន​បញ្ហា​នោះទេ ហើយ​បញ្ហា​ដែល​លោក​ហ្គ័របាឆូវ​ត្រូវ​ប្រឈម​ខ្លាំង​ជាងគេ គឺ​ចលនា​ប្រឆាំង​នឹង​កំណែទម្រង់​ ដែល​កើតចេញ​ពី​ក្រុម​អ្នក​អភិរក្ស​និយម​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​សូវៀតខ្លួនឯងផ្ទាល់។ ប្រឈមមុខ​នឹង​ចលនា​ប្រឆាំង​នៅ​ក្នុង​បក្ស​បែបនេះ​ លោក​ហ្គ័របាឆូវ​គិតឃើញ​ថា វិធី​ដ៏ល្អ ដើម្បី​ជំរុញ​នយោបាយ​កំណែទម្រង់​របស់​លោក គឺ​ត្រូវ​ស្វែងរក​ការគាំទ្រ​ពី​​សំណាក់​ប្រជាជន ពីព្រោះ​លោក​គិត​ថា កំណែទម្រង់​នេះ គឺ​ធ្វើឡើង ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ចជាតិ បាន​ជា​​ប្រយោជន៍ទៅដល់​ប្រជាជន​សូវៀត​ជា​​ទូទៅ ដូច្នេះ ប្រជាជន​ប្រាកដ​ជា​គាំទ្រ។ ហើយ​ដើម្បី​​ឲ្យ​ប្រជាជន​​អាច​វិនិច្ឆ័យ និង​បញ្ចេញ​ទស្សនៈ​ជុំវិញ​កំណែទម្រង់​នេះ​បាន គឺ​ត្រូវ​តែ​បើក​ឲ្យ​មាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​សិទ្ធិ​ក្នុងការ​ទទួល​ព័ត៌មាន។

នៅ​ក្នុង​គោលដៅ​នេះ​ហើយ ដែល​នៅ​ឆ្នាំ​១៩៨៨ លោក​ហ្គ័របាឆូវ​​​បាន​ចាប់ផ្តើម​ពង្រីក​កំណែទម្រង់​ចូល​ទៅដល់​ផ្នែក​នយោបាយ​មួយទៀត គឺ​ការ​បើក​ចំហ​ខាងផ្នែក​នយោបាយ ដែល​គេ​ហៅថា​​ “ហ្ក្លាស្នូស្ត” (Glasnost)។

តាមរយៈ​កំណែទម្រង់​នយោបាយ​នេះ ប្រជាជន​សូវៀត​ចាប់ផ្តើម​ទទួលបាន​នូវ​​សិទ្ធិសេរីភាព​ទូលំទូលាយ​ជាងមុន ជាពិសេស សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ, ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​បន្ធូរបន្ថយ ហើយ​អ្នកទោស​នយោបាយ​ជាច្រើន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សិទ្ធិសេរីភាព។

នៅក្នុង​វិស័យគ្រប់គ្រង​រដ្ឋបាលវិញ សមាសភាព​នៃ​រចនាសម្ព័ន្ធដឹកនាំ​ក្រសួង មន្ទីរ និង​ស្ថាប័ន​សាធារណៈ ដែល​កាលពីមុន​​ បម្រុងទុក​​ឲ្យតែ​បក្ខជន ក៏​ត្រូវ​បាន​បើក​ចំហ​ដល់​អ្នក​ដែល​មិនមែន​ជា​សមាជិក​បក្ស​កុម្មុយនិស្ត ហើយ​នៅ​ឆ្នាំ​១៩៨៩ កំណែទម្រង់​ប្រជាធិបតេយ្យ​ដ៏សំខាន់​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង គឺ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត ដែល​ជា​ការ​បោះឆ្នោត​ដោយសេរី​ជាលើកដំបូង​បង្អស់​នៅ​សហភាព​សូវៀត ចាប់តាំង​ពីបដិវត្តន៍​កុម្មុយនិស្ត ខែតុលា ឆ្នាំ​១៩១៧។
 

ទន្ទឹម​នឹង​ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​និង​នយោបាយ​នៅ​ក្នុងស្រុក លោក​ហ្គ័របាឆូវ​ក៏​បាន​ផ្លាស់ប្តូរនយោបាយ​ការបរទេស​របស់​សហភាព​សូវៀត​ផងដែរ ដោយ​បាន​ព្យាយាម​បន្ធូរបន្ថយ​ភាពតានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុងគោលដៅ​កាត់បន្ថយ​ការ​ប្រជែង​ខាងសព្វាវុធ ដែល​ជា​មុខចំណាយដ៏ធំ​ និង​ជា​បន្ទុក​​ដល់​សេដ្ឋកិច្ច​សូវៀត។

នៅ​ក្នុង​ចន្លោះពីឆ្នាំ​១៩៨៥ ដល់​ឆ្នាំ​១៩៨៨ លោក​ហ្គ័របាឆូវ​បាន​បើក​ធ្វើ​ជំនួបកំពូល​រហូតដល់​ទៅ​៣លើក​ជាមួយ​លោក​រ៉ូណាល់ រេហ្គែន ហើយ​ជំនួប​ទាំងនេះ​បាន​សម្រេច​ចេញ​ជា​ផ្លែផ្កា​ដ៏សំខាន់​មួយ គឺ​កិច្ចព្រមព្រៀង​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យម(Intermediate-Range Nuclear Forces Treaty) នៅ​ឆ្នាំ​១៩៨៧ និង​សន្ធិសញ្ញា​កាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ​អន្តរទ្វីប (Strategic Arms Reduction Treaty) នៅ​ឆ្នាំ​១៩៩១។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​ នយោបាយ​កំណែទម្រង់​​​បើក​ចំហ​ខាង​ផ្នែក​នយោបាយ​របស់​លោក​ហ្គ័របាឆូវ​​ បាន​ធ្វើ​ឲ្យ​មាន​ភាព​​រង្គោះរង្គើ ទាំង​នៅ​​តាម​បណ្តា​ប្រទេស​ក្នុង​ប្លុក​កុម្មុយនិស្ត​ និង​ទាំង​នៅ​ក្នុង​សហភាព​សូវៀត​ខ្លួនឯង​ផ្ទាល់ ហើយ​វា​គឺ​ជា​ចំណុច​ចាប់ផ្តើម​ដ៏សំខាន់​មួយ ដែល​នាំ​ទៅរក​ការដួលរលំ​នៃ​សហភាព​សូវៀត និង​ប្លុក​កុម្មុយនិស្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ