ប្រវត្តិសាស្រ្តពិភពលោក

ទស្សនវិជ្ជារបស់​អារីស្តូត

សំឡេង ០៨:៣៥
អារីស្តូត (ស្តាំ) ជាមួយ​​ផ្លាតុង​ដែល​ជា​គ្រូ នៅ​ក្នុង​រូបគំនូរ "School of Athens" គូរដោយ Raphael
អារីស្តូត (ស្តាំ) ជាមួយ​​ផ្លាតុង​ដែល​ជា​គ្រូ នៅ​ក្នុង​រូបគំនូរ "School of Athens" គូរដោយ Raphael Wikipedia/Public Domain

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​បន្ត​​រៀបរាប់​អំពី​​ប្រវត្តិ​ទស្សនវិទូ​ “អារីស្តូត” តទៅទៀត ដោយ​សូមលើកឡើង អំពី​គោលគំនិត​សំខាន់ៗ​របស់​លោក ទាក់ទង​នឹង​នយោបាយ។

ផ្សាយពាណិជ្ជកម្ម

អារីស្តូត​បាន​បន្សល់ទុក​នូវ​ស្នាដៃ​ជា​សំណេរ​រហូតដល់​ទៅ​ប្រមាណ​ជា ២០០ ហើយ​ស្នាដៃ​អស់ទាំងនេះ​ត្រូវ​បាន​រក្សា​ទុក​នៅ​​ក្នុង​បណ្ណាល័យ​នៃ​សាលារៀន​របស់​អារីស្តូត ដែលត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បណ្ណាល័យ​ដ៏ធំ​ជាងគេ​បង្អស់​នៅលើ​ពិភពលោក នៅ​ក្នុង​សម័យកាល​នោះ។ នៅ​ក្នុង​ចំណោម​ស្នាដៃ​របស់​អារីស្តូត​ទាំង ២០០​នេះ មាន​តែ​ប្រមាណ​ជា ៣១​ប៉ុណ្ណោះ ដែល​សេសសល់​មក​ទល់​នឹង​សម័យកាល​បច្ចុប្បន្ន ហើយ​ក្នុង​ចំណោម​នោះ ​ភាគច្រើនលើសលុប គឺ​ជា​កំណត់ត្រា​ផ្ទាល់​ខ្លួន ដែល​អារីស្តូត​តាក់តែងឡើង​ សម្រាប់​ការ​បង្រៀន​​នៅ​សាលា ជាជាង​ជា​សៀវភៅ ឬ​ឯកសារ សម្រាប់​ផ្សព្វផ្សាយ​ជា​សាធារណៈ។

អារីស្តូត​​​បាន​ធ្វើការ​បែងចែក​ចំណេះដឹង​ទៅតាម​ផ្នែក​ផ្សេងៗ​គ្នា រួមមាន ចំណេះដឹង​ខាង​ផ្នែក​សីលធម៌, នយោបាយ, គណិតវិទ្យា, ជីវវិទ្យា ។ល។ និង​។ល។ ហើយទ្រឹស្តី​របស់​អារីស្តូត​​ក៏​មាន​លក្ខណៈទូលំទូលាយ​​គ្របដណ្តប់​ទៅលើ​ស្ទើរតែ​គ្រប់ផ្នែក​ផងដែរ ចាប់តាំង​ពី​ទស្សនវិជ្ជា​នយោបាយ សីលធម៌ សិល្បៈ​និង​កំណាព្យ រហូតដល់​ខាង​ផ្នែកវេជ្ជសាស្រ្ត ជីវវិទ្យា តក្កវិទ្យា និង​វិទ្យាសាស្រ្ត​ទូទៅ គឺ​គណិតវិទ្យា និង​រូបវិទ្យា។

ទាក់ទង​នឹង​ទស្សនវិជ្ជា​នយោបាយ គេ​អាច​រកឃើញ​នូវ​គោលគំនិត​សំខាន់ៗ​របស់​អារីស្តូត នៅ​ក្នុង​សៀវភៅ ដែល​មាន​ចំណងជើង​​ថា “នយោបាយ” (ឬ​ជា​ភាសាបារាំង La Politique)​។ ជាទូទៅ គេ​សង្កេតឃើញ​​មាន​សម្តី​មួយឃ្លា​របស់​អារីស្តូត ដែល​មាន​នៅ​ក្នុង​សៀវភៅ​នេះ ហើយ​ដែល​​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ញឹកញាប់​ជាងគេ​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​ គឺ​ឃ្លា​ជា​ភាសាបារាំងថា « L’homme est un animal politique » ដែល​មានន័យ​​ជារួម​ថា ធម្មជាតិ​របស់​មនុស្ស​គឺ​​ត្រូវ​ផ្សាភ្ជាប់​ដោយ​មិន​អាច​កាត់ផ្តាច់បាន​ពី​​​នយោបាយ ហើយ​ “នយោបាយ” ​នៅ​ត្រង់កន្លែងនេះ គឺ​សម្តៅលើ​​នយោបាយ​ក្នុង​ន័យ​ទូលាយ ពោលគឺ សំដៅទៅលើ​ជីវិត​ជា​សហគមន៍​ឬ​រដ្ឋ។

យោងតាម​អារីស្តូត មនុស្ស​មិន​អាច​រស់នៅតែ​ម្នាក់ឯង​បាន​នោះទេ។ ផ្ទុយទៅវិញ មនុស្ស​គ្រប់រូប​សុទ្ធតែ​ត្រូវការ​គ្នា​ទៅវិញទៅមក ហើយ​​មនុស្ស​​ចាំបាច់​ត្រូវតែ​រស់នៅ​ក្នុង​​ទម្រង់​ជា​សមូហភាព ឬ​សហគមន៍ ហើយ​​ទម្រង់ដើម​បំផុត​នៃ​​សហគមន៍នេះ គឺ​គ្រួសារ។ គ្រួសារ​ប្រមូលផ្តុំគ្នា​បង្កើត​ទៅ​ជា​ភូមិ ហើយ​ភូមិ​ប្រមូលផ្តុំគ្នា​បង្កើត​ទៅជា​បុរី ឬ​រដ្ឋ។

សម្រាប់​អារីស្តូត ការប្រមូលផ្តុំគ្នា​របស់​មនុស្សក្នុងទម្រង់​ជា​គ្រួសារ​មាន​លក្ខណៈ​ជា​ធម្មជាតិ​យ៉ាងណា ការប្រមូលផ្តុំគ្នា​​របស់​មនុស្ស​ក្នុង​ទម្រង់​ជា​បុរី ឬ​រដ្ឋ ក៏​មាន​លក្ខណៈ​ធម្មជាតិ​យ៉ាងនោះដែរ។ ដូច្នេះ និយាយ​ជា​រួមមកវិញ ការរៀបចំ​​រចនាសម្ព័ន្ធ​ជារដ្ឋ ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​នយោបាយ, មាន​​ច្បាប់, មាន​រដ្ឋាភិបាល និង​មាន​មេដឹកនាំ គឺ​ជា​ធម្មជាតិ​របស់​មនុស្ស។

ដោយសារ​តែ​មនុស្ស​មាន​ធម្មជាតិ​ផ្សាភ្ជាប់​ដោយ​មិន​អាច​កាត់ផ្តាច់​បាន​ពី​នយោបាយ ដូច្នេះ​អារីស្តូត​យល់ឃើញ​ថា វិទ្យាសាស្រ្តនយោបាយ គឺ​ជា​ចំណេះដឹង​​ដ៏សំខាន់​ជាងគេ​បង្អស់ ដែល​ប្រជាជន​គ្រប់រូប​ត្រូវតែ​រៀន។

ទាក់ទង​នឹង​របៀបគ្រប់គ្រងរដ្ឋវិញ អារីស្តូត​ ក៏​មិនខុសពី​សូក្រាត និង​ផ្លាតុង​ដែរ សុទ្ធតែ​មាន​គោលគំនិត​ប្រឆាំង​នឹង​​របប​​​ប្រជាធិបតេយ្យ គឺ​ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់​តាមបែប​អាថែន នៅ​ក្នុង​សម័យនោះ។ ទស្សនវិទូ​សំខាន់ៗ​ទាំងបី​រូបនេះ​​សុទ្ធតែ​មាន​ការ​យល់ឃើញ​ដូចគ្នា​ថា របបប្រជាធិបតេយ្យ​ដោយ​ផ្ទាល់ ដែល​ពលរដ្ឋ​គ្រប់រូប​មាន​អំណាច​ដោយ​ផ្ទាល់​នៅ​ក្នុង​សភា​​បែបនោះ វា​បង្កើត​ឲ្យ​ទៅ​ជា​អនាធិបតេយ្យ​ទៅវិញ។

អារីស្តូត​មាន​ការយល់ឃើញ​ដូចផ្លាតុង​ថា របបនយោបាយ​ដ៏ប្រសើរជាងគេបង្អស់ គឺ​របបនយោបាយ ដែល​អំណាច​ទាំងអស់​ប្រមូលផ្តុំ​នៅ​ក្នុង​ដៃ​មនុស្សតែម្នាក់ ហើយ​មេដឹកនាំនេះ គឺ​ជា​ទស្សនវិទូ ដែល​នៅ​ក្នុង​​សៀវភៅ​ "ស្តី​ពី​ការ​គ្រប់គ្រងរដ្ឋ" (La République) ផ្លាតុង​បាន​​​ហៅថា “ស្តេច-ទស្សនវិទូ”។ ​បើ​និយាយ​ឲ្យ​ងាយ​ស្តាប់ គេ​អាច​ហៅ​របបដឹកនាំបែបនេះ​​បាន​ម្យ៉ាងទៀត​ថា ជា​របបរាជានិយម ដែល​មាន​ស្តេច​ប្រកប​ដោយ​ទសពិធរាជធម៌។

ក៏ប៉ុន្តែ ខុសពី​ផ្លាតុង អារីស្តូត​យល់ឃើញ​ថា របបនយោបាយ​បែបនេះ គឺ​មានតែ​នៅលើ​ក្រដាស ឬ​មាន​តែ​នៅ​ក្នុងការ​ស្រមើស្រមៃ​តែប៉ុណ្ណោះ។ រីឯ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែងវិញ គេ​កម្រ​នឹង​រកបាន​ណាស់ “ស្តេច-ទស្សនវិទូ” ដោយ​ទស្សនវិទូ​មិន​បាន​ឡើង​ធ្វើ​ស្តេច រីឯ​អ្ន​ក​បាន​ធ្វើ​ស្តេច​មិនមែន​ជា​ទស្សនវិទូ។

ជាងនេះ​ទៅទៀត អារីស្តូត​យល់ឃើញ​ថា របបនយោបាយ​​តាមបែប “ស្តេច-ទស្សនវិទូ”​ របស់​ផ្លាតុង​នេះ គឺ​ជា​របបនយោបាយ​មួយ ដែល​មាន​ហានិភ័យខ្ពស់ ពីព្រោះ​ថា នៅពេលដែល​អំណាច​ត្រូវ​ប្រមូលផ្តុំ​នៅ​ក្នុងដៃ​​បុគ្គលតែម្នាក់ ហើយ​បុគ្គល​នោះ​មិនមែន​ជា​អ្នក​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត វា​ងាយ​នឹង​ត្រូវ​ប្រែក្លាយ​ទៅជា​របបផ្តាច់ការ​ឃោរឃៅ ដែល​មេដឹកនាំ​យក​អំណាច​ទៅ​ប្រើប្រាស់ ដើម្បីតែ​ប្រយោជន៍ផ្ទាល់ខ្លួន ហើយ​ជិះជាន់​អ្នក​ទន់ខ្សោយ។ នៅ​ពេលនោះ របបនយោបាយ “ស្តេច-ទស្សនវិទូ” ដែល​ជា​របបដឹកនាំ​ដ៏ល្អបំផុតនោះ ត្រូវ​ប្រែក្លាយ​ទៅជា​របបផ្តាច់ការឃោរឃៅ ដែល​ជា​របបដឹកនាំ​ដ៏​អាក្រក់​បំផុតទៅវិញ។

ហេតុដូច្នេះហើយ​បាន​ជា​អារីស្តូត​យល់ថា រវាង​របបនយោបាយ​មួយដែល​ពោរពេញ​ដោយ​ភាព​អនាធិបតេយ្យ (ប្រជាធិបតេយ្យ​ដោយ​ផ្ទាល់) និង​របបនយោបាយ​មួយ​ទៀត​​ដែល​ល្អ​ឥតខ្ចោះ​តែ​មិន​អាច​យក​ទៅ​អនុវត្ត​ជាក់ស្តែង ("ស្តេច-ទស្សនវិទូ") គេ​អាច​មាន​ជម្រើសកណ្តាល​មួយ គឺ​ការដឹកនាំ​​ដោយ​មនុស្ស​មួយក្រុមតូច ដោយ​មនុស្ស​មួយក្រុម​តូចនេះ​​ទទួល​​បាន​នូវ​ការ​ព្រមព្រៀង និង​ការ​ប្រគល់​សិទ្ធិ​អំណាច​ពី​ប្រជាជន​ទូទៅ ហើយ​អ្វីៗ​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅ​ក្នុងក្របខណ្ឌ​នៃ​ច្បាប់​កំពូល​មួយ ដែល​មាន​ចែងកំណត់​ទាំងអំពី​សិទ្ធិអំណាច និង​ការ​ទទួលខុសត្រូវ​របស់​មេដឹកនាំ និង​ទាំង​អំពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ។

គោលគំនិត​នេះ​គឺ​ជា​ចំណុច​ចាប់ផ្តើម​មួយ ដែល​ក្រោយ​មក​បាន​វិវឌ្ឍ​ទៅជា​របបប្រជាធិបតេយ្យ​តាមរយៈតំណាង ដូចដែល​គេ​យក​មក​អនុវត្ត​ជាទូទៅ នៅ​ក្នុង​សម័យកាល​បច្ចុប្បន្ន ដោយ​ “ច្បាប់កំពូល” ដែល​អារីស្តូត​បាន​លើកឡើង គឺ​ជា “រដ្ឋធម្មនុញ្ញ”។

និយាយ​ជារួមមកវិញ រវាង​ផ្លាតុង និង​អារីស្តូត មួយ​ជាគ្រូ មួយ​ជា​សិស្ស ក៏ប៉ុន្តែ ទស្សនវិទូ​ទាំងពីរ​នេះ​មាន​គោលគំនិត​ខុសគ្នា​ច្រើន ហើយ​មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេ​តែងតែ​ធ្វើការ​បែងចែក​ទស្សនវិជ្ជា​របស់​អ្នក​ទាំងពីរ នៅ​ក្នុង​មែកធាង​ពីរ​ផ្សេងគ្នា។ ទស្សនវិជ្ជា​របស់​ផ្លាតុង ជាទស្សនវិជ្ជា​បែប​​ឧត្តមគតិនិយម (Idéaliste/Utopiste) គឺ​សំដៅចង់​បាន​អ្វីៗ​ដែល​ល្អឥតខ្ចោះ​តែ​ពិបាក ឬ​មិន​អាច​សម្រេចបាន​នៅ​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង។ ចំណែក​ទស្សនវិជ្ជា​របស់​អារីស្តូត ជា​ទស្សនវិជ្ជា​បែប​​ប្រាកដនិយម (Réaliste) គឺ​​ផ្តោត​លើ​អ្វី​ដែល​គេ​អាច​ធ្វើ​បាន​ប្រកប​ដោយ​ប្រសិទ្ធភាពជាក់ស្តែង ជាជាង​ភាព​ល្អឥតខ្ចោះ​​ដែល​មានត្រឹមតែ​ក្នុង​ការ​ស្រមើសម្រៃ។

ទស្សនវិជ្ជា​របស់​ផ្លាតុង និង​អារីស្តូត ថ្វីដ្បិត​តែ​​ស្ថិត​នៅ​ក្នុង​មែកធាង​ខុសគ្នា​បែបនេះ​ក៏ដោយ ក៏ប៉ុន្តែ សុទ្ធតែ​មាន​ឥទ្ធិពល​ខាង​ទស្សនវិជ្ជា​នយោបាយ​​ខ្លាំង​ដូចគ្នា​ ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។ ចំណុច​ពិសេស​របស់​អារីស្តូត ​ដែល​ធ្វើ​ឲ្យ​អារីស្តូត​មាន​ឥទ្ធិពល​ខ្លាំងជាង យូរអង្វែងជាង និង​ទូលំទូលាយ​ជាង​ផ្លាតុង គឺ​ដោយសារ​តែ​អារីស្តូត​បាន​បង្កើត​នូវ​គោលគំនិត​សំខាន់ៗ​នៅ​ក្នុង​វិស័យ​មួយ​ទៀត គឺ​វិទ្យាសាស្រ្ត ឬ​ទស្សនវិជ្ជា​នៃ​ធម្មជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI