អានតួអត្ថបទ
ប្រវត្តិសាស្រ្ត​ពិភពលោក

ដំណើររឿង​នៃ​ភាព​ជា​សត្រូវ​រវាង​អាមេរិក​និង​ប៊ិនឡាដិន

សំឡេង ០៨:៣៧
អូសាម៉ា ប៊ិនឡាដិន នៅ​ពេល​ថ្លែង​ទៅកាន់​អ្នក​កាសែត នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ​១៩៩៨
អូសាម៉ា ប៊ិនឡាដិន នៅ​ពេល​ថ្លែង​ទៅកាន់​អ្នក​កាសែត នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ​១៩៩៨ REUTERS/Stringer
ដោយ៖ សេង ឌីណា

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ​ សេង ឌីណា សូម​លើកឡើង អំពី​ដំណើរដើម​រឿង ដែល​នាំ​ឲ្យ​ក្រុម​អាល់កៃដា​របស់​អូសាម៉ា ប៊ិនឡាដិន យក​សហរដ្ឋ​អាមេរិក​ធ្វើ​ជា​សត្រូវ​។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​អំឡុង​សង្រ្គាម​អាហ្វហ្កានីស្ថាន (១៩៧៩-១៩៨៩) ក្រុម​របស់​អូសាម៉ា ប៊ិនឡាដិន ដែល​នៅពេលនោះ​ស្ថិត​នៅ​ជា​ផ្នែក​មួយ នៃ​កងឧទ្ទាម​មូចាហ៊ីឌីន បាន​ទទួល​នូវ​ការ​ជួយជ្រោមជ្រែង​យ៉ាងពេញ​ទំហឹង​ ពី​សំណាក់​សហរដ្ឋ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​ចារកិច្ច​សេអ៊ីអា។ អាវុធ​ទំនើបៗ​ជាច្រើន ជាពិសេស មីស៊ីល​​លីលើ​ស្មា​បាញ់​យន្តហោះ​ (ដែល​មាន​ឈ្មោះ​ថា Stinger) ត្រូវ​បាន​អាមេរិក​ផ្តល់​ទៅ​ឲ្យ​ក្រុម​មូចាហ៊ីឌីន ដើម្បីយក​ទៅ​​ប្រយុទ្ធ​តទល់​នឹង​កងទ័ព​សូវៀត។

ដោយសារ​តែ​មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​បែបនេះ​ហើយ ទើប​ក្រុម​ឧទ្ទាម​មូចាហ៊ីឌីន​អាច​តទល់​ជាមួយ​នឹង​កងទ័ព​ដ៏ខ្លាំង​របស់​សូវៀត​បាន។ អូសាម៉ា ប៊ិនឡាដិន ដែល​មាន​ឈ្មោះ​បោះសំឡេង​ក្នុងការ​​យក​ឈ្នះ​កងទ័ព​សូវៀត ក៏ដោយសារតែ​បាន​ទទួល​ជំនួយ​ជាគ្រឿងសព្វាវុធ​ពី​សេអ៊ីអា​នេះ​ដែរ។

នៅ​ក្រោយ​ពេល​ដែល​សូវៀត​ដកកងទ័ព​ចេញ​ពី​អាហ្វហ្កានីស្ថាន នៅ​ឆ្នាំ​១៩៨៩ ប៊ិនឡាដិន​បាន​វិលត្រឡប់​ទៅ​​អារ៉ាប៊ីសាអ៊ូឌីត​ដែល​ជា​ប្រទេស​កំណើតវិញ ដើម្បី​ប្រមែរប្រមូល​លុយកាក់ និង​អ្ន​កគាំទ្រ សម្រាប់​បំពេញ​បេសកកម្ម​ថ្មី​ស្របទៅតាម​មនោគមន៍​វិជ្ជា​អ៊ីស្លាម​ជ្រុលនិយម​របស់​ខ្លួន គឺ​ធ្វើ​សង្រ្គាម​ជីហាត​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​អ្នក​មិនកាន់សាសនា​អ៊ីស្លាម។

នៅ​ឆ្នាំ​១៩៩០ សាដាមហ៊ូសេន​បាន​លើកទ័ព​ចូល​ឈ្លានពាន​ប្រទេស​កូវ៉ែត ហើយ​គំរាមកំហែង​លើ​អារ៉ាប៊ីសាអ៊ូឌីត ដែល​នៅ​ក្បែរខាង។ នៅ​ពេលនោះ ប៊ិនឡាដិន​បាន​​ជួប​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ស្នើសុំ​យក​កម្លាំង​ស្ម័គ្រចិត្ត​អារ៉ាប់​​ឲ្យ​ចូល​មក​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ត្រៀមទុក​ការពារ​​ទល់​នឹង​ការ​ឈ្លានពាន​របស់​សាដាមហ៊ូសេន។ ក៏ប៉ុន្តែ នៅ​ពេលនោះ រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត​បាន​បដិសេធ​សំណើ​របស់​ប៊ិនឡាដិន ហើយសុខចិត្ត​ទទួល​កិច្ចការពារ​ពី​សំណាក់​កងទ័ព​អាមេរិក​ទៅវិញ។ រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​បាន​បើកទ្វារ​ទទួល​ឲ្យ​កងទ័ព​អាមេរិក​ចូល​មក​បោះទីតាំង​នៅ​ក្នុង​ទឹកដី​របស់​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ហេតុធ្វើ​ឲ្យ​ប៊ិនឡាដិន​ផ្ទុះកំហឹង ហើយ​បាន​ចេញមុខ​រិះគន់​ជាសាធារណៈ​ទៅលើ​​ព្រះមហាក្សត្រ និង​ក្រុមគ្រួសារ​រាជវង្ស​អារ៉ាប៊ីសាអ៊ូឌីត​ថា បាន​បើក​ដៃ​ឲ្យ​ពួក​អ្នក​មិនជឿអ៊ីស្លាម​ចូល​មក​កាន់កាប់​ទឹកដី​​ ដែល​មានទីតាំង​ដ៏ជាទីសក្ការៈ​បំផុត​​របស់​អ៊ីស្លាម​រហូត​ដល់​ទៅ​ពីរកន្លែង គឺ​ម៉ិកកា និង​មេឌីណា។
 

ការធ្វើ​សកម្មភាព​បរិហាររិះគន់​រដ្ឋាភិបាល​បែបនេះ បាន​ធ្វើ​ឲ្យ​អូសាម៉ា ប៊ិនឡាដិន ត្រូវ​ក្លាយ​ជា​សត្រូវ​របស់​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត ហើយ​នៅ​ឆ្នាំ​១៩៩២ ដោយ​ប្រឈមមុខ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​រដ្ឋាភិបាល អូសាម៉ា ប៊ិនឡាដិន ក៏​និរទេសខ្លួន​​ទៅ​រស់​នៅ​ក្នុង​ ប្រទេស​ស៊ូដង់ ដោយនាំទៅជាមួយ​នូវ​កំហឹង និង​គំនុំ ទាំង​ចំពោះ​មេដឹកនាំ​អារ៉ាប៊ីសាអ៊ូឌីត និង​ចំពោះ​សហរដ្ឋ​អាមេរិក។

នៅ​ស៊ូដង់ អូសាម៉ា ប៊ិនឡាដិន បាន​ផ្តល់​លុយ​ដល់​មេដឹកនាំ​ផ្តាច់ការ អូម៉ា អាល់បាស្ហៀរ ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ធ្វើ​ប្រជាភិថុត​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន។ ជាថ្នូរមកវិញ រដ្ឋាភិបាល​ស៊ូដង់​ផ្តល់​ទីជម្រក ការការពារ ព្រមទាំង​អនុញ្ញាត​ឲ្យ​ប៊ិនឡាដិន​បង្កើត​មូលដ្ឋាន​អាល់កៃដា​នៅ​ក្នុង​ទីក្រុង​ខាទុំ និងបង្កើត​ជំរំហ្វឹកហ្វឺន​​ក្រុមជីហាត នៅ​ក្នុង​តំបន់​វាលខ្សាច់​របស់​ស៊ូដង់។

ចេញ​ពី​ប្រទេស​ស៊ូដង់​នេះ​ហើយ ដែល​ប៊ិនឡាដិន​បាន​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​ជាច្រើន​ប្រឆាំង​នឹង​ផលប្រយោជន៍​របស់​អាមេរិក និង​លោកខាងលិច។ ការវាយប្រហារ​ភេរវកម្ម​លើកដំបូងបង្អស់​របស់​អាល់កៃដា​បាន​កើតមានឡើង នៅ​ចុងឆ្នាំ​១៩៩២ ដោយសំដៅ​ទៅលើ​ទាហាន​អាមេរិក នៅ​ឯ​សណ្ឋាគារ​ពីកន្លែង ក្នុង​ទីក្រុង​អាដែន ប្រទេស​យេម៉ែន។

ការវាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់មក​ទៀត គឺ​រួមមាន ការ​វាយប្រហារ​ដោយ​បំផ្ទុះគ្រាប់បែក​នៅ​ចំណត​រថយន្តក្រោម​ដី នៅ​ឯ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ពិភពលោក (World Trade Center) នៅ​ទីក្រុង​ញូវយ៉ក (​ឆ្នាំ​១៩៩៣), ការ​វាយប្រហារ​ទៅលើ​ជំរំហ្វឹកហ្វឺន​របស់​កងទ័ព​អាមេរិក​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត (ឆ្នាំ​១៩៩៥), ​ការប៉ុនប៉ង​ធ្វើ​ឃាត​​លោក​ហ៊ូស្នី មូបារ៉ាក់ ប្រធានាធិបតី​អេហ្ស៊ីប​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ (​ឆ្នាំ​១៩៩៥) និង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​ប៊ីលគ្លីនតុន នៅ​ពេលដែល​លោក​កំពុងបំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ហ្វីលីពីន (ឆ្នាំ១៩៩៦)។

នៅ​ឆ្នាំ​១៩៩៦ ដោយទទួលរងសម្ពាធ​កាន់តែ​ខ្លាំង​​ពី​សំណាក់​សហរដ្ឋ​អាមេរិក អារ៉ាប៊ីសាអ៊ូឌីត និង​អេហ្ស៊ីប, លោក​អូម៉ា អាល់បាស្ហៀរ ក៏​បាន​សម្រេច​ឈប់​ផ្តល់​ជម្រក​ឲ្យ​អូសាម៉ា ប៊ិនឡាដិន។ ប៊ិនឡាដិន​បាន​ចាកចេញ​ពី​ស៊ូដង់ នៅខែឧសភា​ឆ្នាំ​១៩៩៦ វិលត្រឡប់​ទៅកាន់​ប្រទេស​អាហ្វហ្កានីស្ថាន ទីដែល​ធ្លាប់​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​កងទ័ព​សូវៀត។

នៅ​អាហ្វហ្កានីស្ថាន អូសាម៉ា ប៊ិនឡាដិន បាន​បង្កើត​មូលដ្ឋាន នៅ​ក្នុង​ទីក្រុង​ចាឡាឡាបាត ហើយ​បាន​ចាប់ដៃ​ធ្វើការ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​តាលីបង់ ដែល​បាន​វាយលុក​ចូលកាន់កាប់​ក្រុង​កាប៊ុល ហើយ​ឡើង​មក​កាន់​អំណាច​​​​នៅ​អាហ្វហ្កានីស្ថាន នៅ​ក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ​១៩៩៦។

នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៩៨​ ប៊ិនឡាដិន និង​អាល់ហ្សាវ៉ាហ៊ីរី បាន​ចុះហត្ថលេខា​រួមគ្នា លើ​សេចក្តីប្រកាស​ធ្វើ​សង្រ្គាម​ជីហាត​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត ដោយបញ្ជាក់​ក្នុង​សេចក្តីប្រកាស​នេះ​ថា អ្នក​កាន់​សាសនា​អ៊ីស្លាម​គ្រប់រូប​មាន​ករណីយកិច្ច​ផ្ទាល់​ខ្លួន ក្នុងការ​សម្លាប់​ពលរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត ដើម្បី​រំដោះ​ទីសក្ការៈ​របស់​​អ៊ីស្លាម​ចេញ​ពី​ក្រញ៉ាំ​ដៃ​របស់​ពួកអ្នក​មិនជឿ។

៨ខែ​ក្រោយ​មក នៅថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​១៩៩៨ អាល់កៃដា​ក៏​បាន​វាយប្រហារ​ទៅលើ​ស្ថានទូត​អាមេរិក​ចំនួន​ពីរ​នៅ​អាហ្វ្រិក គឺ​នៅ​តង់សានី និង​នៅ​កេនយ៉ា។ ការ​វាយប្រហារ​ទាំងពីរ​កន្លែង​នេះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន ២២៤នាក់​ ក្នុងនោះ​រួមមាន​ពលរដ្ឋ​អាមេរិក​ចំនួន ១២នាក់ត្រូវ​បាត់បង់​ជីវិត។ ចាប់ពីពេលនោះ​ហើយ ដែល​សាធារណជន​នៅ​សហរដ្ឋ​អាមេរិក ចាប់ផ្តើម​ស្គាល់ អូសាម៉ា ប៊ិនឡាដិន និង​អៃម៉ាន់ អាល់ហ្សាវ៉ាហ៊ីរី ព្រមទាំង​ក្រុម​អាល់កៃដា។ ​អូសាម៉ា ប៊ិនឡាដិន ត្រូវ​បាន​ទីភ្នាក់ងារ FBI ​ចាត់បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​នៃ​ជន​ដែល​គេ​ត្រូវ​តាមរក​ចាប់ខ្លួន​ជាអាទិភាព​បំផុត។

បន្ថែម​ពីលើ​នេះ​ទៅទៀត នៅថ្ងៃ​ទី២០​សីហា ក្រោម​បញ្ជា​របស់​លោក​ប្រធានាធិបតី​ប៊ីលគ្លីនតុន កងទ័ព​អាមេរិក​បាន​ធ្វើការ​វាយប្រហារ​ដោយ​ប្រើ​មីស៊ីល ទៅលើ​ទីតាំង​ជាច្រើន​កន្លែង ដែល​គេ​សង្ស័យ​ថា​ជា​​ជំរំហ្វឹកហ្វឺន​របស់​អាល់កៃដា នៅ​ក្នុង​ប្រទេស​ស៊ូដង់ និង​អាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ ការ​វាយប្រហារ​អស់ទាំង​នេះ​មិន​បាន​ធ្វើ​ឲ្យ​ក្រុម​អាល់កៃដា​ធ្លាក់​ចុះទន់ខ្សោយ​នោះទេ។

នៅថ្ងៃ​ទី១២ ខែ​តុលា ឆ្នាំ​២០០០ អាល់កៃដា​បាន​ធ្វើការ​វាយប្រហារ​អត្តឃាត​ទៅលើ​នាវាចម្បាំង​អាមេរិក ឈ្មោះ USS Cole ដែល​កំពុង​ឈរជើង​នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​កាលណោះ បាន​បណ្តាល​ឲ្យ​ទាហាន​អាមេរិក​ចំនួន ១៧នាក់​ត្រូវ​បាត់បង់​ជីវិត។ មួយឆ្នាំ​ក្រោយ​មកទៀត គឺ​នៅ​ចំកណ្តាល​ទឹកដី​របស់​អាមេរិក​ដោយ​ផ្ទាល់ ដែល​ត្រូវ​ទទួល​រងការ​វាយប្រហារ​ដោយ​ក្រុម​អាល់កៃដា គឺ​ការវាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ញូវយ៉ក និង​រដ្ឋធានី​វ៉ាស៊ីងតោន នៅថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០០១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ