ព្យុះហាតូ

ក្រោយ​ឆ្លងកាត់​​ហុងកុង​ ព្យុះ​សង្ឃរា​ហាតូ​​បោកបក់​​ដែនដី​​កាស៊ីណូ​​ម៉ាកាវ​ ស្លាប់​​​៣នាក់​​​​

ព្យុះហាតូ​បោកបក់​​​ឆ្នេរ​នៅ​ហុងកុង​ ​​
ព្យុះហាតូ​បោកបក់​​​ឆ្នេរ​នៅ​ហុងកុង​ ​​ Reuters
ដោយ៖ ព្រំ សឿន សូលីណា
១១ នាទី

ព្យុះសង្ឃរា​ហាតូ​បាន​​ធ្វើដំណើរ​ចេញ​ពី​ហុងកុង បន្ត​ទៅ​បោកបក់​នៅ​ម៉ាកាវ ធ្វើអោយ​បុរស​៣នាក់​ស្លាប់បាត់បង់ជីវិត។ មនុស្ស​២នាក់​បាន​បាត់ខ្លួន។ ​អគ្គិសនីច្រើនកន្លែង​​​​ត្រូវ​កាត់ផ្តាច់។ ​ការហោះហើរ​យន្តហោះ​ជាង​៥០ជើងត្រូវបាន​លុបចោល។ នៅហុងកុង​វិញ ​ព្យុះហាតូ​បានធ្វើអោយ​មាន​មនុស្ស​របួស​៨៤នាក់។ ហុងកុងបាន​បិទទ្វារ​​ផ្សារ​ភាគហ៊ុន និងបាន​​​​​​​​ប្រកាសសញ្ញា​អាសន្ន​នៃ​ព្យុះ​ហាតូ ក្នុង​កម្រិត​អតិបរមា។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​បោកបក់​នៅ​ហុងកុង ​ព្យុះសង្ឃរា​ហាតូ បាន​វាយប្រហារ​ដែនដី​កាស៊ីណូ​ម៉ាកាវ កាត់ផ្តាច់​អគ្គិសនី​តាមទីកន្លែង​ជាច្រើន។ សារព័ត៌មាន​បានចុះផ្សាយ​រូបភាព​បង្ហាញ រថយន្ត​ច្រើនគ្រឿង​លិច​ក្នុង​ទឹក ហើយ​មានមនុស្ស​កំពុង​ហែលទឹក​តាមផ្លូវ​ផងដែរ។ ដោយឡែក កន្លែង​​​កាស៊ីណូ​ជាច្រើន​​នៅ​បន្ត​​​ ​ដំណើរការ ដោយសារ​​​មានត្រៀមទុក​​​វិធានការ​អគ្គិសនី។ ក្នុងចំណោមមនុស្ស​​ស្លាប់​ដោយ​​​ព្យុះហាតូ​​នៅម៉ាកាវ ​មាន​បុរស​ម្នាក់​បានធ្លាក់​ពី​អគារជាន់ទី៤ស្លាប់។ នៅ​ហ្ស៊ូហៃ ក្បែរ​ម៉ាកាវ​វិញ ចិ​នបាន​ជម្លៀស​មនុស្ស​រាប់ពាន់នាក់ ទៅទី​សុវត្ថិភាព ដើម្បី​ការពារ​​​ពី​ព្យុះហាតូ។

នៅហុងកុង​វិញ ព្យុះហាតូ​​បាន​បោកបក់​ក្នុង​កម្លាំង​២០៧គីឡូម៉ែត្រ ក្នុង​មួយម៉ោង ធ្វើ​អោយ​មា​ន​មនុស្ស​របួស​ច្រើននាក់។ អាជ្ញាធរ​​បាន​ជម្លៀស​មនុស្ស​២៨០នាក់ ទៅ​ទីកន្លែង​សុវត្ថិភាព។ ​ផ្នែក​ឧតុនិយម​​​ហុងកុង​បាន​ប្រកាស​អាសន្ន​រហូត​កម្រិត១០ ជាកម្រិត​​អតិបរមា។ គិតតាំង​ពី​ឆ្នាំ១៩៩៧ ក្រោយ​​​អង់គ្លេស​ប្រគល់​ហុងកុង​អោយចិន​វិញ នេះ​ជា​លើកទី៣ហើយ ​​ដែល​ហុងកុង​ប្រកាស​អាសន្ន​ព្យុះ ​​​រហូត​​កម្រិត​​អតិបរមាដូច្នេះ។ គិតសរុបទៅ មាន​ជើងហោះហើរ​យន្តហោះ​ជាង​៤០០ត្រូវបាន​លុបចោល។ សេវា​ឆ្លង​សាឡាង​ត្រូវបានព្យួរ។ ​សេវា​​រថភ្លើង​ក្រុង និង​រថយន្តក្រុង​​មាន​​ដំណើរការ​តិចតួច។

ពីខែកក្កដាដល់​តុលា ហុងកុង​តែងរងការ​វាយប្រហារ​ដោយសារ​ព្យុះសង្ឃរា ប៉ុន្តែ​កម្រ​​មាន​មនុស្សស្លាប់ កម្រ​នឹងរង​ការ​​ប៉ះពាល់ផ្ទាល់ពីព្យុះ។ គេចាំថា នៅឆ្នាំ១៩៦២ ​ព្យុះ​ទីហ្វុង វ៉ាន់ដា​ Wanda បាន​បោកបក់​លើ​ហុងកុង ក្នុង​ល្បឿន​​២៨៤គីឡូម៉ែត្រ ​ក្នុង​មួយម៉ោង ធ្វើអោយ​ស្លាប់​មនុស្ស​១៣០នាក់ បំផ្លាញ​ផ្ទះសម្បែង​រាប់ពាន់ខ្នង។ ​មនុស្ស​៧ម៉ឺន២ពាន់នាក់បាត់បង់​​ជម្រក។ តាំងពី​​ពេល​នោះ​មក ហុងកុង​បានចាត់វិធានការ​​សម្រប​តាម​កម្លាំង​ព្យុះ ឧទាហរណ៍​​បាន​​រៀបចំ​អោយ​អគារ​ខ្ពស់ៗ​អាច​ទោរទន់​​តាម​កម្លាំងខ្យល់ និង​វិធានការ​បន្ទាន់​មួយចំនួន​ទៀតដែរ ដើម្បី​ចៀស​​កុំអោយ​មាន​មនុស្សស្លាប់៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI