អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បានជា​អាមេរិក​និង​ឡាវ​ពិបាក​ស្តារ​ទំនាក់ទំនង​គ្នា?

សំឡេង ០៤:១៥
លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ជួប​ជាមួយ​​លោក ថុងស៊ីង ធម្មវង់ នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃ​ចន្ទ ២៥ មករា ២០១៦
លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ជួប​ជាមួយ​​លោក ថុងស៊ីង ធម្មវង់ នាយករដ្ឋមន្រ្តីឡាវ នៅថ្ងៃ​ចន្ទ ២៥ មករា ២០១៦ Reuters
ដោយ៖ សេង ឌីណា

ដំណើរទស្សនកិច្ច​របស់​លោក​ចន ឃែរី រដ្ឋមន្រ្តី​ការបរទេស​អាមេរិក ទៅកាន់​ប្រទេស​ឡាវ កាល​ពីថ្ងៃ​ចន្ទ​ដើមសប្តាហ៍​នេះ ត្រូវ​បាន​គេ​​រាប់​ថាជា​រឿងដ៏កម្រ​មួយ​ នៅ​ក្នុង​ទំនាក់ទំនង ដែល​ភាគច្រើន​តែងតែ​ស្គាល់​នូវ​ភាពតានតឹង។ យើងដឹង​គ្រប់គ្នា​​ថា សហរដ្ឋ​អាមេរិក និង​ឡាវ ធ្លាប់​ជា​គូសត្រូវ​នឹងគ្នា នៅ​ក្នុង​អំឡុង​សង្រ្គាម​វៀតណាម។ ក៏ប៉ុន្តែ សង្រ្គាម​វៀតណាម​នេះ​បាន​បញ្ចប់​ទៅ​អស់រយៈពេល​ជាង ៤០ឆ្នាំ​មកហើយ។ តើហេតុអ្វី​បាន​ជា​​អាមេរិក និង​ឡាវ ពិបាក​ក្នុងការ​ផ្សះផ្សា​ទំនាក់ទំនងនឹងគ្នា​បែបនេះ?

ផ្សាយពាណិជ្ជកម្ម

ឡាវ​ក៏ដូចជា​ប្រទេស​កម្ពុជា​ដែរ​សុទ្ធតែ​ធ្លាប់​ផុងខ្លួន​យ៉ាងជ្រៅ​ទៅ​ក្នុងសង្រ្គាម​វៀតណាម គឺ​សង្រ្គាម​​រវាង​អាមេរិក ទល់​នឹង​ចលនា​​កុម្មុយនិស្ត​នៅវៀតណាម និង​នៅ​ក្នុង​តំបន់​ឥណ្ឌូចិន។ ក៏ប៉ុន្តែ ខុសពី​កម្ពុជា​​ ភាពជាសត្រូវ រវាង​អាមេរិក និង​ឡាវ ដែល​បន្សល់ទុក​ពី​សម័យសង្រ្គាម​វៀតណាម មានសភាព​ធ្ងន់ធ្ងរ​ខ្លាំង ហើយ​បាន​អូសបន្លាយ​ពេល​យ៉ាងយូរ​ ​​បង្ក​ជា​ឧបសគ្គ​យ៉ាងធំ ក្នុងការ​ស្តារទំនាក់ទំនង​នឹងគ្នា​ រហូតដល់​ពេល​បច្ចុប្បន្ន។

ជាផ្លូវការ អាមេរិក និង​ឡាវ បាន​ភ្ជាប់ទំនាក់ទំនង​នឹងគ្នា​​យ៉ាងពេញលេញ នៅ​ឆ្នាំ​១៩៩២ ក៏ប៉ុន្តែ នៅ​ក្នុងការ​អ​នុវត្តន៍​ជាក់ស្តែង កិច្ចសហប្រតិបត្តិការ​​ទ្វេភាគី រវាង​ប្រទេស​ទាំងពីរ​នេះ​មាន​យ៉ាងតិចតួចបំផុត ហើយ​សូម្បីតែ​ដំណើរទស្សនកិច្ច​ត្រឹមថ្នាក់​រដ្ឋមន្រ្តី​ការបរទេស ដូចដែល​លោក​ចន ឃែរី បាន​ធ្វើ​នៅ​ក្នុង​ប្រទេស​ឡាវ កាល​ពីថ្ងៃ​ចន្ទ​កន្លងទៅនេះ ក៏​ជា​រឿង​ដ៏កម្រ​បំផុត​មួយដែរ។

ហេតុផល​ធំបំផុត​ ដែល​ធ្វើ​ឲ្យ​ភាព​ជាសត្រូវ រវាង​អាមេរិក និង​ឡាវ អូសបន្លាយ​ពេល​យូរ គឺ​ដោយសារតែ​របបនយោបាយ។ ខុសពី​កម្ពុជា ដែល​បាន​ស្គាល់​នូវ​ការផ្លាស់ប្តូរ​របប​នយោបាយ​ជាច្រើន​លើក ឡាវវិញ​ស្ថិត​ក្រោមការ​ដឹកនាំ​របស់​បក្ស​កុម្មុយនិស្ត​​ជាប់រហូត ចាប់តាំង​ពី​សម័យសង្រ្គាម​វៀតណាម រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន។ និរន្តរភាព​នៃ​របបនយោបាយ ដែល​ធ្វើ​ឲ្យ​មាន​និរន្តរភាព​នៃ​ភាព​​ជា​សត្រូវ។

លើសពីនេះ​ទៅទៀត ស្លាកស្នាម​នៃ​សង្រ្គាម​នៅតែ​បន្តជះផលវិបាក​ដល់​ប្រជាជន​ឡាវ​រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន ដោយសារ​តែ​ក្នុងចំណោម​គ្រាប់បែក​ប្រមាណ​ជាង​២លាន​តោន ដែល​អាមេរិក​ទម្លាក់​ទៅលើ​ឡាវ ក្នុង​អំឡុង​សង្រ្គាម​វៀតណាម មាន​ប្រមាណ​ជា ៣០% ជាគ្រាប់មិនទាន់ផ្ទុះ ហើយ​បន្ត​បង្កគ្រោះថ្នាក់​ដល់​ប្រជាជន​ឡាវ​រហូត​ដល់​សព្វថ្ងៃ។ គេប៉ាន់ស្មាន​ថា គ្រាប់មិនទាន់ផ្ទុះ ជាពិសេស គ្រាប់បែក​ចង្កោម ដែល​សល់​ពី​សម័យ​សង្រ្គាម​វៀតណាម បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា ៥ម៉ឺននាក់ នៅ​ក្នុង​ប្រទេស​ឡាវ ហើយ​នេះ​នៅមិនទាន់​និយាយ​ដល់​មនុស្ស​រាប់ម៉ឺននាក់​ផ្សេងទៀត ដោយរាប់ទាំង​កូនក្មេងផងដែរ ដែល​ត្រូវ​របួស និង​ពិការ។

បញ្ហា​សិទ្ធិមនុស្ស គឺ​ជា​ឧបសគ្គ​ដ៏ចម្បងមួយ​ទៀត នៅ​ក្នុង​ការ​ស្តារទំនាក់ទំនង រវាង​សហរដ្ឋ​អាមេរិក និង​ឡាវ។ អាមេរិក​តែងតែ​រិះគន់​​ឡាវ អំពី​ការ​រំលោភ​សិទ្ធិមនុស្ស ជាពិសេស ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ជនជាតិភាគតិច​ម៉ុង ដែល​ធ្លាប់​ជួយ​អាមេរិក ក្នុង​សង្រ្គាម​វៀតណាម។ ចំណែក​ឯ​របបកុម្មុយនិស្ត​ឡាវវិញ តែងតែ​រិះគន់​អាមេរិក​ថា​ ព្យាយាម​លូកដៃ​ចូល​ជ្រៀតជ្រែក​​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន។

ទោះជាយ៉ាងណា គេសង្កតឃើញ​ថា ទំនាក់ទំនង រវាងអាមេរិក និង​ឡាវ បាន​ស្គាល់​នូវ​ការ​វិវឌ្ឍន៍​ដ៏សំខាន់​មួយ ចាប់តាំង​ពី​លោក​អូបាម៉ា​ឡើងកាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ គឺ​នៅ​ក្រោម​អាណត្តិ​របស់​លោក​អូបាម៉ា ដែល​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​បាន​ធ្វើ​ដំណើរទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ប្រទេស​ឡាវ ជាលើកដំបូងបង្អស់​ រាប់ចាប់តាំង​ពី​ឆ្នាំ​១៩៥៥ គឺ​ដំណើរទស្សនកិច្ច​របស់​លោកស្រី ហ៊ីឡារី គ្លីនតុន នៅ​ឆ្នាំ​២០១២។ ហើយ​​ឆ្នាំ​២០១៦​នេះ អាច​នឹង​ក្លាយ​ជា​ឆ្នាំ​ប្រវត្តិសាស្រ្ត​នៃ​ទំនាក់ទំនង​អាមេរិក-ឡាវ ជាមួយ​នឹង​ដំណើរទស្សនកិច្ច​ផ្ទួនៗ​លំដាប់កំពូល គឺ​ដំណើរទស្សនកិច្ច​របស់​​លោក​ចន ឃែរី កាល​ពីថ្ងៃ​ចន្ទ និង​ជាពិសេស ដំណើរទស្សនកិច្ច​​របស់​លោក​អូបាម៉ា ដែល​គ្រោងធ្វើ​នៅ​ចុងឆ្នាំ២០១៦នេះ។

ជាការពិត​ថា ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា​ទៅកាន់​ប្រទេសឡាវ គឺ​ដើម្បី​ទៅចូលរួម​ក្នុង​ជំនួបកំពូល​អាស៊ាន ដែល​ឡាវ​ជា​ម្ចាស់ផ្ទះ ក៏ប៉ុន្តែ មន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​បាន​បញ្ជាក់​ឲ្យដឹង​ថា ការពង្រឹងទំនាក់ទំនង​ទ្វេភាគី​អាមេរិក-ឡាវ ក៏​នឹង​ជា​របៀបវារៈ​ដ៏សំខាន់​មួយដែរ នៅ​ក្នុង​ដំណើរទស្សនកិច្ច​នេះ។

តាមការពិត នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​កាល​ពីថ្ងៃ​ចន្ទ លោក ចន ឃែរី បាន​លើកឡើង​រួចទៅហើយ អំពី​ចក្ខុវិស័យ​របស់​អាមេរិក ដែល​ចង់ពង្រឹងទំនាក់ទំនង​ទ្វេភាគី​ជាមួយឡាវ។ លោក​ឃែរី បានធ្វើការ​កត់សម្គាល់​ទៅលើ​កិច្ចសហប្រតិបត្តិការ​លើ​ចំណុច​ដ៏សំខាន់​មួយ ដែល​ធ្លាប់តែ​បំពុល​ទំនាក់ទំនង​អាមេរិក និង​ឡាវ គឺ​កិច្ចខិតខំប្រឹងប្រែង​របស់​អាមេរិក ក្នុងការ​បោសសម្អាត​គ្រាប់​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ទុក​ពី​សម័យ​សង្រ្គាម​វៀតណាម ដែល​​កញ្ចប់​ថវិកា​ជំនួយ​របស់​អាមេរិក​​ត្រូវ​បាន​បង្កើន​ពី ៥លាន ទៅ ១៥លានដុល្លារ​​នៅ​ឆ្នាំ​នេះ ហើយ​ថា លោក​អូបាម៉ា​អាច​នឹង​ប្រកាស​បង្កើន​ជំនួយនេះ​​បន្ថែម​ទៀត នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​​​នៅ​ចុងឆ្នាំ​នេះ។

កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​ក្នុងការ​ស្តារទំនាក់ទំនង​ជាមួយឡាវ​នៅ​ពេលនេះ គឺ​ជា​ផ្នែក​មួយ នៃ​នយោបាយ​ការបរទេស​របស់​លោក​អូបាម៉ា ដែល​ចង់​ផ្តោត​អាទិភាព​ខ្ពស់​ទៅលើ​តំបន់​អាស៊ី និង​ជាពិសេស គឺ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ