ភូមា-បង់ក្លាដែស ព្រមព្រៀងគ្នាបញ្ជូនជនជាតិរ៉ូហ៊ីងយ៉ាត្រលប់ទៅភូមាវិញ
រដ្ឋាភិបាលភូមា និងបង់ក្លាដែស បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារទី៣០ តុលា ដើម្បីរៀបចំបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រលប់ទៅកាន់ប្រទេសភូមាវិញ នៅក្នុងខែវិច្ឆិកាខាងមុខ។ ទោះជាយ៉ាងណាក្តី គេមើលឃើញថា កិច្ចព្រមព្រៀងនេះ សម្រេចបាន គឺបន្ទាប់ពីក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានក្រើនរឭកថា អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិច នៅតែបន្តកើតមាននៅភូមានាពេលបច្ចុប្បន្ននេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មួយឆ្នាំក្រោយពីបរាជ័យក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជនភាគតិចរ៉ូហ៊ីងយ៉ា នាពេលនេះប្រទេសក្បែរខាងពីរគឺភូមា និងបង់ក្លាដែស បានស្រុះស្រួលគ្នាសារជាថ្មីម្តងទៀត ក្នុងការបន្តយុទ្ធនាការរួមគ្នានេះ។ ទាក់ទងរឿងនេះ រដ្ឋមន្ត្រីការបរទេសបង់ក្លាដេសបាននិយាយថា គេនឹងចាប់ផ្តើមបញ្ជូនជនភាគតិចរ៉ូហ៊ីងយ៉ា ត្រលប់ទៅកាន់ប្រទេសភូមាវិញ នៅពាក់កណ្តាលខែវិច្ឆិកា។
ទន្ទឹមគ្នានេះដែរ មន្ត្រីភូមាដែលបានចូលរួមក្នុងកិច្ចចចារជាមួយបង់ក្លាដែស បានលើកឡើងថា ភាគីទាំងពីរ បានព្រមព្រៀងគ្នា និងតាំងចិត្តយ៉ាងមោះមុត ក្នុងការធ្វើមាតុភូមិនិវត្តន៍ជនជាតិរ៉ូហ៊ីងយ៉ា ឲ្យលេចចេញជារូបរាងឡើងឲ្យខាតតែបាន។ "ភូមា មានឆន្ទៈនយោបាយរឹងមាំនិងបត់បែន ហើយមានទីជម្រក សម្រាប់ទទួលជនជាតិរ៉ូហ៊ីងយ៉ា តាមកាលកំណត់"។ មន្ត្រីភូមា បញ្ជាក់បន្ថែម។
តែទោះជារដ្ឋាភិបាលភូមា បានបង្ហាញឆន្ទៈវិជ្ជមានបែបនេះក្តី គេមើលឃើញថា វាគឺ ដោយសារតែ អ.ស.ប ទើបតែបានចេញសេចក្តីព្រមានមួយស្តីអំពី អំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិចកាន់សាសនាអ៊ីស្លាម ដែលនៅតែបន្តកើតមាន នាភាគខាងជើងរដ្ឋរ៉ាឃីន នៃប្រទេសភូមា ដែលជាភូមិឋានរបស់ជនជាតិរ៉ូហ៊ីងយ៉ា។
ដោយឡែក អ.ស.ប ក៏បានលើកឡើងផងដែរថា រាល់ប្រតិបត្តិការបញ្ជូនក្រុមរ៉ូហ៊ីងយ៉ា គឺត្រូវធ្វើឡើងដោយមានការស្ម័គ្រចិត្ត ហើយត្រូវធ្វើឡើងប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខសុវត្តិភាព។
គួរឭកជូនថា ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម ចំនួនជាង ៧២០.០០០ នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស កាលពីខែសីហា ឆ្នាំ២០១៧ កន្លងទៅ។ ការរត់ភៀសខ្លួននេះ គឺដើម្បីរត់គេចពីការធ្វើទុក្ខបុកម្នេញ ការកាប់សម្លាប់ ក្រោមយុទ្ធនាការបង្ក្រាបបយ៉ាងឃោរឃៅ ពីសំណាក់ពួកយោធាភូមា ក្នុងបំណងប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលជាអ្នកកាន់សាសនាអ៊ីស្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ