អ្នកកាសែត Reuters ដាក់ពាក្យបណ្តឹងចុងក្រោយទៅតុលាការកំពូលភូមា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មេធាវីរបស់អ្នកយកព័ត៌មាន Reuters ចំនួនពីរនាក់ បានឲ្យដឹងថាកូនក្តីរបស់លោកបានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូលភូមាហើយនៅថ្ងៃសុក្រ ទី១ កុម្ភៈ ឆ្នាំ២០១៩នេះ។ លោកបន្តថា បណ្តឹងសារទុក្ខនេះ គឺជាក្តីសង្ឃឹមចុងក្រោយរបស់អ្នកកាសែតភូមាទាំងពីរនាក់ ក្នុងការប្រឆាំងតវ៉ាទៅនឹងការសម្រេចរបស់តុលាការក្រុងរ៉ង់ហ្គូន ដែលនៅគ្រាកន្លងមកបានដាក់ទោសពួកគេឲ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ពាក់ព័ន្ធនឹងការផ្សាយព័ត៌មានជុំវិញវិបត្តិរ៉ូហ៊ីងយ៉ា។
ការផ្តន្ទាទោសទៅលើអ្នកកាសែតទាំងពីរ បានបង្កជាការរិះគន់យ៉ាងខ្លាំងចំពោះរដ្ឋាភិបាលភូមា ជាពិសេសចំពោះសេរីភាពសារព័ត៌មាន នៅក្នុងប្រទេសអាស៊ីមួយនេះ។ មិនតែប៉ុណ្ណោះ សហគមន៍អន្តរជាតិថែមទាំងបានស្នើសុំឲ្យតុលាការភូមា ដោះលែងអ្នកកាសែត Reuters ទាំងពីរឲ្យបានឆាប់ទៀតផង។
តែទោះបីជា មានការតវ៉ាប្រឆាំងពីសំណាក់អ្នកកាសែតទាំងពីរ និងមានគំនាបសង្កត់ពីមជ្ឈដ្ឋានសហគមន៍អន្តរជាតិយ៉ាងណាក្តី ក៏តុលាការភូមាមិនអើពើ និងយល់ព្រមដោះលែងអ្នកកាសែតទាំងពីរឡើយ។ ហេតុដូចនេះហើយ ទើបមេធាវីការពារក្តីរបស់អ្នកទាំងពីរសម្រេចដាក់បណ្តឹងទៅកាន់តុលាការកំពូល ដែលជាក្តីសង្ឃឹមចុងក្រោយបង្អស់ក្នុងការស្វែងរកយុត្តិធម៌ ភាពស្អាតស្អំ និងសេរីភាពមកឲ្យអ្នកកាសែតទាំងពីររូបវិញ។
សូមជ្រាបថា ដំណើរការប្តឹងតវ៉ានៅតុលាការកំពូល ក្នុងប្រទេសភូមា អាចមានរយៈពេលយូររហូតដល់ប្រមាណជា ៤ ទៅ ៥ ខែឯណោះ។ ក៏ប៉ុន្តែ មានវិធីតែមួយគត់ផ្សេងទៀត ដែលអាចធ្វើឲ្យអ្នកកាសែតទាំងពីរ ចេញពីពន្ធនាគារបានលឿន នោះគឺការលើកលែងទោសពីសំណាក់មេដឹកនាំភូមា។
ទាក់ទងរឿងនេះដែរ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានទទូចឲ្យលោកស្រីអ៊ុង សានស៊ូជី ប្រើប្រាស់អានុភាពរបស់លោកស្រី ដើម្បីជួយឲ្យអ្នកការសែតភូមាទាំងពីរ ទទួលបានការលើកលែងទោស។ ក៏ប៉ុន្តែផ្លូវដើរមួយនេះ ហាក់គ្មានប្រសិទ្ធិភាពនោះទេ ពីព្រោះថាលោកស្រីអ៊ុង សានស៊ូជី ធ្លាប់បានបដិសេធយ៉ាងម៉ឺងម៉ាត់ ក្នុងការធ្វើអន្តរាគមន៏លើករណីនេះ និងថា វាជាកិច្ចការរបស់តុលាការ។
គួររំឭកជូនថា អ្នកកាសែតជនជាតិភូមាពីរនាក់ បំរើការឲ្យទីភ្ញាក់ងារសារព័ត៌មានអន្តរជាតិ Reuters ក្នុងនោះម្នាក់មានឈ្មោះថា Wa Lone មានវ័យ ៣២ឆ្នាំ ហើយម្នាក់ទៀតគឺលោក Kyaw Soe Oo ស្ថិតក្នុងវ័យ២៨ ឆ្នាំ ត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងរ៉ង់ហ្គូន កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ អ្នកទាំងពីរ ត្រូវបានតុលាការក្រុងរ៉ង់ហ្គូន សម្រេចឲ្យជាប់ពន្ធនាគារ៧ ឆ្នាំ ពីបទកាន់កាប់ឯកសារសម្ងាត់ ដែលអាចប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ