អានតួអត្ថបទ

មន្ត្រីអ៊ីស្រាអែល​និងអាមេរិក​ជួបពិភាក្សា​រឿងជំលោះ​ដណ្តើម​ប្រេងជាមួយ​លីបង់

រដ្ឋមន្ត្រីក្រសួងថាមពល​អ៊ីស្រាអែលធ្វើសេចក្តីថ្លែងការណ៍ក្នុងពិធីចុះកិច្ចសន្យាបូមប្រេងនិងឧស្ម័នទី១របស់លីបង់ ថ្ងៃទី៩ កុម្ភៈ ២០១៨
រដ្ឋមន្ត្រីក្រសួងថាមពល​អ៊ីស្រាអែលធ្វើសេចក្តីថ្លែងការណ៍ក្នុងពិធីចុះកិច្ចសន្យាបូមប្រេងនិងឧស្ម័នទី១របស់លីបង់ ថ្ងៃទី៩ កុម្ភៈ ២០១៨ REUTERS/Mohamed Azakir
ដោយ៖ លីម ស៊ីវជួង
1 នាទី

កាលពីថ្ងៃអាទិត្យ​ម្សិលមិញ រដ្ឋមន្ត្រីក្រសួងថាមពល​អ៊ីស្រាអែល​បានជួបប្រជុំគ្នាជាមួយ​មន្ត្រីជាន់ខ្ពស់អាមេរិក ក្នុងគោលបំណង​ស្វែងរកដំណោះស្រាយ​ដើម្បីបញ្ចៀសជម្លោះរឿង​ប្រេងនិងឧស្ម័នជាមួយ​ប្រទេសលីបង់ ដោយអាមេរិក​បានដើរតួជា​អ្នកសម្របសម្រួល​ក្នុងកិច្ចចរចាលើបញ្ហាជំលោះ​ដែនសមុទ្រត្រួតស៊ីគ្នា​រវាងអ៊ីស្រាអែលនិង​លីបង់។

ផ្សាយពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ពីអ្នកនាំពាក្យរបស់ក្រសួងថាមពលអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យបានអោយដឹងថា អ៊ីស្រាអែលបានជួបពិភាក្សាជាមួយអាមេរិកអំពីជម្លោះទាមទារតំបន់ប្រេងនិងឧស្ម័ននៅតាមព្រំដែនសមុទ្ររវាងអ៊ីស្រាអែលនិងលីបង់។

កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោយប្រមុខចលនាហេសបូឡាលីបង់បានលើកឡើងកាលពីថ្ងៃសុក្រទី១៦ កុម្ភៈ ថា លីបង់អាចទប់ទល់នឹងការដាក់សម្ពាធពីអាមេរិក​និងអ៊ីស្រាអែលបាន ហើយរដ្ឋាភិបាលលីបង់បានសម្រេចបដិសេធចោទនូវការស្នើឡើងរបស់អាមេរិកក្នុងការធ្វើជាអ្នកដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ។​ លីបង់យល់ឃើញថា អាមេរិកមានភាពលំអៀងទៅខាងអ៊ីស្រាអែល ហើយតែងតែការពារសិទ្ធរបស់អ៊ីស្រាអែល ព្រមទាំងធ្វើការគម្រាមកំហែងដល់អ្នកនយោបាយលីបង់។

កាលពីសប្តាហ៍មុន​ លីបង់ក៏បានចុះកិច្ចសន្យាដំបូងរបស់ខ្លូនក្នុងការជីកយកប្រេងនិងឧស្ម័ននៅបាតសមុទ្រក្នុងតំបន់ពីរ ដែលមួយក្នុងចំណោមនោះត្រូវបានអ៊ីស្រាអែលអះអាងថាស្ថិតនៅក្នុងដែនទឹករបស់ខ្លួន។ តែលីបង់ក៏បានអះអាងថា ទីតាំងនោះស្ថិតនៅក្នុងព្រំដែនសមុទ្ររបស់គេផងដែរ។

សូមបញ្ជាក់ថា ប្រទេសលីបង់ស្ថិតនៅភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ហើយសំបូរទៅដោយឧស្ម័នក្រោមសមុទ្រ ដែលត្រូវបានគេរកឃើញចាប់តាំងពីឆ្នាំ២០០៩។ ក្នុងនោះរួមមានតំបន់ប្រេងនិងឧស្ម័នមួយចំនួនដែលស្ថិតនៅព្រំដែនសមុទ្ររវាងអ៊ីស្រាអែលនិងលីបង់ ហើយតំបន់សមុទ្រដែលប្រទេសទាំងពីរបានអះអាងថាជារបស់ខ្លួននោះមានទំហំប្រមាណជាង៨០០គីឡូម៉ែតការ៉េ។

អ៊ីស្រាអែលក៏មានរ៉ែឧស្ម័នធំៗស្ថិតនៅតំបន់ឆ្នេរភាគខាងជើងរបស់ខ្លួន ហើយគេកំពុងសាងសង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធនានាដើម្បីបូមយកឧស្ម័នចេញមកផងដែរ។ ក្នុងនោះមានតំបន់ប្រេងសំខាន់ៗ២ ដែលមួយបានចាប់ផ្តើមដំណើរការអាជីរកម្មក្នុងឆ្នាំ ២០១៣ ហើយត្រូវបានប៉ាន់ប្រមាណថាអាចមានប្រេងដល់ទៅ ២៣៨ពាន់លានម៉ែត្រគុប។ ចំណែកមួយទៀត ត្រូវបានរកឃើញនៅឆ្នាំ២០១០ ហើយនឹងត្រូវចាប់ផ្តើមដំណើរការអាជីវកម្មនៅក្នុងឆ្នាំ២០១៩។ តំបន់ឧស្ម័នថាមពលនេះ ត្រូវបានគេប៉ាន់ស្មានថា អាចមានឧស្ម័នធម្មជាតិចំនួនជាង ៥០០ពាន់លានម៉ែតគុប។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ