មេដឹកនាំហុងកុងថា ក្រុមបាតុករប្រឹងយ៉ាងណាក៏គ្មានសង្ឃឹមដែរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បន្ទាប់ពីរដ្ឋាភិបាលហុងកុងបានលប់ចោល ការចរចារគ្នាជាមួយក្រុមបាតុករប្រជាធិបតេយ្យ ហ្វូងបាតុករបានធ្វើការជួបជុំគ្នាជាថ្មី ឡើងវិញដើម្បីបន្តការតវ៉ា។ លោក ឡឹង ឈុនយីង មេដឹកនាំរដ្ឋាភិបាលហុងកុង បាននិយាយថា ទោះបីជាក្រុមបាតុករប្រឹងប្រែងយ៉ាងណា ក៏ពួកគេ គ្មានសង្ឃឹមថាអាចធ្វើឲ្យក្រុងប៉េកាំង ផ្លាស់ប្តូរចិត្តបានឡើយ ហើយមួយវិញទៀត លោកនឹងមិនចុះចេញពីតំណែង ជាដាច់ខាត។
លោកឡឹង ឈុនយីង មេដឹកនាំរដ្ឋាភិបាលហុងកុងបច្ចុប្បន្ន បានក្លាយជាផ្ទាំងស៊ីប នៃការរិះគន់របស់ក្រុមបាតុករការពារលទ្ធិប្រជាធិបតេយ្យ នៅហុងកុង។ ក្រុមបាតុករ បានចោទលោកថា ជាកូនអុករបស់ប៉េកាំង ដែលធ្វើអ្វីតាមតែគណៈបក្សកុម្មុយនិស្តចិនបញ្ជា។ លើសពីនេះ មេដឹកនាំរូបនេះ មានរឿងអាស្រូវថាបានទទួលលុយជាច្រើនលានដុល្លារ ពីក្រុមហ៊ុនអូស្រ្តាលីមួយ ដើម្បីបានការអនុញ្ញាតឲ្យបើកផ្លូវរកស៊ីនៅហុងកុង។
មិនត្រឹមតែមិនបានចេញមុខមកបំភ្លឺ ទាក់ទិនទៅនឹងរឿងអាស្រូវនេះ ផ្ទុយទៅវិញ លោក ឡឹង ឈុនយីង បានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអាទិត្យនេះថា លោកនឹងមិនចុះចេញពីតំណែងជាដាច់ខាត ហើយបើទោះជាក្រុមបាតុករប្រឹងប្រែងបន្តធ្វើបាតុកម្មយ៉ាងណាក៏ដោយ ក៏ពួកគេគ្មានថ្ងៃ អាចធ្វើឲ្យក្រុងប៉េកាំង ផ្លាស់ប្តូរការសម្រេចចិត្តបានឡើយ។ លោកឡឹង បានបន្តថា បើសិនជាក្រុមបាតុករដាក់លក្ខខណ្ឌ ឲ្យមានការបោះឆ្នោតដោយសេរីនៅហុងកុង តែលក្ខខណ្ឌទាំងនោះ វាបានជាន់ឈ្លីគោលការណ៍គ្រិះរបស់ចិន នោះគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តប៉េកាំង គ្មានថ្ងៃយល់ព្រមឡើយ។
សូមរំលឹកថា អាជ្ញាធរតំណាងរដ្ឋាភិបាលហុងកុង បានលប់ចោលនូវគំរោងជួបចរចារគ្នាជាមួយក្រុមបាតុករ ដោយបានចោទប្រកាន់ថា ក្រុមបាតុករគ្មានចេតនា រំសាយការធ្វើបាតុកម្ម ព្រោះពួកគេនៅតែអំពាវនាវ ឲ្យមនុស្សម្នាមកចូលរួម។ ថ្លែងក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោកឡឹង ឈុនយីង បានបន្ថែមថា នគរបាលហុងកុង នៅមិនទាន់បានប្រើកម្លាំងដើម្បីរំសាយការតាំងទីរបស់ក្រុមបាតុករទេ។ ប៉ុន្តែនៅពេលដែលអាជ្ញាធរអស់ការអត់ធ្មត់ លោកថា អាជ្ញាធរនឹងប្រើធម៌ក្តៅ ដើម្បីបញ្ចប់បាតុកម្ម។ ទោះបីជាយ៉ាងណា ក្រុមបាតុករ ដែលភាគច្រើនជាសិស្សនិស្សិត ដែលមានគ្នាជាច្រើនពាន់នាក់ បានបន្តវិលត្រលប់ទៅទីកន្លែងតវ៉ាជាថ្មី ហើយបានប្តេជ្ញាថា ពួកគេមិនរួញរា នឹងការគំរាមកំហែងជាដាច់ខាត ហើយថា ការតវ៉ានឹងរីកកាន់តែធំឡើងៗ បើសិនអាជ្ញាធរប្រើប្រាស់កម្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ