ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​មនុស្ស​៧នាក់​សង្ស័យ​ជាប់ពាក់ព័ន្ធ​នឹង​ក្រុម​ជីហាត​រដ្ឋអ៊ីស្លាម

ជនសង្ស័យ​ម្នាក់​ដែល​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​ក្នុង​ភេរវកម្ម​នៅ​ទីក្រុង​ហ្សាការតា កាល​ពីថ្ងៃ​ទី១៤មករា ២០១៦
ជនសង្ស័យ​ម្នាក់​ដែល​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​​ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​ក្នុង​ភេរវកម្ម​នៅ​ទីក្រុង​ហ្សាការតា កាល​ពីថ្ងៃ​ទី១៤មករា ២០១៦ REUTERS/Amateur video via Reuters TV

ប៉ូលិស​ម៉ាឡេស៊ី​បាន​ឲ្យដឹង នៅថ្ងៃ​អាទិត្យ​ថា ខ្លួន​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន ៧រូប ជាប់សង្ស័យ​ថា កំពុង​រៀបចំ​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្នុង​​និង​ជុំវិញ​ប្រទេស​ម៉ាឡេស៊ី។ នៅ​ក្នុង​ចំណោម​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នេះ មាន​ម្នាក់​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​ភេរវជន​ម្នាក់ ដែល​ជាប់ពាក់ព័ន្ធ​នឹង​​ការ​វាយប្រហារ​នៅ​ទីក្រុង​ហ្សាការតា កាល​ពីសប្តាហ៍​មុន។

ផ្សាយពាណិជ្ជកម្ម

ជនសង្ស័យ​ទាំង ៧នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ប្រតិបត្តិការ​ប្រឆាំងភេរវកម្ម​ទ្រង់ទ្រាយ​ធំ ដែល​ប៉ូលិស​ម៉ាឡេស៊ី​បាន​បើក​ធ្វើ​នៅទូទាំង​ប្រទេស ចាប់តាំង​ពី​ថ្ងៃ​សុក្រ។ នេះ​បើ​យោងតាម​ការអះអាង​របស់​អគ្គស្នងការ​នគរបាលជាតិ​ម៉ាឡេស៊ី នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ចេញផ្សាយ នៅថ្ងៃ​អាទិត្យ។

នៅ​ក្នុ​ងសេចក្តីថ្លែងការណ៍​នេះ ប៉ូលិស​ម៉ាឡេស៊ី​ក៏​បាន​បញ្ជាក់​​ថា ក្រៅពី​ការ​ចាប់ខ្លួន​ជនសង្ស័យ ប៉ូលិស​ក៏​បាន​រកឃើញ​ផងដែរនូវ​​គ្រាប់កាំភ្លើង សៀវភៅ និង​វីដេអូ​ ស្តីពី​សកម្មភាព​ជីហាត ព្រមទាំង​ទង់​តំណាង​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​ ហើយ​ថា ក្នុងចំណោម​ជនសង្ស័យ​ដែល​គេ​ចាប់ខ្លួន​ទាំង ៧នាក់ មាន​ម្នាក់​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​​ភេរវជន​ឥណ្ឌូណេស៊ី ឈ្មោះ Bahrun Naim ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជាមនុស្ស​ដ៏សំខាន់​មួយរូប​នៃ​​សាខា​ក្រុមជីហាត​រដ្ឋ​អ៊ីស្លាម​​ប្រចាំតំបន់​អាស៊ី​អាគ្នេយ៍ ហើយ​ដែល​គេ​សង្ស័យ​ថា ជា​អ្នក​រៀបចំ​ការ​វាយប្រហារ​ភេរវកម្ម នៅ​ទីក្រុង​ហ្សាការតា កាល​ពីថ្ងៃ​ទី១៤​មករា។

គួរបញ្ជាក់ថា ចាប់តាំង​ពី​មាន​ភេរវកម្ម​នៅ​ទីក្រុង​ហ្សាការតា កងកម្លាំង​ប៉ូលិស​ម៉ាឡេស៊ី​ត្រូវ​បាន​ដាក់​ឲ្យស្ថិត​ក្នុង​ភាព​ប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់​បំផុត ហើយ​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន ពោលគឺ ២ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​នៅ​ហ្សាការតា ប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ម្នាក់ ដោយសង្ស័យ​ថា មាន​គម្រោង​ធ្វើការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត នៅ​ម៉ាឡេស៊ី។

ម៉ាឡេស៊ី ក៏ដូចជា​ឥណ្ឌូណេស៊ី​ដែរ គឺ​សុទ្ធសឹង​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម តែ​ជា​ជំនឿ​អ៊ីស្លាម​ដែល​មាន​លក្ខណៈ​មិនជ្រុលនិយម ព្រមទាំង​មាន​ភាព​អន់ឱន និង​យោគយល់​ចំពោះ​សាសនា​ដទៃ។ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ម៉ាឡេស៊ី​ក៏​មិន​ដែល​ទទួលរងនូវការ​វាយប្រហារ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ​ណាមួយ​នោះដែរ។ ក៏ប៉ុន្តែ បច្ចុប្បន្ន​នេះ ក្តីបារម្ភ​កំពុងតែ​កើតមាន​ឡើងខ្លាំង ដោយសារ​តែ​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​រកឃើញ​ថា មាន​ពលរដ្ឋ​ម៉ាឡេស៊ី​ជាច្រើន​បាន​នាំគ្នា​ទៅ​ចូលរួម​ក្នុងកងកម្លាំង​របស់​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ហើយ​ថា ពួក​នេះ​អាច​នឹង​វិលត្រឡប់​ចូល​មក​ធ្វើ​សកម្មភាព​ភេរវកម្ម​នៅ​ក្នុង​ប្រទេសរបស់​ខ្លួន​វិញ នៅថ្ងៃ​ណាមួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI