អាជ្ញាធរថៃកំពុងពិនិត្យបំណែកដែលសង្ស័យថាមកពីយន្តហោះម៉ាឡេស៊ី MH370
អាជ្ញាធរថៃបានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ខ្លួនកំពុងតែធ្វើការសិក្សាវិភាគទៅលើបំណែកមួយ ដែលគេរកឃើញនៅថៃ ហើយដែលគេសង្ស័យថា មកពីយន្តហោះម៉ាឡេស៊ី ជើងហោះហើរលេខ ៣៧០ ដែលបាត់ដំណឺងតាំងពីជិតពីរឆ្នាំមុន។ តាមការសង្កេតមើលពីសម្បកក្រៅ អ្នកជំនាញថៃបានធ្វើការសន្និដ្ឋានជាបឋមថាបំណែកនេះ មានសណ្ឋានជាបំណែកយន្តហោះ ក៏ប៉ុន្តែ មិនទាន់អាចដឹងច្បាស់ថាមកពីយន្តហោះណាមួយនៅឡើយនោះទេ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បំណែកលោហៈដែលមានបណ្តោយ ៣ម៉ែត្រ និងទទឹង ២ម៉ែត្រ ត្រូវបានអ្នកនេសាទរកឃើញ កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅលើឆ្នេរសមុទ្រក្នុងខេត្តណាខនស៊ីថាមរ៉ាត់ ប៉ែកខាងត្បូងប្រទេសថៃ។
មន្រ្តីអាជ្ញាធរមូលដ្ឋានមួយរូបបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ក្រុមអ្នកជំនាញខាងយន្តហោះមកពីកងទ័ពអាកាសថៃបានធ្វើការសន្និដ្ឋានជាបឋមថា បំណែកដែលមានរាងកោង និងមានខ្សែភ្លើងជាប់ជាមួយផងនេះ គឺទំនងជាមកពីផ្នែកខាងមុខយន្តហោះ ក៏ប៉ុន្តែថា គេចាំបាច់ត្រូវធ្វើការសិក្សាលម្អិតជាច្រើនទៀត ទើបអាចធ្វើសេចក្តីសន្និដ្ឋានជាផ្លូវការមួយបាន។
ទោះជាយ៉ាងនេះក៏ដោយ គិតមកត្រឹមពេលនេះ បណ្តាញសារព័ត៌មានក្នុងស្រុកថៃបាននាំគ្នាលើកឡើងថា បំណែកដែលគេរកឃើញនេះ អាចជាបំណែកមកពីយន្តហោះម៉ាឡេស៊ី ជើងហោះហើរលេខ ៣៧០។
គួររំឭកឡើងវិញថា យន្តហោះម៉ាឡេស៊ី ជើងហោះហើរលេខ ៣៧០ ដែលដឹកអ្នកដំណើរចំនួន ២៣៩នាក់ បានបាត់ដំណឹងសូន្យឈឹង ចាប់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ គឺនៅពេលកំពុងហោះហើរពីទីក្រុងគួឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង។ បំណែកស្លាបយន្តហោះ ត្រូវបានគេរកឃើញ កាលពីខែកក្កដាឆ្នាំទៅមិញ នៅលើកោះមួយរបស់បារាំង ដែលស្ថិតនៅក្នុងមហាសមុទ្រឥណ្ឌាក្បែរប្រទេសម៉ាដាហ្កាស្កា ហើយអ្នកជំនាញយន្តហោះបារាំងបានសន្និដ្ឋានថាជាបំណែកមកពីយន្តហោះម៉ាឡេស៊ីដែលបាត់។
ចាប់តាំងពីពេលនោះមក គេមិនបានរកឃើញតម្រ៉ុយអ្វីផ្សេងទៀតនោះទេ ទាក់ទងនឹងការបាត់យន្តហោះដ៏អាថ៌កំបាំងនេះ។ ទោះជាយ៉ាងណា ការរកឃើញបំណែកស្លាបយន្តហោះ កាលពីខែកក្កដាបានធ្វើឲ្យអ្នកជំនាញធ្វើការសន្និដ្ឋានថា យន្តហោះនេះគឺពិតជាបានធ្លាក់នៅក្នុងសមុទ្រពិតមែន ហើយផាត់ចេញនូវសម្មតិកម្មខ្លះ ដែលថាយន្តហោះនេះទំនងជាត្រូវបានគេចាប់ពង្វាងយកទៅចុះចតលាក់ទុកនៅកន្លែងសម្ងាត់ណាមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ